អាជីវកម្មធ្យូងថ្មហ្វីលីពីនបង្កើនការនាំចេញទៅជប៉ុន

ក្រុមហ៊ុនកំពូលខាងអាជីវកម្មធ្យូងថ្មហ្វីលីពីនបានងាកទៅជប៉ុន ដើម្បីបន្ថយការពឹងផ្អែកតែលើចិន


ក្រុមហ៊ុនអាជីវកម្មជីករ៉ែធ្យូងថ្មដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន គឺក្រុមហ៊ុនថាមពល និងរ៉ែ សឺមីរ៉ារ៉ា (Semirara) កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ក្រុមហ៊ុននេះនឹងធ្វើ«ការដឹកជញ្ជូនសាកល្បង»ជាលើកទី២ទៅកាន់ប្រទេសជប៉ុននៅក្នុងខែមិថុនានេះ ខណៈដែលក្រុមហ៊ុនកំពុងជំរុញឱ្យមានវិធានការទប់ស្កាត់ការពឹងផ្អែកតែទៅលើប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
អាជីវកម្មធ្យូងថ្មហ្វីលីពីនបង្កើនការនាំចេញទៅជប៉ុន

ក្រុមហ៊ុន Semirara គ្រោងនឹងនាំចេញធ្យូងថ្មចំនួន ៥ ម៉ឺន​​តោន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ថាមពលអគ្គិសនីជប៉ុន​ ស៊ីកូគុ (Shikoku) សម្រាប់ប្រើក្នុងរោងចក្រផលិតថាមពលអគ្គីសនី ៧​ រយ​​មេហ្គាវ៉ាត់ ​បន្ទាប់​ពី​​ក្រុម​ហ៊ុន​នេះ​​បានសាកល្បងនាំ​ចេញជា​​លើក​ដំបូង​កាល​ពី​​ខែមករា ​នូវ​​ធ្យូងថ្មកម្រិត​មធ្យមចំនួនជាង ៧ ម៉ឺន ៨ ពាន់តោន ទៅឱ្យក្រុមហ៊ុន ​ចេ-ផៅវើ (J-Power)​។

លោកស្រី ម៉ារី គ្រីស្ទីណា ហ្គូធៀណាន់​ (Maria Cristina Gotianun)​ ប្រធានផ្នែកប្រតិបត្តិការរបស់​ក្រុម​ហ៊ុន​ Semirara បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិននៅតែ​ជាអ្នកទិញ​បរទេសដ៏សំខាន់របស់ក្រុមហ៊ុនលោកស្រី ​​​ប៉ុន្តែដោយ​ទិន្នផលឧស្សាហកម្មរបស់ចិនមាន​សន្ទុះ​យឺត​ជាងការរំពឹងទុក ដូច្នេះហើយ​ទើបក្រុមហ៊ុនលោកស្រី​​​ចង់​ពង្រីក​​ទីផ្សារអាស៊ីដូច​នៅ​ប្រទេសជប៉ុន​ជាដើម​​​។

ក្រុម​ហ៊ុន ​Semirara បាននិយាយថា ការនាំចេញធ្យូងថ្មរបស់ខ្លួន​ទៅកាន់ប្រទេសចិនបាន​ធ្លាក់​ចុះ ៥០​% ​ពីខែមករាដល់ខែមីនា មកនៅ​ត្រឹម​ជាង ១ លានតោន ដែល​ស្មើនឹង​ ៧២% នៃការនាំចេញ​សរុបរបស់​ខ្លួន​​។ ការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងមានស្ថិរភាពក្នុងកម្រិត ៣ សែន​​តោន ពោលគឺស្មើ​នឹង ​១ ភាគ ៥ ​នៃការ​លក់ទៅក្រៅប្រទេស​​ ហើយ​​នៅសល់​​ប៉ុន្មាន​ទៀត​គឺបាន​​នាំ​ចេញ​​ទៅប្រទេសជប៉ុន និងប្រទេសប្រ៊ុយណេ ក្នុងចំណែករៀងគ្នា ៥%​​ និង ៣% នៃការនាំចេញសរុប​​។

យោងតាមក្រុមហ៊ុន Semirara, ផលិតផលធ្យូងថ្មរបស់​​​ខ្លួន គឺស្មើនឹង​​ ៩៩​% នៃទិន្នផលធ្យូងថ្មសរុបនៅ​​ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​ទីផ្សារក្នុងស្រុក​ ដែលរួមទាំងរោងចក្រថាមពលក្រោមការគ្រប់គ្រងរបស់​ក្រុម​ហ៊ុន ​Semirara ផង ​បានទិញធ្យូងថ្ម​ប្រហែល ៥២% នៃបរិមាណ​សរុបដែលក្រុមហ៊ុន​ផលិត​បាន​កាលពីឆ្នាំមុន។​

ក្រុមហ៊ុន Semirara បាននិយាយថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួន​​បានធ្លាក់ចុះ​ ៤០​%​ មក​នៅត្រឹម​ជាង ​ ១៦០ លាន​​ដុល្លារ បើគិត​​ពីខែមករាដល់ខែមីនា។ ការថយចុះប្រាក់ចំណូល​មួយ​ផ្នែកគឺដោយសារ​​ការនាំចេញធ្យូងថ្មធ្លាក់​ចុះ​ និងដោយសារការ​ប្រែ​ប្រួល​តម្លៃ​ទី​ផ្សារ​៕




អត្ថបទបន្ទាប់


ប្រធានធនាគារចិនធ្វើទស្សនកិច្ចនៅប៉ាពូអាស៊ីនូវែលហ្គីណេ ចំពេលមានការប្រជែងជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិក

ព័ត៌មាន
កាលពីថ្ងៃព្រហស្បតិ៍ ធនាគារចិនបានបោះជំហានឆ្ពោះទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងដែលមានការប្រជែងគ្នាផ្ន…

ឥណ្ឌូនេស៊ីប្រកាសកញ្ចប់ឥណទានសរុប ៣០ ពាន់លានដុល្លារ ដើម្បីជួយផលិតករក្នុងស្រុកជំរុញការនាំចេញ

ព័ត៌មាន
សហគ្រាសខ្នាតតូច និងមធ្យមឥណ្ឌូនេស៊ីនឹងទទួលកញ្ចប់ឥណទាន ដែលមានតម្លៃសរុប៣០ ពាន់លានដុល្លារ ដើម្បីលើកកំពស់សមត្ថភាពផលិតកម្មនៅក្នុងស្រុក និងពង្រឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ