ធនាគារ ហ្វីលីព និង គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រេឌីត ច្របាច់បញ្ចូលគ្នា!

ធនាគារនិង​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​មួយ​គូ​ថ្មី​ទៀត​ហើយដែលច្របាច់បញ្ចូលគ្នា


ធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ទទួលបានការអនុម័ត​ចុង​ក្រោយ​លើ​ការ​រួម​បញ្ចូល​គ្នាហើយ​ ហើយ​នឹង​​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ដែល​មាន​បណ្តាញ​សាខា​ធំ​បំផុត​លំដាប់​ទី៣ នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោងតាម​ប្រកាសព័ត៌មាន​ពី​ស្ថាប័នទាំងពីរ​ នៅថ្ងៃ​ទី៣ កុម្ភៈ ២០២០​នេះ​។
ធនាគារ ហ្វីលីព (Phillip Bank) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit MFI) ប្រកាសរួម​បញ្ចូលគ្នា​ជា​ផ្លូវការ និងដំណើរការ​ក្រោម​ឈ្មោះ ធនាគារ ហ្វីលីព ភីអិលស៊ី។
ដោយ

ការរួមបញ្ចូលគ្នា រវាង ធនាគារ ហ្វីលីព (Phillip Bank) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit MFI) បានទទួលការអនុម័តជាផ្លូវការពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ការរួមបញ្ចូលគ្នានេះ ជាការរួមបញ្ចូលគ្នាដ៏ធំមួយក្នុងវិស័យធនាគារនៅកម្ពុជា ដែលបង្កើតឲ្យមានបណ្តាញសាខាធនាគារពាណិជ្ជដ៏ធំបំផុតលំដាប់ទី៣ ក្នុងប្រទេស។ 

ស្ថាប័នថ្មីនេះ នឹងដំណើរការប្រតិបត្តិក្រោមឈ្មោះជា ធនាគារ ហ្វីលីព ភីអិលស៊ី និងមានបុគ្គលិកបម្រើការងារច្រើនជាង២០០០នាក់ ហើយថ្នាក់គ្រប់គ្រងរបស់ធនាគារ ហ្វីលីព បានប្ដេជ្ញាថា ទាំងបុគ្គលិក ធនាគារ ហ្វីលីព និង ក្រេឌីត នឹងត្រូវរក្សានៅដដែល បន្ទាប់ពីការរួមបញ្ចូលគ្នានេះ។ 

ធនាគារ ហ្វីលីព ដែលបានរួមបញ្ចូលគ្នានេះ មានសាខាសរុបចំនួន៨៩ការិយាល័យ ទូទាំងប្រទេសកម្ពុជា ពោលគឺបញ្ចូលសាខាចំនួន៨៣កន្លែងរបស់ក្រេឌីត ជាមួយនឹងសាខាចំនួន៦កន្លែងរបស់ ធនាគារ ហ្វីលីព។ 

ការរួមបញ្ចូលគ្នានេះ មានន័យថា អតិថិជនរបស់ក្រេឌីត នឹងអាចប្រើប្រាស់រាល់សេវាកម្មបែបទំនើបរបស់ធនាគារ ហ្វីលីព ដូចជាសេវាបញ្ញើសន្សំ សេវាប្រាក់កម្ចី សេវាធនាគារចល័ត ព្រមទាំងសេវាធនាគារអនឡាញ ដែល​នឹង​ដាក់​ឲ្យ​ដំណើរការនា​ពេល​ឆាប់ៗខាងមុខនេះ។ ដោយឡែក អតិថិជនរបស់ ធនាគារ ហ្វីលីព នឹងអាចប្រើប្រាស់ម៉ាស៊ីនដក/ដាក់ប្រាក់របស់ក្រេឌីត ទូទាំងប្រទេស ដោយមិនមានការគិតថ្លៃសេវាបន្ថែមឡើយ។ 

នៅដំណាក់កាលដំបូង បន្ទាប់ពីការរួមបញ្ចូលគ្នាជាផ្លូវការនេះ សាខាទាំង១២របស់ក្រេឌីត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពត តាកែវ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ ក្រចេះ និងស្រុកស្វាយអន្ទរ នឹងត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី។ 

សាខាដែលផ្លាស់ប្តូរមុខមាត់ថ្មីទាំងនេះ នឹងមានរូបរាងដ៏ទាក់ទាញ និងរចនាបថទំនើប ដែលមានលក្ខណៈស្រដៀងនឹងសាខាគំរូរបស់ធនាគារហ្វីលីពស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ ដែលទើបតែដាក់សម្ពោធជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ហ្វីលីព បានបង្ហាញថា ស្ថាប័នដែលរួមបញ្ចូលគ្នានេះ មានទ្រព្យសម្បត្តិសរុបចំនួន៦២៣លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំចំនួន៤០០លានដុល្លារអាមេរិក និងឥណទានចំនួន៤៩០លានដុល្លារអាមេរិក រួមជាមួយនឹងអតិថិជនបញ្ញើសន្សំ ចំនួន ៩១.០០០នាក់ និងអតិថិជនកម្ចីជិត៦៩.០០០នាក់។ 

ម្ចាស់ភាគហ៊ុនតែមួយគត់ របស់ធនាគារដែលបានរួមបញ្ចូលគ្នានេះ គឺ ក្រុមហ៊ុន PhillipCapital របស់សិង្ហបុរី ដែលជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុចម្រុះ ដែលមានប្រតិបត្តិការក្នុង ១៥ប្រទេស ទូទាំងពិភពលោក និងមានទ្រព្យសម្បត្តិសរុបចំនួន៣៥ពាន់លានដុល្លារអាមេរិក។ 

ក្រុមហ៊ុន PhillipCapital គឺជាម្ចាស់ភាគហ៊ុនតែមួយគត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និងធនាគារ ហ្វីលីព នៅមុនពេលស្ថាប័នទាំង២ រួមបញ្ចូលគ្នា ហើយក្រុមហ៊ុនក៏នៅតែរក្សាភាគហ៊ុនធំរបស់ខ្លួន ១០០% ក្នុងស្ថាប័នដែលបានរួមបញ្ចូលគ្នានេះ ផងដែរ៕




អត្ថបទបន្ទាប់


ភូមិផ្កាត្រកួន គម្រោងបុរីលំហែកាយបែបធម្មជាតិនៅតំបន់ជាយក្រុងបើកសម្ពោធជាផ្លូវការហើយ

ព័ត៌មាន
ភូមិផ្កាត្រកួនបានសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភ្ញ…

ប្រទេសជាច្រើនក្នុងពិភពលោកផ្អាកជើងហោះហើរ រវាងចិនដោយសារ វីរុស កូរ៉ូណា

ព័ត៌មាន
ការផ្ទុះឡើងនៃមេរោគ កូរ៉ូណា ដែលជាជម្ងឺឆ្លងពីមនុស្ស ទៅមនុស្សនោះ បានធ្វើឲ្យ ប្រជាជនទូទាំងសកលលោក កាន់តែព្រួយបារម្ភខ្លាំងពី បញ្ហាសុខភាពរបស់ពួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ