ប្រទេសចិន

ពលរដ្ឋនៅតំបន់ស៊ីនជាំង និងក្រុងប៉េកាំង នាំគ្នាងើបឡើងប្រឆាំងតវ៉ានឹងវិធានការណ៍បិទខ្ទប់របស់រដ្ឋអំណាចចិន


កំហឹង និងការមិនពេញចិត្តជាសាធារណៈនៅក្នុងប្រទេសចិនចំពោះការបង្កើនវិធានការបិទខ្ទប់ ដើម្បីទប់ទល់នឹងរលកថ្មីនៃកូវីដ១៩នៅទូទាំងប្រទេស នាំឱ្យផ្ទុះចេញជាការតវ៉ាដ៏កម្រមួយ នៅក្នុងតំបន់ស៊ីនជាំងប្រទេសចិន និងក្នុងតំបន់មួយចំនួននៃទីក្រុងប៉េកាំងផងដែរ។ ការតវ៉ាធ្វើឡើងស្របពេលដែល ករណីឆ្លងកូវីដ១៩ក្នុងប្រទេសចិនបានកើនឡើងដល់រាប់ម៉ឺនករណី នៅប៉ុន្មានថ្ងៃចុងក្រោយ ដោយបានបង្កើតជាកំណត់ត្រាឆ្លងថ្មីៗផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
ការប្រឆាំងតវ៉ានឹងវិធានការណ៍បិទខ្ទប់របស់រដ្ឋអំណាចចិន

ហ្វូងមនុស្សបានចេញដើរតាមផ្លូវកាលពីចុងសប្តាហ៍មុននៅក្នុងទីក្រុងអ៊ូរុមឈី (Urumqi) តំបន់ស៊ីនជាំង ដោយបានស្រែកថា «សូមបញ្ចប់វិធានការបិទខ្ទប់!»។ ការតវ៉ាមិនពេញចិត្តពីពលរដ្ឋនេះទៀតសោត ធ្វើឡើងបន្ទាប់ពីមានអគ្គីភ័យដ៏សាហាវមួយ ឆក់យកជីវិតមនុស្សអំឡុងពេលបិទខ្ទប់។ ទាំងនេះបើរូបភាពវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមរបស់ចិន។

ទីភ្នាក់ងាររ៉យទ័របានរាយការណ៍ថា វីដេអូនេះត្រូវបានផ្សព្វផ្សាយពីទីក្រុងអ៊ូរុមឈីជាទីដែលពលរដ្ឋភាគច្រើនក្នុងចំណោមពលរដ្ឋសរុប៤លាននាក់កំពុងជាប់គាំង ក្នុងវិធានការបិទខ្ទប់ ដោយពួកគេមិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះរហូតដល់រយៈពេល ១០០ ថ្ងៃឯណោះ។

ចំណែកនៅរដ្ឋធានីប៉េកាំងវិញ ពលរដ្ឋមួយចំនួនដែលស្ថិតនៅក្រោមវិធានការបិទខ្ទប់នេះបានធ្វើការតវ៉ាទ្រង់ទ្រាយតូច ឬក៏ប្រឈមមុខនឹងមន្ត្រីមូលដ្ឋានជុំវិញការរឹតបន្តឹងការដើរហើររបស់ពួកគេដោយអ្នកខ្លះបានបង្ខំឱ្យអាជ្ញាធរលើកវិធានការបិទខ្ទប់នេះមុនកាលកំណត់ថែមទៀត។

បន្ទាប់ពីមានការតវ៉ា មន្ត្រីនៅទីក្រុងអ៊ូរុមឈី បានធ្វើសន្និសីទព័ត៌មានភ្លាមៗ ដោយបានបដិសេធថា វិធានការបិទខ្ទប់នេះមិនបានរាំងស្ទះដល់ការរត់គេចខ្លួន និងការជួយសង្គ្រោះនៅក្នុងគ្រោះអគ្គិភ័យនោះទេ។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ ការតវ៉ាប្រឆាំងបានរីករាលដាលទៅកាន់ទីក្រុងជាច្រើនទៀត រួមទាំងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃផងដែរ។ នៅទីក្រុងសៀងហៃដដែល ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសចិន អ្នកស្រុកបានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃសៅរ៍ដើម្បីអុតភ្លើងទៀន រំឭកដល់អ្នកស្លាប់ដោយភ្លើងឆេះនៅក្រុង អ៊ូរុមឈី តំបន់ស៊ីនជាំង។

ចិនកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ១៩រលកថ្មី ដែលបានជំរុញឱ្យមានការបិទខ្ទប់ម្តងហើយម្តងទៀត និងការរឹតបន្តឹងផ្សេងៗ នៅក្នុងទីក្រុងនានាទូទាំងប្រទេស ខណៈដែលទីក្រុងប៉េកាំងប្រកាន់ខ្ជាប់នូវគោលនយោបាយសូន្យកូវីដ ទោះបីពិភពលោករួមរស់ជាមួយវីរុសក៏ដោយ។ ចំនួនករណីឆ្លងនៅចិនបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនថ្ងៃជាមួយនឹងការឆ្លងថ្មីជិត ៤ម៉ឺនករណី៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រោយចាញ់ឆ្នោតពាក់កណ្តាលអាណត្តិមេដឹកនាំកោះតៃវ៉ាន់ លាលែងចេញពីតួនាទីប្រមុខដឹកនាំបក្ស

ព័ត៌មាន
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កោះតៃវ៉ាន់បានរៀបចំការបោះឆ្នោតមូលដ្ឋាន ឬពាក់កណ្តាលអាណត្តិ ដើម្បីស្ទាបស្ទង់ និងសម្រេចជោគវាសនាទាក់ទិននឹងគោលនយោបាយ…

តើបញ្ហាចលាចលនៅរោងចក្រ Foxconn ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ខេត្តហ៊ឺណាន ប្រទេសចិន យ៉ាងដូចម្តេចខ្លះ?

ព័ត៌មាន
វិបត្តិជំងឺកូវីដ១៩នៅក្នុងប្រទេសចិន នៅតែបន្តការរីករាលដាលខ្លាំងក្លា ដែលបង្ខំឱ្យមហាយក្សសេដ្ឋកិច្ចមួយនេះ ត្រូវបិទខ្ទប់នៅកន្លែងជាច្រើនក្រោមគោលនយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ