វ៉ាក់សាំងកូវីដ-១៩

ក្រុមហ៊ុនផលិតវ៉ាក់សាំង ការពារ​កូវីដ-១៩ Pfizerបន្ថយគោលដៅចេញលក់វ៉ាក់សាំង


ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដ-១៩ របស់អាមេរិក ហ្វាយស័រ (Pfizer) កាលពីខែមុនបានរំពឹងថា នឹងចេញលក់វ៉ាក់សាំងកូវីដ-១៩ ពាក់កណ្ដាលប៉ុណ្ណោះ នៃផែនការដើមដែលបានគ្រោងចេញលក់នៅឆ្នាំនេះ។ ការសម្រេចបន្ថយផែនការចេញលក់វ៉ាក់សាំងនេះ គឺ ត្រូវបានក្រុមហ៊ុននេះ បញ្ជាក់ថា គឺដោយសារតែការផលិតប្រឈមនឹងបញ្ហាខ្សែចង្វាក់ផ្គង់ផ្គង់ ដែលមិនអាចឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងតម្រូវការដែលមានខ្ពស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននាពេលថ្មីៗនេះ។
វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer ត្រូវគេ​ប្រកាសថា បាន​កើន​ប្រសិទ្ធភាពដល់​ ៩៥% ហើយ។
ដោយ

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន ហ្វាយស័រ បាន​និយាយថា ទំហំ​កំណើន​នៃ​ខ្សែចង្វាក់​ផ្គង់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ការផលិត​វ៉ាក់សាំង​ការពារ​កូវីដ-១៩ គឺត្រូវចំណាយពេល​យូរ​ជាងការរំពឹង​ទុកទៅទៀត។ ហើយ​អ្វីដែលសំខាន់​ជាងនេះទៀត គឺថា លទ្ធផល​នៃការ​សាកល្បង​នៅតាម​គ្លីនិក គឺចំណាយពេល​កាន់តែយូរ​ថែមទៀត ជាងការព្យាករ​ដំបូង។

បែបនេះក្ដី ក្រុមហ៊ុន ហ្វាយស័រ នៅតែរំពឹងនឹង​អាច​ចេញលក់ វ៉ាក់សាំង ជាង ១ពាន់លាន​ដូស នៅឆ្នាំ​២០២១ ដូចទៅនឹង​ផែនការដែលបាន​កំណត់ទុក។

ក្រុមហ៊ុន ហ្វីស័រ របស់អាមេរិក និង ក្រុមហ៊ុន​ដៃគូ​ បាយអូ អែន ធិច (BioNTech SE) របស់​អាល្លឺម៉ង់ ដំបូងឡើយ បាន​សង្ឃឹមថា នឹងអាច​ចេញលក់​វ៉ាក់សាំង​របស់ខ្លួន ១០០លាន​ដូស នៅទូទាំងពិភពលោក​នៅត្រឹម​ចុង​ឆ្នាំ២០២០នេះ ប៉ុន្ដែ សម្រាប់​ផែនការ​ថ្មី​បច្ចុប្បន្ននេះ គឺ​នឹងកាត់បន្ថយ​ការចេញលក់​វ៉ាក់សាំងនេះ មកនូវ​ត្រឹម​៥០លាន​ដូស​ប៉ុណ្ណោះ។

ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះដែរ ក៏បាន​សម្រេច​អនុញ្ញាត​ឲ្យប្រើប្រាស់​វ៉ាក់សាំងរបស់​ក្រុមហ៊ុន​អាមេរិក និងអាល្លឺម៉ង់នេះជាបន្ទាន់ ហើយ​អង់គ្លេស​ក៏បាន​ក្លាយជា​ប្រទេសលោក​ខាងលិច​ដំបូងគេ​បង្អស់​ដែលនឹង​បាន​អនុញ្ញាត​ឲ្យ​ប្រើវ៉ាក់សាំងកូវីដ-១៩នេះ ជាលក្ខណៈទូទៅ។ បើតាម​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន បាន​គូសបញ្ជាក់​ថ្មីៗនេះដែរថា អង់គ្លេស​បានទិញ​វ៉ាក់សាំងនេះចំនួន​ ៣៥០​លានដូស ដោយរំពឹងថា នឹងអាច​ចាក់​ឲ្យ​ប្រជាជន​របស់ខ្លួន​នៅមុន​បុណ្យ​គ្រិសម៉ាស់ខាងមុខ។

សូមបញ្ជាក់ដែរថា នាយករដ្ឋមន្ត្រី​នៃកម្ពុជា សម្តេច ហ៊ុន សែន​ឯណោះវិញ កាលពីពេល​ថ្មីៗនេះដែរ ក៏បាន​ប្រកាសអំពី​គម្រោង​ទិញវ៉ាក់សាំង​សម្រាប់​ចាក់ជូន​ប្រជាពលរដ្ឋ​ដោយឥត​គិតថ្លៃ​ផងដែរ ដោយ​សម្តេច លើកឡើងថា នៅក្នុង​ដំណាក់​កាលដំបូងនេះ កម្ពុជា​នឹង​ទិញ​១លានដូស សម្រាប់​ចាក់ជូន​ប្រជាជន​ដែលជា​អ្នកប្រឈម​មុខ​នឹងហានិភ័យខ្ពស់។ ប៉ុន្ដែ ការទិញវ៉ាក់សាំងនេះ​នៅ​មិនទាន់​ដឹងច្បាស់ថា នឹងត្រូវ​ទិញពី​ប្រទេសណា​ឲ្យប្រាដកនោះទេ។ 

សម្ដេច ហ៊ុន សែន បាន​គូសបញ្ជាក់ទៀតថា វ៉ាក់សាំង ១លាន​ដូស​ដែលគ្រោងទិញនោះ អាច​ចាក់ជូន​ប្រជាជន​ចំនួន ៥០ម៉ឺននាក់ ដោយដំណាក់កាលដំបូង​អាចចាក់ជូន​ដូចជា​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំង​ប្រដាប់អាវុធ និងមន្ត្រីយុត្តិធម៌ មន្ត្រីខាង​ព្រៃឈើ និង បិរស្ថានជាដើម។

បើតាម​សម្តេចនាយករដ្ឋមន្ត្រី ក្នុងចំណោម​ប្រជាជន​កម្ពុជា​ជាង​១៦លាននាក់នោះ អ្នកដែល​ត្រូវការវ៉ាក់សាំង​នេះ អាចមាន​ប្រមាណ ១០លាននាក់។

សូមបញ្ជាក់ដែរថា បើតាម​តម្លៃ វ៉ាក់សាំង​កូវីដ-១៩ របស់​ក្រុមហ៊ុន Pfizer and BioNTech (ក្រុមហ៊ុន​អាមេរិក និងដៃគូអាល្លឺម៉ង់) ដែល​បាន​ផ្សាយដោយសារព័ត៌មាន Forbes កាលពីពេលថ្មីៗនេះ បាន​ឲ្យដឹងថា ១ដូសតម្លៃ ១៩ដុល្លារ ៥០សេន ខណៈដែលមនុស្សម្នាក់​ត្រូវ​ចាក់វ៉ាក់សាំងនេះ ២ដង គឺត្រូវចំណាយ​៣៩ដុល្លារ។

ទោះយ៉ាងណា តម្លៃ និងប្រសិទ្ធភាព​នៃវ៉ាក់សាំង​កូវីដ-១៩នេះ គឺអាស្រ័យ​ទៅតាម​ក្រុមហ៊ុន​ផលិត​​នីមួយៗ ដោយបច្ចុប្បន្ន មានក្រុមហ៊ុន​នៃប្រទេស​មហាអំណាចពិភពលោក​ធំៗ​ជាច្រើន បាន​ប្រកាស​រកឃើញ​វ៉ាក់សាំងនេះដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២០ វៀតណាម ធ្លាក់ចុះការនាំចេញផលិតផលវាយនភណ្ឌ លើកដំបូងបង្អស់នៅក្នុងរយៈពេល២៥ឆ្នាំ!

ព័ត៌មាន
ការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរវៀតណាមត្រូវបានរំពឹងថានឹងធ្លាក់ចុះ ១៥% មកនៅត្រឹមចំនួនទឹកប្រាក់នាំចេញ៣៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោ…

សមាគមហិរញ្ញវត្ថុធំៗ៣ ជំរុញឲ្យទូទាត់ថ្លៃទំនិញនិងសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ព័ត៌មាន
ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងនៃអ្នកឆ្លងជាបន្តបន្ទាប់នៅកម្ពុជា សមាគមហិរញ្ញវត្ថុធំៗ៣ នៅកម្ពុជាបានសម្រេចឯក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ