កម្ពុជា និង​បញ្ហា​ EBA

កម្ពុជា​អាង​ចំណូល​ពន្ធដារ គយ និង ប្រេង ដោយ​មិន​ខ្លាច​បាត់បង់ EBA មែន​ឬ?


ជា​ថ្មី​ម្តង​ទៀត កម្ពុជា​អាច​នឹង​ទាញ​យក​តំណក់​ប្រេង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ ដែល​ជា​ផ្នែក​មួយ​នៃ​ចំណូល​ថ្មី​របស់​កម្ពុជា បន្ទាប់​ពី​ចំណូល​ពន្ធដារ គយ និង​ប្រភព​ចំណូល​ផ្សេងៗ​ទៀត មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​តឹកតាង​ធ្វើ​ឲ្យ​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា អះអាង​ថា មិន​ខ្លាច​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ឬ​ហៅកាត់​ថា EBA ឡើយ។
សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រូបភាពពីទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី
ដោយ

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជណាច្រ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ ថា គិត​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មិន​បាន​ប្រើប្រាស់​ធនធាន​ធម្មជាតិ​របស់​ខ្លួន​នៅ​ឡើយ​ទេ ធនធាន​ធម្មជាតិ​ទំាង​អស់​នោះ មាន​ដូចជា ធនធាន​ប្រេង ឧស្ម័ន ធ្យូង​ថ្ម និង​រ៉ែមាស។ ហើយ​ជុំវិញ​ទៅនឹង​រឿង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប EBA នេះ​ដែរ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅតែ​បង្ហាញ​ពី​គោល​ជំហរ​រឹងមាំ​ដដែល ដោយ​មិន​ខ្លាច​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​ឡើយ។

សម្តេចតេជោ​នៅតែ​ប្រកាស​ពី​ឯករាជ្យ​របស់​ខ្លួន​ថា គឺ​មិន​ត្រូវ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​ណា​ឡើយ។ កម្ពុជា​មិន​យក​ឯករាជ្យ​និង​អធិបតេយ្យ ទៅ​ដោះដូរ​ជាមួយ​ជំនួយ​ឬ​ការ​អនុគ្រោះ​ណា​មួយ​ជា​ដាច់​ខាត។ សម្តេច​បញ្ជាក់​អះអាង​ថា សម្តេច​នៅតែ​រក្សា​គោលការណ៍​ដដែល គឺ​មិន​យក​សហគមន៍​អន្តរជាតិ​ធ្វើ​ជា​សត្រូវ​ឡើយ។

ការបញ្ជាក់​ពី​ជំហរ​ដែក​ថែប​នេះ គឺ​សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អាង​ទៅ​លើ​ប្រភព​ចំណូល​ធនធាន​ធម្មជាតិ ប្រេង ឧស្ម័ន ធ្យូងថ្ម រ៉ែមាស ដែល​មិន​ទាន់​ប្រើបា្រស់ ជា​ពិសេស ប្រភព​ចំណូល​សារពើពន្ធ និង​ចំណូល​មិនមែន​សារពើ​ពន្ធ ដែល​កើន​ឡើង​រៀង​រាល់​ឆ្នាំ។ សម្តេច​តេជោ អះអាង​ថា បើ​ទោះ​បី​ជា​ ពេល​នេះ កម្ពុជា​មិន​ទាន់​បាន​ប្រើប្រាស់​ធនធាន​ធម្មជាតិ​នៅ​ឡើយ​ក្ដី ប៉ុន្តែ កម្ពុជា​មាន​លទ្ធភាព​អាច​រក​ប្រាក់​ចំណូល​ដែល​អាច​គាំទ្រ​ដល់​ការចំណាយ និង​ការ​វិនិយោគ​ផ្ទាល់ ដែល​ក្នុង​មួយ​ឆ្នាំ កម្ពុជា​ត្រូវ​ចំណាយ​ក្នុង​រង្វង់ ៦០០​លាន​ដុល្លារ ទៅ ៨០០​លាន​ដុល្លារ​អាមេរិក។

កម្ពុជារំពឹង​ថា​នឹង​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូង​បង្អស់​របស់ខ្លួន នៅឆ្នាំ​២០២០​ខាងមុខ។

សម្តេច ហ៊ុន សែន បន្ត​ថា នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ បើ​និយាយ​ពី​ចំណូល​ពន្ធគយ គឺ​កើន​លើស​ផែនការ​ក្នុង​រង្វង់​ពី ៧០០ ទៅ ៨០០​លាន​ដុល្លារ​អាមេរិក រីឯ ចំណូល​ពន្ធដា​រ​វិញ ក៏​បាន​កើន​លើស​ផែនការ ពី ៤០០ ទៅ ៥០០​លាន​ដុល្លារ ដែល​ចំនួន​នេះ លើស​ផែនការ​រហូត​ជាង ១​ពាន់​លាន​ដុល្លារ​សម្រាប់​ចំណូល​សារពើពន្ធ ខណៈ​ចំណូល​មិនមែន​សារពើពន្ធ​ ដូចជា ចំណូល​បាន​មក​ពី​ថ្លៃ​ទិដ្ឋាការ ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ និង រួមមាន​ចំណូល​បាន​មក​ពី​ផ្នែក​ផ្សេងៗ​ទៀត​ផងដែរ ដូចជា ចំណូល​បាន​មក​ពី​ព្រលាន​យន្តហោះ​នាំ​ផ្លូវ​ជាដើម។ ប្រមុខ​ដឹកនាំ​កម្ពុជា បាន​អះអាង​ទៀត​ថា បើទាះ​បី​ជា​អត់​មាន EBA ក៏​​កម្ពុជា​​មាន​លទ្ធភាព​ចំណាយ​បើក​ប្រាក់​ខែ​ជូន​ដល់​មន្ត្រី​រាជការ​បាន​ដែរ។

ជាក់ស្តែង នៅក្នុង​ឆ្នាំ​នេះ​ដែរ កម្ពុជា​មាន​លទ្ធភាព​ដោយ​ខ្លួន​ឯង បាន​បញ្ចេញ​ប្រាក់​ភ្លាមៗ​ដែល​អាច​យក​ទៅ​វិនិយោគ​លើ​អគ្គិសនី​ប្រមាណ ៤០០​លាន​ដុល្លារ​ដើម្បី​ទិញ​ម៉ាស៊ីន​ភ្លើង​ទំហំ ២០០ មេហ្គាវ៉ាត់ ពី​ហ្វាំងឡង់ និង ២០០​មេហ្គាវ៉ាត់​ទៀត ពី​អាល្លឺម៉ង់ ផងដែរ សម្រាប់​ត្រៀម​ផ្គត់ផ្គង់​ការ​ខ្វះខាត​អគ្គិសនី​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ក្នុង​រដូវ​ប្រាំង​ ដែល​ខិត​ជិត​ចូល​មក​ដល់​ឆាប់ៗ​នេះ។ 

ចំណែកឯ ថវិកា​ជិត ៣០០​លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ​បន្ថែម​លើ​ការវិនិយោគ​ដែល​មាន​ស្រាប់​ចំនួន ៧០០​លាន​ដុល្លារ។ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​សាច់​ប្រាក់​ក្នុង​ដៃ​ខ្លួន​ឯង​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក។

ជា​ការ​បញ្ជាក់​ឡើង​វិញ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល កម្ពុជា​កំពុងតែ​ចរចា​ជាមួយ​ប្រទេស​ថៃ​ទៅ​លើ​តំបន់​ត្រួត​គ្នា​ដើម្បី​អភិវឌ្ឍ​រួមគ្នា​សម្រាប់​គម្រោង​ទាញ​យក​ប្រេង​នេះ​ ផងដែរ។ ហើយ​ប្រសិន​បើ​កម្ពុជា​ទទួល​បាន​ចំណូល​ពី​ប្រេង​នោះ គោលដៅ​ធំ​នៃ​ការ​ចំណាយ​របស់​កម្ពុជា គឺ​យក​ទៅ​អភិវឌ្ឍ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​រឹង និង​ទន់ ដែល​រចនា​សម្ព័ន្ធ​រឹង​នោះ សំដៅ​លើ​​ផ្លូវ​ថ្នល់ ប្រឡាយ​ទឹក និង​បណ្តាញ​អគ្គិសនី​ ជាដើម។ ចំណែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្នែក​ទន់​វិញ​ គឺ ការ​អប់រំ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​សុខាភិបាល។ ជាក់ស្តែង នៅ​ឆ្នាំ​នេះ កម្ពុជា​បាន​ធ្វើការ​វិនិយោគ​ដោយ​ខ្លួន​ឯង​លើស​ពី ១​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ។

បើទោះបី​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​ហាក់​មិន​មាន​ការព្រួយ​បារម្ភ​ទៅ​លើ​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA យ៉ាង​នេះ​ក្តី បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ធនាគារ​ពិភពលោក បង្ហាញ​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប​ពិត​ជា​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​មែន កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ចំណូល​ពី​ការនាំចេញ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៦៥៤​លាន​ដុល្លារ​អាមេរិក ដែល​នេះ មិន​ទាន់​រាប់​បញ្ចូល​ការ​ដកហូត​ពន្ធ​ការ​នាំចូល​កង់​ទៅ​អឺរ៉ុប ​នៅ​ឡើយ។

ធនាគារ​ពិភពលោក បាន​កត់​សម្គាល់​ទៀត​ថា នៅ​ឆ្នាំ​២០១៨ កន្លង​ទៅ កម្ពុជា​បាន​នាំ​ផលិត​ផល​សម្លៀក​បំពាក់​ទៅ​អឺរ៉ុប មាន​ជាង ៣​ពាន់​៦០០​លាន​ដុល្លារ​អាមេរិក ស្បែកជើង​មាន​ប្រមាណ ៥០០​លាន​ដុល្លារ អង្ករ​មាន​ជាង ១៧៧​លាន​ដុល្លារ និង​កង់​មាន​ជាង ៣៣១​លាន​ដុល្លារ​អាមេរិក។

សហភាព​អឺរ៉ុប ​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​របស់​កម្ពុជា ដែល​មាន​ប្រមាណ ៤៥% នៃ​ការ​នាំចេញ​សរុប​កាល​ពី​ឆ្នាំ២០១៨។ រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ផ្ដល់​ការងារ​ដល់​កម្មករ​ប្រមាណ ៧០​ម៉ឺន​នាក់ ហើយ​វិស័យ​នេះ ក៏មាន​ចំណែក​ទីផ្សារ​នាំចេញ​ដ៏​ធំ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ផងដែរ ដែល​មាន​ប្រមាណ ៥,៥​ពាន់​លាន​ដុល្លារ​អាមេរិក។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​ព្រមាន​ជា​ថ្មី​ម្ដង​ទៀត អំពី​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ «អ្វីៗ​​គ្រប់យ៉ាង​លើកលែង​តែ​សព្វាវុធ (EBA)» ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំចេញ និង​បាត់បង់​ការងារ​រាប់​ម៉ឺន​កន្លែង​ផងដែរ បើ EBA នេះ ពិត​ជា​ត្រូវ​បាន​ដក ឬ​ព្យួរ​មែន។

យ៉ាងណា​ក៏​ដោយ​ចុះ ធនាគារ​ពិភពលោក បាន​គូស​បញ្ជាក់​ដែរ​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប ពិត​ជា​ដក​ EBA ពីកម្ពុជា​មែន​ក៏ដោយ ប៉ុន្ដែ កម្ពុជា​អាច​មាន​ផ្លូវ​ក្នុង​ការ​សម្រាល​ផល​ប៉ះ​ទង្គិច​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន ដោយ​ត្រូវ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ​ផលិតកម្ម និង​លើ​បែប​បទ​សម្រាប់​ការ​នាំចេញ​នានា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាឈរលំដាប់កំពូលទី ៤ ទូទាំងពិភពលោក ជាប្រទេសមានអត្រាដំឡើងប្រាក់បៀវត្សរ៍ខ្ពស់បំផុត នៅឆ្នាំ២០២០

ព័ត៌មាន
ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់កំពូលទី៤ ក្នុងចំណោមប្រទេសកំពូលចំនួន ១០ ទូទាំងពិភពលោក ដែលត្រូវបានគេព្យាករថា មានអត្រានៃការដំឡើងប្រាក់ប…

ធនាគារពិភពលោក៖ កម្ពុជាមានការងារជាង ៨លាន តែភាគច្រើនជាការងារបែបប្រពៃណី

ព័ត៌មាន
បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាមានការងារចំនួនជាង ៨លានការងារ ហើយ៨០% នៃពលរដ្ឋពេញវ័យ លើសពីវ័យ១៥ឆ្នាំឡើងទៅ កំពុងធ្វើការងារទាំងនេះ ពោលគឺមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ