ភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង


ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos កាលពីថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីបើក «ទំព័រថ្មី» នៃកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហារស៊ើបមួយចំនួនរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនេះ ត្រូវបានគេរំពឹងថា ក៏នឹងស្វែងរកដំណោះស្រាយសម្រាប់បន្ថយកម្ដៅតានតឹងជុំវិញបញ្ហានៅសមុទ្រចិនខាងត្បូង ដែលថ្មីៗនេះ ហ្វីលីពីន និងចិនហាក់មានការថ្នាំងថ្នាក់គ្នាមួយចំនួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ប្រធានាធិបតីហ្វីលីពីនធ្វើដំណើរទៅប្រទេសចិនដើម្បីពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូង

មុនពេលហោះហើរទៅកាន់ទីក្រុងប៉េកាំង លោក Marcos បាននិយាយអំពីការរំពឹងទុករបស់លោកសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ដែលនឹងកំណត់ជំហរមួយថ្មីសម្រាប់គោលនយោបាយការបរទេសរបស់ហ្វីលីពីនចំពោះទីក្រុងប៉េកាំង ដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុងម៉ានីល ប៉ុន្តែជាគូប្រជែងដ៏ស្រួចស្រាលនៃជម្លោះក្នុងសមុទ្រចិនខាងត្បូងនោះ។

បើតាមគម្រោង លោក Marcos និងប្រធានាធិបតីចិនលោក Xi Jinping នឹងជួបគ្នានៅថ្ងៃពុធ ទី៤ នេះ។ ហើយក្នុងនោះ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang និងលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ដែលអ្នកទាំងពីរនឹងត្រូវចូលនិវត្តន៍នៅខែមីនានោះ ក៏មកជួបជាមួយលោក Marcos ដោយផ្ទាល់ផងដែរ។

មែនទែនទៅ រដ្ឋអំណាចទីក្រុងម៉ានីល គ្រោងនឹងបន្តការចូលរួមរបស់ខ្លួននៅក្នុងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលព្យាយាមជៀសវាងការកើនឡើងនៃជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមលោក Neal Imperial ជំនួយការលេខាធិការក្រសួងការបរទេសហ្វីលីពីនទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកបានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុន។

ជាមួយគ្នានោះ បើតាមលោក នាល បានគូសបញ្ជាក់ទៀតថា ក្នុងជំនួបផ្ទាល់នោះ ប្រធានាធិបតីហ្វីលីពីនរូបនេះ ត្រូវបានគេរំពឹងថា នឹងអាចត្រូវលើការចុះហត្ថលេខារហូតដល់ ១៤ នៃកិច្ចព្រមព្រៀងក្នុងវិស័យដូចជា ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ថាមពលកកើតឡើងវិញ ក៏ដូចជា «ជំនួយឥតសំណងដែលអាចធ្វើទៅបាន» ដែលមានចំនួនជាង ២០០ លានដុល្លារពីសំណាក់ប្រទេសចិន។

គួររំលឹកបន្តិចថា ដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៉េកាំងរបស់លោក ម៉ាកូស នេះ កើតឡើងបន្ទាប់ពីភាពតានតឹងបានកើនឡើងសាជាថ្មីក្នុងបញ្ហាជម្លោះនៃសមុទ្រចិនខាងត្បូង។ យោធាហ្វីលីពីន កាលពីខែមុនបានរាយការណ៍ថា ខ្លួនបានត្រួតពិនិត្យឃើញមាន «វត្តមានជាបន្តបន្ទាប់នៃនាវាជីវពលចិន» ក្នុងតំបន់ថ្មប៉ប្រះទឹកជុំវិញកោះធីទូ (Thitu) ដែលគ្រប់គ្រងដោយហ្វីលីពីនក្នុងប្រជុំកោះ Spratly។

ទន្ទឹមនឹងគ្នានេះ ទីក្រុងម៉ានីលបាននិយាយកាលពីពេលថ្មីៗនេះដែរថា ហ្វីលីពីននឹងបើកខ្សែទំនាក់ទំនងថ្មីជាមួយប្រទេសចិន ដើម្បីការពារការប៉ះទង្គិចដោយចៃដន្យក្នុងដែនទឹកដែលកំពុងតែមានជម្លោះនោះ។ យោងតាមមន្ត្រីក្រសួងការបរទេសហ្វីលីពីនបាននិយាយថា គោលបំណង គឺដើម្បីជៀសវាងការគណនាខុស និងបើកឱ្យមានទំនាក់ទំនង ប្រកបដោយភាពច្បាស់ការរវាងយោធា នៃប្រទេសទាំងពីរនៅក្នុងសមុទ្រហ្វីលីពីនខាងលិច ឬដែនទឹកដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូងនោះ។

បន្ថែមពីនោះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងរដ្ឋមន្ត្រីការបរទេសចិន ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីបណ្តាញសម្រាប់ការសន្ទនាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Marcos ទៅកាន់ប្រទេសចិននេះផងដែរ៕




អត្ថបទបន្ទាប់


WHO បារម្ភពីការកើតមានមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទទៀតនៅចិន និងស្នើឲ្យរដ្ឋាភិបាលផ្ដល់ព័ត៌មានបន្ថែម

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនហាក់បានរាយការណ៍ដោយមើលស្រាលពីស្ថានការណ៍កូវីដ១៩នៅក្នុងស្រុក ពិសេសគឺនៅពេលដែលស្ថានការណ៍ឆ្លងកាន់តែមានភាពធ្ងន់ធ្ងរទៅៗ …

របបយោធាមីយ៉ាន់ម៉ាប្រារព្ធទិវាឯករាជ្យ ដោយបានបង្ហាញពីអានុភាពកម្លាំងរបស់ខ្លួននៅក្នុងរដ្ឋធានីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មាន
កងទាហាន និងសព្វាវុធរបស់ប្រទេសមីយ៉ាន់ម៉ាបានដង្ហែឆ្លងកាត់រដ្ឋធានីណៃពិដោ ដែលបង្កើតឡើងដោយយោធា ដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់ប្រទេសនេះនៅថ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ