បញ្ហាតៃវ៉ាន់

លោកស្រីផេឡូស៊ីថា ទស្សនកិច្ចនៅអាស៊ីមិនមានបំណងផ្លាស់ប្តូរស្ថានការណ៍នៅតៃវ៉ាន់ និងតំបន់នោះឡើយ


ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី នៅថ្ងៃសុក្រនេះនិយាយថា ការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រីឆ្លងកាត់ប្រទេសនិងដែនដីមួយចំនួននៅអាស៊ី ហើយដែលបានជំរុញឱ្យប្រទេសចិនខឹងសម្បារ ឈានដល់មាន ការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតព័ទ្ធជុំវិញកោះតៃវ៉ាន់នោះ គឺជាទស្សនកិច្ចដែលមិនមានចេតនាផ្លាស់ប្តូរស្ថានភាពនៅកោះតៃវ៉ាន់ ឬតំបន់នោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
លោកស្រីផេឡូស៊ីនិយាយអ្វីក្រោយទស្សនកិច្ចនៅតៃវ៉ាន់?

ទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Pelosi ទៅតៃវ៉ាន់ ជាវត្តមានមន្ត្រីអាមេរិកកំរិតខ្ពស់បំផុតនៅលើកោះមួយនេះ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។ ទោះត្រូវធ្វើឱ្យចិនខឹងសម្បារ តែលោកស្រី Pelosi នៅតែលើកសរសើរពីលទ្ធិប្រជាធិបតេយ្យ​តៃវ៉ាន់ ហើយបានសន្យាថាអាមេរិកនឹងមិនទុកតៃវ៉ាន់ចោលឡើយ។

ប្រធានាសភាអាមេរិករូបនេះ បានបិទបញ្ចប់ដំណើរទស្សនកិច្ចនៅអាស៊ី ត្រឹមប្រទេសជប៉ុនកាលពីថ្ងៃទី៤ខែសីហា។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ លោកស្រី Pelosi បានថ្លែងសុន្ទរកថា ដោយកត់សម្គាល់អំពីភាពតានតឹង ដែលបណ្តាលមកពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងតៃប៉ិ។

លោកស្រី Pelosi បានមានប្រសាសន៍ថា លោកស្រីបាននិយាយតាំងពីដំបូងថា វត្តមានរបស់លោកស្រីនៅទីនេះ មិនមែនជាការចង់ផ្លាស់ប្តូរស្ថានភាពនៅតៃវ៉ាន់ ឬតំបន់នោះទេ។ បន្ថែមពីលើនេះ សហរដ្ឋ​អាមេរិកបានជំរុញប្រទេសចិន​កុំ​ឱ្យមាន​ប្រតិកម្មខ្លាំង​ជ្រុលពេក ចំពោះដំណើរទស្សនកិច្ចរបស់​ប្រធាន​​​​​សភា​​​សហរដ្ឋ​អាមេរិក លោកស្រី Pelosi ទៅកាន់​កោះតៃវ៉ាន់។

ការជំរុញនេះត្រូវបានធ្វើឡើង​បន្ទាប់ពីចិនបានឆ្លើយតបតាម​​រយៈ​ការ​ធ្វើ​សម​យុទ្ធយោធា​​​នៅ​ទីតាំង​​ចំនួន​៦ ព័ទ្ធជុំជិតកោះតៃវ៉ាន់ ដែលក្នុងនោះរួមមាន ការដាក់ពង្រាយយន្ត​ហោះច​ម្បាំង ការបាញ់មីស៊ីលផ្លោង​នៅលើដែន​ទឹក និងដែនអាកាសផងដែរ។

គួរបញ្ជាក់ថា លោកស្រី Pelosi បានធ្វើដំណើរទៅ​ដល់​កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ​កន្លងទៅ ដែល​ករណីនេះ បាន​បង្កឱ្យមាន​ជា​ការខឹងសម្បារយ៉ាងខ្លាំង​ពីសំណាក់​ប្រទេសចិន។ ទោះជាយ៉ាងណា ខាងភាគីតៃវ៉ាន់​បានឱ្យដឹងកាលពីពេលថ្មីៗនេះថា យោធា​របស់​ខ្លួន​នឹង​បន្ត​ពង្រឹង​​ការការ​ពារ​ដែន​កោះ​​របស់​ខ្លួន​ប្រកប​ដោយ​ការ​​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ខណៈខ្លួនក៏ត្រៀមចាត់​វិធាន​ការ​ជាក់​ស្ដែង ក្នុង​ករណី​ដែល​មាន​ការ​ឈ្លាន​ពាន​ពី​សត្រូវផងដែរ។

ដោយឡែក ប្រទេសជប៉ុន ដែលមានកោះភាគខាងត្បូង​បំផុត នៅក្បែរកោះតៃវ៉ាន់បាន​ព្រមានថា ការបំភិតបំភ័យ​របស់ចិនមកលើកោះតៃវ៉ាន់ កំពុងបង្កការគំរាមកំហែង​សន្តិសុខជាតិជប៉ុន និងតំបន់កាន់តែខ្លាំងឡើង។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក ណូប៊ូ គីស្សី(Nobuo Kishi) បានប្រាប់អ្នកយកព័ត៌មានថា កាំជ្រួចមីស៊ីលចំនួន ៥គ្រាប់ដែលត្រូវបានបាញ់ដោយប្រទេសចិន​កាលពីថ្ងៃទី៤ខែសីហា បានធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ នេះជាលើកទីមួយហើយ​ដែលមីស៊ីលរបស់ចិន​បានធ្លាក់ចូលទៅក្នុង​ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ជប៉ុនបែបនេះ។

រដ្ឋមន្ត្រីការបរទេសនៃ​ក្រុម​ប្រទេស G៧ រួមទាំងប្រទេសជប៉ុន ដែលនឹងធ្វើជាប្រធាន​នៅឆ្នាំក្រោយផងដែរនោះ កាលពីថ្ងៃពុធបានចេញសេចក្តីថ្លែងការណ៍រួម អំពាវនាវដល់​ប្រទេស​ចិន ដោះស្រាយភាពតានតឹង​ជុំវិញ​ច្រកសមុទ្រតៃវ៉ាន់​ដោយសន្តិវិធី។

ប្រការនេះបានធ្វើឱ្យ ក្រសួងការបរទេសចិនសម្រេច​លុបចោល​ភ្លាមៗ​នូវជំនួប​ទ្វេភាគីរវាង រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី និងសមភាគីជប៉ុន ដែលគ្រោងធ្វើខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ភាគីចិនមានការមិនពេញចិត្តជាខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមដែលដាក់ចេញដោយក្រុមប្រទេសG7 អំពីបញ្ហានៅតៃវ៉ាន់៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលុបចោល និងប្តូរជើងហោះហើរ ក្នុងអំឡុងពេលចិនធ្វើសមយុទ្ធយោធាព័ទ្ធកោះតៃវ៉ាន់

ព័ត៌មាន
ក្រោមស្ថានការដ៏អាប់អួរក្នុងអំឡុងពេលយោធាចិនបានបើកធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ ក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួន បានលុបចោលជើងហោះទៅកាន់ទី…

ចិនចាប់ផ្ដើមរឹតបន្ដឹងលើការដឹកជញ្ចួនគ្រឿងបន្លាស់ផលិតផលបច្ចេកវិទ្យា ពីកោះតៃវ៉ាន់ ចំពេលការប្រឈមមុខដាក់កាន់តែតានតឹង

ព័ត៌មាន
ក្រោយពីបានទម្លាក់ទណ្ឌកម្មទៅលើការនាំចូលទំនិញផលិតផលចំណីអាហារជាច្រើនពីកោះតៃវ៉ាន់រួចមក ឥឡូវនេះ មហាយក្សចិនចាប់ផ្ដើមរឹតបន្ដឹងលើការនាំចូលគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ