វិបត្តិនៅមីយ៉ាន់ម៉ា

រដ្ឋាភិបាលស្រមោលភូមាស្នើអន្តរជាតិផ្តល់អាវុធឲ្យក្រុមកម្លាំងតស៊ូ ដើម្បីបន្តប្រឆាំងនឹងរបបសឹក


ប្រមុខការពារជាតិនៃរដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានជំនួយអន្តរជាតិក្នុងការបំពាក់អាវុធដល់កងកម្លាំងតស៊ូរបស់ខ្លួន ដែលកំពុងប្រយុទ្ធនឹងក្រុមយោធាមីយ៉ាន់ម៉ាដែលកំពុងកាន់អំណាច ក្រោយរដ្ឋប្រហារកាលពីដើមខែកុម្ភៈឆ្នាំមុន។ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបានចាត់ទុកការស្នើសុំនេះ ស្រដៀងគ្នានឹងការគាំទ្រលក្ខណៈយោធាទៅដល់ប្រទេសអ៊ុយក្រែន ដែលកំពុងប្រយុទ្ធនឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ីដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមជីវពលភូមាមួយចំនួនតូច ដែលមានអាវុធ និងសម្លៀក​បំណាក់ត្រឹមត្រូវ រូបភាព៖ រ៉យទ័រ
ដោយ

លោក យី​មុន (Yee Mon) រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​(NUG) ឬ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រដ្ឋាភិបាល​ស្រមោល បាន​និយាយ​ប្រៀបធៀប​ប្រជាជន​អ៊ុយ​ក្រែ​ន និង​កងជីវពល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​មី​យ៉ា​ន់​ម៉ា​ថា សុទ្ធតែ​កំពុង​ប្រយុទ្ធ​ដើម្បី​សេរីភាព និង​ដើម្បី​ជីវិត​រស់រាន​របស់​ពួក​គេ​ដូច​គ្នា​។ ប៉ុន្តែ​លោក​យី មុន ទទូច​ថា បើ​ចង់​ឲ្យ​កងជីវពល​មី​យ៉ា​ន់​ម៉ា អាច​យកឈ្នះ​លើ​ទ័ព​រដ្ឋាភិបាល​លោក មីន អ៊ុ​ង​ឡាំង​ដែល​មាន​បំពាក់​នូវ​សម្ភារៈ​យោធា​គ្រប់គ្រាន់​បាន កងជីវពល​មី​យ៉ា​ន់​ម៉ា​ត្រូវការ​លើស​ពី​ការ​សំដែង​ការ​សាមគ្គី​របស់​អន្តរជាតិ​។

លោក យី មុន បាន​រៀបរាប់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​សរសេរ​ដោយ​ដៃ​មួយ​ច្បាប់ ផ្តល់​ឱ្យ Reuters យ៉ាង​ដូច្នេះ​ថា​៖ ការ​បង្ហាញ​ការ​សាមគ្គី​របស់​សហគមន៍​អន្តរជាតិ​សម្រាប់​មី​យ៉ា​ន់​ម៉ា គឺជា​ការ​គាំទ្រ​ដ៏​សំខាន់​ណាស់​សម្រាប់​យើង ហើយ​យើង​សូម​គុណ​ចំពោះ​វា​។ ប៉ុន្តែ​យើង​ត្រូវការ​ច្រើន​ជាង​នេះ ពិសេស​បើ​យើង​អាច​ទទួល​បាន​ជំនួយ​ថវិកា និង​យោធា នោះ​វា​កាន់តែ​ប្រសើរ​។

សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ថា​៖ បើ​មានការ​គាំទ្រ​មែន​នោះ នោះ​ក្រុម​កម្លាំង​តស៊ូ​ប្រឆាំង​នឹង​របប​សឹក​យី​យ៉ា​ន់​ម៉ា អាច​នឹង​អាច​បញ្ចប់​បដិវត្តន៍​លើក​នេះ​ឱ្យ​បាន​ឆាប់ ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​។ សម្ព័ន្ធមិត្ត​លោក​ខាងលិច បាន​និង​កំពុង​បំពាក់អាវុធ​ដល់​យុទ្ធ​ជន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី ដែល​ទីក្រុង​ម៉ូ​ស្គូ​ហៅ​ថា​ជា ប្រតិបត្តិការ​ពិសេស​។ ចំណែក​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ស្ថិត​ក្នុង​ភាព​ចលាចល ចាប់តាំងពី​រដ្ឋប្រហារ​កាលពីដើម​ឆ្នាំ​មុន​មក ដូច្នេះ រដ្ឋាភិបាល​ស្រមោល​មី​យ៉ា​ន់​ម៉ា រំពឹង​ថា ក្រុម​ខ្លួន​គួរតែ​ទទួល​បានការ​គាំទ្រ​ទាំង​អស់នេះ​ដែរ​។

គួរ​ជ​ម្រា​ថា បើ​តាម​ទិន្នន័យ​អង្គការសហប្រជាជាតិ មាន​មនុស្ស​ជាង ៥៦​ម៉ឺន​នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ដោយ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងជីវពល និង​ក្រុម​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​កំពុង​ក្ដាប់​អំណាច​។ ទោះ​យ៉ាងណា ក្រុមហ៊ុន​យោធា​បាន​ចាត់​ទុក​ក្រុម​តស៊ូ​ទាំងនេះ ថា​ជា​ក្រុម​ឧទ្ទាម និង​ក្រុម​ភេរវជន ហើយ​ថែម​ទាំង​បាន​សច្ចា​ថា នឹង​បោសសម្អាត​ក្រុម​នេះ​ឲ្យ​អស់​ទៀត​ផង​។

ទោះ​យ៉ាងណា កងជីវពល​ភាគច្រើន​មាន​បំពាក់អាវុធ​ធុន​ស្រាល និង​គ្រាប់បែក ដែល​កែ​ច្នៃ​ផលិត​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ដើម្បី​ប្រយុទ្ធ​ជាមួយ​យោធា​ភូមា ដែល​មាន​បំពាក់​នូវ​អាវុធ​ទំនើប​ៗ​។ អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​យោធា​ភូមា​ថា បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ និង​បាន​វាយប្រហារ​តាម​ផ្លូវអាកាស ទៅ​លើ​ប្រជាជន​ស៊ី​វិល​។

សូម​ជម្រាប​ថា ភាគី​ខាង​ក្រុម​យោធា​មី​យ៉ា​ន់​ម៉ា មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​ប្រតិកម្ម​របស់​អ្នក​យក​ព័ត៌មាន​នោះ​ទេ ខណៈ​ដែល​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​យ៉ង់​ហ្គោ​ន ក៏​មិន​បាន​ឆ្លើយ​តប​នឹង​អ្នក​យក​ព័ត៌មាន​រ៉​យ​ទ័​រដែរ​។ ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​កមួយ​រូប​បាន​និយាយ​នៅ​ក្នុង​សារ​អ៊ីមែល​ថា សហរដ្ឋអាមេរិក​បន្ត​ជំរុញ​របប​យោធា​ឱ្យ​បញ្ចប់​អំពើ​ហិង្សា និង​កំពុងធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​ស្តារ​មាគ៌ា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ ប៉ុន្តែ​មិន​បាន​ផ្តល់​អាវុធ ឬ​ទម្រង់​នៃ​ការ​គាំទ្រ​លក្ខណៈ​យោធា​ដល់​ក្រុម អង្គការ ឬ​បុគ្គល​ណាមួយ​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះ ធ្វើឲ្យក្រុមហ៊ុនធំៗនៅមានការស្ទាក់ស្ទើរក្នុងការចុះបញ្ជីនៅផ្សារភាគហ៊ុនកម្ពុជា?

ព័ត៌មាន
ក្នុងប្រតិបត្តិការ១០ឆ្នាំកន្លងមកនេះរបស់ទីផ្សារមូលបត្រកម្ពុជា បានទាក់ទាញក្រុមហ៊ុនឲ្យមកចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណ ឬបណ្ណបំណុលបានច…

ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់គ្រោងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសម៉ាឡេស៊ី

ព័ត៌មាន
ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផលិតផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុនយក្ស Apple គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះឈីប នៅក្នុងប្រទេសម៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ