អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់សាលាមធ្យមវិចិត្រសិល្បៈ ដើម្បីចូលរួមលើកស្ទួយ និងថែរក្សាវិស័យសិល្បៈបុរាណខ្មែរ


សិល្បៈបុរាណតាំងពីដូនតាមកនេះ គឺពិតជាមានតម្លៃខ្ពង់ខ្ពស់ណាស់ ដែលបានបញ្ជាក់ពីអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយសិល្បៈបុរាណនេះគឺយើងដាច់ខាតមិនអាចបំភ្លេចបានទេ ដែលយុវជនខ្មែរគ្រប់រូប ត្រូវជួយលើកស្ទួយសិល្បៈបុរាណនេះកុំឱ្យបាត់បង់ឱ្យសោះ។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់សាលាមធ្យមវិចិត្រសិល្បៈ

ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏ធ្លាប់បានលើកឡើង ក្នុងឱកាស រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធី «តន្ត្រីខ្មែរយើង» ដែលបានរៀបចំឡើងកាលពី ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះថា៖​ « ក្រសួងវប្បធម៌ ក៏កំពុងតែខិតខំខ្លាំងណាស់ ក្នុងការបង្កើតសាលាវិចិត្រសិល្បៈ សាលាសូនរូប សាលាបុរាណវិទ្យា និងសាលាជាច្រើនផ្សេងៗទៀត ដើម្បីបន្តនូវចំណេះដឹងសិល្បៈដូនតាឱ្យបានកាន់តែបន្តទៅមុខទៀត ខណៈបច្ចុប្បន្ននេះវិស័យសិល្បៈបុរាណចម្រុះដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនបាសាក់ ល្ខោននិយាយ ល្ខោនយីកេ។ល។ គឺមានការដើរនៅខ្សោយណាស់ បើប្រៀបធៀបនិងសិល្បៈសម័យ ដូច្នេះហើយក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ជាយុវជន ត្រូវតែជួយលើកតម្កើងទាំងអស់គ្នា ចូលរួមថែរក្សាទាំងអស់គ្នានូវអ្វីដែលជារបស់ខ្មែរយើង »។​

ដោយមើលឃើញពីការធ្លាក់ចុះប្រជាប្រិយភាពនៃវិស័យសិល្បៈបុរាណខ្មែរ ក៏ដូចជាដើម្បីចូលរួមថែរក្សា លើកស្ទួយ និងការពារសិល្បៈបុរាណឱ្យគង់វង្សជានិរន្តរ៍ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ រួមទាំងថវិកាមួយចំនួនទៀត ប្រគល់ជូនដល់សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីកែលម្អ និងជួសជុលបន្ទប់ទឹកមួយចំនួនដែលមានការខូចខាត និងបាក់បែកសម្ភារប្រើប្រាស់មិនកើត ព្រមទាំងជួយសម្រួលដល់ជីវភាពសិស្សានុសិស្សក្រីក្រប្រមាណជាង ១០០នាក់ មកពីបណ្ដាខេត្តនានាដែលបាននឹងកំពុងតែស្នាក់នៅ និងសិក្សាក្នុងសាលាផ្ទាល់។​

​នេះគឺផ្នែកមួយនៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមួយដែលអភិវឌ្ឍលំនៅឋានឈានមុខគេ ប្រកបដោយស្ដង់ដារខ្ពស់ និងគុណភាពល្អ រួមជាមួយនឹងសួនបៃតង ដើមឈើធំៗជាច្រើន ហេដ្ឋារចនាសម្ព័ន្ធធំទូលាយល្អ ខណៈក្រុមហ៊ុនក៏បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន ដែលក្នុងនោះ ការស្រឡាញ់ ការយកចិត្តទុកដាក់ និងការចូលរួមថែរក្សាទៅលើវិស័យវប្បធម៌ សិល្បៈ គឺជាយុទ្ធសាស្រ្តចម្បងធំមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀតនៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។

ថ្លែងក្នុងកម្មវិធីទទួលអំណោយនេះ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានបញ្ជាក់ថា៖ « សាលាមធ្យមវិចិត្រសិល្បៈ គឺជាសាលាក្របខណ្ឌរដ្ឋមួយ ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបច្ចុប្បន្ននេះសាលាកំពុងផ្ដល់នូវថ្នាក់បណ្ដុះបណ្ដាលផ្នែកសិល្បៈជាច្រើនដូចជា ថ្នាក់របាំបុរាណ របាំប្រពៃណី ចម្រៀងបុរាណ និងសម័យ ល្ខោនខោល អាយ៉ៃ ចាប៉ីដងវែង ថ្នាក់សូនរូប ថ្នាក់សំដែងសៀក សាលាតូរ្យតន្រ្តី ។ល។ ​ដោយមានតម្រូវការខ្វះខាតទៅលើសម្ភារគាំទ្រការសិក្សា កញ្ចប់ថវិកាដើម្បីជួសជុលកែលម្អបន្ទប់ទឹកប្រើប្រាស់ គ្រូស្ម័គ្រចិត្តផ្នែកភាសារបរទេស និងស្បៀងឧបភោគបរិភោគ ដើម្បីជួយសម្រួលដល់ជីវភាពខ្វះខាតរបស់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ ពិសេសចែកជូនដល់សិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងបរិវេណសាលា។ ហេតុដូច្នេះហើយសាលាទន្ទឹងរង់ចាំស្វាគមន៍នូវរាល់ជំនួយសប្បុរសធម៌ពីបណ្ដាមជ្ឈដ្ឋានក្រុមហ៊ុន ស្ថាប័ន​ឯកជន និងអង្គការនានា ដែលមានទឹកចិត្តចង់បរិច្ចាគ ឬចូលរួមឧបត្ថម្ភមកសាលា។ ​លោកក៏បានសំណូមពរឱ្យយុវជន ក៏ដូចជាបណ្តាក្រុមហ៊ុនទាំងអស់ ជួយលើកស្ទួយសិល្បៈបុរាណទាំងអស់គ្នា កុំលើកស្ទួយតែសិល្បៈសម័យខ្លាំងពេក សូមជួយលើកស្ទួយសិល្បៈបុរាណឱ្យបានច្រើន ដើម្បីកុំឱ្យមានគម្លាតខុសគ្នាឆ្ងាយពេក រវាងសិល្បៈបុរាណ ដែលជាសិល្បៈរបស់ជាតិ និងសិល្បៈសម័យដែលភាគច្រើនជាសិល្បៈរបស់ប្រទេសជិតខាង។

លោកនាយកសាលា ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវប្បធម៌នៃការចែករំលែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានបរិច្ចាគនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់សាលាដែលអំណោយទាំងអស់នេះគឺពិតជាបានជួយសម្រួលបន្ទុកខ្វះខាតដល់សាលាបានមួយផ្នែកធំផងដែរ​ » ។​

លោក ចាន់ រដ្ឋា នាយករងផ្នែកកិច្ចការសាធារណៈ និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានចំណាប់អារម្មណ៍ដូច្នេះថា៖ « ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមឧបត្ថម្ភនូវអំណោយទាំងអស់នេះដល់សាលា និងក្មួយៗសិស្សានុសិស្សដែលកំពុងមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងស្នាក់នៅក្នុងសាលានេះ។ ជាការពិតណាស់ការងារសង្គមក្នុងវិស័យវប្បធម៌ និងសិល្បៈនេះ មិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់បានចូលរួមកន្លងមក ហើយទិសដៅក្រុមហ៊ុនទៅមុខទៀត គឺនឹងរីករាយសហការជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងសាលាសិល្បៈផ្សេងៗទៀត ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌និងសិល្បៈប្រពៃណីខ្មែរ។

លោកក៏បានថ្លែងបន្តទៀតថា ដោយការស្រឡាញ់ និងការមានចិត្តចូលរួមថែរក្សាវប្បធម៌សិល្បៈបុរាណខ្មែរ យើងខ្ញុំចង់ឱ្យប្រជាជនខ្មែរជាពិសេសយុវវ័យយល់ដឹងឱ្យបានកាន់តែច្រើនអំពីភាពអស្ចារ្យរបស់វប្បធម៌សិល្បៈប្រពៃណីខ្មែរ ហើយត្រូវ ចូលរួមជួយគាំទ្រឱ្យបានទាំងអស់គ្នាកុំឱ្យសាបរលាបនិងបាត់បង់» ។

ក្នុងខណៈទទួលអំណោយពីក្រុមហ៊ុន ប៉េង ហួត គ្រុប សាលាមធ្យមវិចិត្រសិល្បៈក៏បានរៀបចំសម្តែងសិល្បៈទស្សនីយភាពនៃរបាំបុរាណ របាំប្រពៃណី និងប្រគុំតន្ត្រីស្រាលជូនប្រតិភូតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ទស្សនាប្រកបដោយបរិយាកាសរីករាយផងដែរ។

សូមបញ្ជាក់ផងដែរ៖ ក្រុមហ៊ុន ប៉េង​ ហួត គ្រុប ធ្លាប់បានចូលរួមការងារសង្គមជាច្រើន ដែលរួមមាន៖ ការងារអប់រំ ការងារបរិស្ថាន និងការងារសហគមន៍ (ការងារសុខុមាលភាព សហគមន៍ និងវិស័យវប្បធម៌) ក្នុងនោះក្រុមហ៊ុនបានសាងសង់វត្តអារាម ព្រះវិហារ កុដិតាជី យាយជី ខ្លោងទ្វារ និងរបងវត្ដជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ បញ្ហាកង្វះខាតស្បៀងអាហារ នឹងអាចបង្កជាវិបត្តិធ្ងន់ធ្ងរសម្រាប់ពិភពលោក បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩

ព័ត៌មាន
ក្រុមអ្នកជំនាញផ្នែកសុខភាព និងចំណីអាហារបានព្រមានថា ការកើនឡើងនៃកង្វះខាតស្បៀងអាហារ អាចនឹងក្លាយជាឱ្យការគំរាមកំហែងលើវិស័យសុខាភិបាលថ្មីមួយទ…

ឱកាសការងារជាច្រើនមុខតំណែង ពីស្ថាប័នហិរញ្ញវត្ថុដែលទទួលពានរង្វាន់អន្តរជាតិ

ព័ត៌មាន
ដំណឹងល្អ! ឥឡូវនេះ ឱកាសការងារជាច្រើនមុខតំណែង និងជាច្រើនជំនាញបានមកដល់ហើយ សម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ