ការបូមប្រេងកម្ពុជា

មន្ត្រីជំនាញពន្យល់ពីបញ្ហាដែលអាចកើតឡើង ប្រសិនបើក្រុមហ៊ុនប្រេង KrisEnergy ពិតជាត្រូវរំលាយ


ក្រុមហ៊ុនដែលទទួលសិទ្ធិបូមប្រេងនៅកម្ពុជា KrisEnergy កាលពីថ្ងៃទី៤ ខែមិថុនា បានស្នើទៅតុលាការ ដើម្បីលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយកទៅសងម្ចាស់បំណុល បន្ទាប់ពីអស់លទ្ធភាពក្នុងការសងបំណុលដែលមានប្រមាណជិត​៥០០លានដុល្លារ។ បើតាមមន្ត្រីជំនាញរបស់ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនសិង្ហបុរីមួយនេះ អាចប្រឈមនឹងការរំលាយក្រុមហ៊ុន ប្រសិនបើ តុលាការឯកភាពតាមការស្នើសុំនេះ ហើយក្នុងករណីវាពិតជា​ត្រូវបានរំលាយមែន នោះទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះ​នឹងត្រូវចាត់ចែងដោយម្ចាស់បំណុល ដែលវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបូមប្រេងនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ការនាំចេញប្រេងរបស់ក្រុមហ៊ុន KrisEnergy ត្រូវបានពន្យារពេលហើយ!
ដោយ

ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានសរសេរពន្យល់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រុមហ៊ុនបូមប្រេងរបស់សិង្ហបុរី KrisEnergy ដែលជាក្រុមហ៊ុនមេរបស់ KrisEnergy Cambodia អាចត្រូវបានរំលាយ ប្រសិនបើតុលាការសិង្ហបុរីឯកភាពតាមក្រុមហ៊ុន ដែលស្នើសុំលក់ទ្រព្យសម្បត្តិដើម្បីសងបំណុល។ បើគ្មានអ្វីប្រែប្រួលទេទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះ នឹងត្រូវបានតុលាការសិង្ហបុរីចាត់ចែងលក់ ដើម្បីសងម្ចាស់បំណុលដែលក្រុមហ៊ុនបានជំពាក់កន្លងមក។

ឯកឧត្តម បានលើកឡើងដូច្នេះថា៖«ក្រោយការដាក់ពាក្យស្នើសុំតុលាការរំលាយក្រុមហ៊ុន និងចាត់ចែងលក់ទ្រព្យសម្បត្តិ ដើម្បីសងបំណុល ប្រសិនបើគ្មានការប្រែប្រួលណាមួយទេនោះ តុលាការនឹងសម្រេចតែងតាំងភ្នាក់ងារវាយតម្លៃ ព្រមទាំងចាត់ចែងការលក់ទ្រព្យសម្បត្តិក្រុមហ៊ុននេះ សងម្ចាស់បំណុលនានា ដែលក្រុមហ៊ុនមានកន្លងមក ដើម្បីជំរះបិទបំណុលទាំងអស់នោះ»។

ឯកឧត្តមបានបន្តទៀតថា ក្នុងករណីទ្រព្យសម្បត្តិក្រុមហ៊ុន KrisEnergy ត្រូវបានចាត់ចែងដោយអំណាចតុលាការ នោះក្រុមហ៊ុន ច្បាស់ជានឹងត្រូវបានរំលាយ។ បន្ទាប់មកម្ចាស់បំណុលនឹងទទួលបានសិទ្ធិក្នុងការចាត់ចែងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន KrisEnergy រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia និងសិទ្ធិសម្បទានប្រេងកាតនៅប្លុក A នៅកម្ពុជាផងដែរ។ 

ករណីនេះ វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបូមប្រេងនៅប្លុក A ក្នុងឈូងសមុទ្រកម្ពុជា ដ្បិតក្រុមហ៊ុនពុំមានប្រភពធនធានបន្ថែមក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន។ ម្យ៉ាងទៀត ការបន្ត ឬឈប់ដំណើរការបូមប្រេងនៅកម្ពុជា វាអាស្រ័យលើការសម្រេចចិត្តរបស់ម្ចាស់បំណុល ដែលទទួលបានសិទ្ធិការចាត់ចែងទ្រព្យនោះថា តើត្រូវបន្តកិច្ចព្រមព្រៀមប្រេងកាតជាមួយកម្ពុជា ឬយ៉ាងណា? 

ឯកឧត្តម ម៉េង សក្តិធារ៉ា បានបន្ថែមថា៖«នៅក្នុងដំណាក់កាលរង់ចាំការចាត់ចែងរបស់តុលាការ និងការចរចារវាងភាគីម្ចាស់បំណុលដែលទទួលបានសិទ្ធបន្ត ជាមួយរដ្ឋាភិបាលកម្ពុជា ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ប្រតិបត្តិការប្រេងកាតធំៗ និងគម្រោងអភិវឌ្ឍជាជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរដ្ឋាភិបាល និងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ»។

បើតាមឯកឧត្តម ម៉េង សក្តិធារ៉ា ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy បានជួបបញ្ហាវិបត្តិហិរញ្ញវត្ថុតាំងពីឆ្នាំ២០១៨ ក្រោយមកក្រុមហ៊ុន ក៏បានលក់សិទ្ធិសម្បទានប្រេងកាតនៅតាមប្រទេសមួយចំនួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ។ ក្រោយមកនៅឆ្នាំ២០១៩ ក្រុមហ៊ុននេះបានដាក់ពាក្យបណ្តឹងសុំការការពារទៅតុលាសិង្ហបុរី ដើម្បីបញ្ចៀសការប្រកាសក្ស័យធន និងរំលាយក្រុមហ៊ុន។

បន្ទាប់មកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន KrisEnergy បានស្នើទៅតុលាការសិង្ហបុរី ដើម្បីសុំលក់ទ្រព្យសម្បត្តិក្រុមហ៊ុនយកមកសងម្ចាស់បំណុល ក្រោយខ្លួនអស់ជម្រើសក្នុងការកៀរគរទុន និងស្តារហិរញ្ញវត្ថុបន្តទៀត។ ការស្នើនេះ ធ្វើឡើងក្រោយបំណុលរបស់ក្រុមហ៊ុននេះកើនឡើងលើសតម្លៃទ្រព្យសកម្ម និងការទាញយកប្រេងសាកល្បងពីអណ្តូងប្រេងទាំង៥នៅកម្ពុជាទទួលទិន្នផលទាបជាងការរំពឹងទុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនធំមួយបោះទុនជាង២០០លានដុល្លារបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ក្នុងខេត្តព្រះសីហនុ

ព័ត៌មាន
ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះថា ជាំងស៊ូ ចេន័រ៉ល សាយអិន ថិកណូឡូជី (Jiangsu General Science Technology) បានប្រកាសថា ខ្លួននឹងបោះទុនវិនិយ…

ថៃហាក់សង្ឃឹមតិចតួចក្នុង​ការចាប់យកភ្ញៀវទេសចរចិននៅចុងឆ្នាំនេះ

ព័ត៌មាន
ប្រទេសថៃកំពុងមានក្ដីសង្ឃឹមតិចតួចមែនទែន ចំពោះការស្រូបទាញបានភ្ញៀវទេសចរចិន តាមរយៈផែនការពិសេសសម្រាប់ការស្ដារវិស័យទេសចរណ៍ឡើងវិញ ពិសេសក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ