ប្រុង​បិទ​ទូ ATM?

អ្នក​ប្រើ​ហ្វេសប៊ុក​រិះគន់​ ប៉ា សុជាតិវង្ស ចាស់ដៃ រឿង​ប្រុង​បិទ​ ATM នៅតាម​ទីសាធារណៈ


មួយថ្ងៃ​ បន្ទាប់​ពី​លោក​អភិបាលរាជ​ធានី​ភ្នំពេញ ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ថា គួរ​លុប​បំបាត់​ទូ​ ATM បើក​ប្រាក់នៅ​តាម​ទីសាធារណៈ អ្នក​ប្រើ​​ហ្វេសប៊ុក​ជា​ច្រើន​ បាន​នាំ​គ្នា​រិះគន់​លោក​យ៉ាង​ចាស់ដៃ។
ទូ​ ATM នៅ​តាម​ទីសាធារណៈ លើដង​វិថី​ព្រះនរោត្តម ក្បែរ​វិមានឯករាជ្យ។ រូបភាព៖ ហេង ភារម្យ
ដោយ
អំពី សង្គម

កាសែត កម្ពុជាថ្មី បាន​ចុះ​ផ្សាយ​លើ​គេហ​ទំព័រ​របស់​ខ្លួនដោយ​សរសេរ​ថា «លោក​ ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ថា ទូ​ដក​លុយ ATM គួរតែ​លុប​បំបាត់​ មិន​ឲ្យ​ដាក់​នៅ​តាម​ទីសាធារណៈ​នោះ​ទេ បើ​មិន​មាន​អ្នក​ការពារ អ្នក​មើល​ថែ បង្ក​ឲ្យ​មាន​បទ​ល្មើស​ តែ​ទូ​បើក​លុយ​នេះ បើ​អាច​ចល័ត​បាន​ អនុញ្ញាត ដូច្នេះ​ទេ មន្ត្រី​និង​សមត្ថកិច្ច​យើង​ត្រូវ​សិក្សា​រួម​គ្នា​មួយ ដើម្បី​លុប​បំបាត់​»។

អត្ថបទ​កម្ពុជាថ្មី​ដដែល បន្ត​ដកស្រង់​ប្រសាសន៍​លោក ប៉ា សុជាតិវង្ស ​បន្ត​ទៀត​ថា «ការ​ផ្ទុះ​ទូ ATM នៅ​មុខ​ពេទ្យ​កុមារជាតិ វា​ជា​រឿង​មួយ​ថ្មី ដែល​ក្នុង​នាម​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​តែ​បង្ការ​ និង​ទប់ស្កាត់​កុំ​ឲ្យ​កើត​ឡើង​ទៀត។ ... ដូច្នេះទេ ត្រូវតែ​សិក្សា​រួម​គ្នា​មួយ ឲ្យ​ច្បាស់ មុន​នឹង​ឈាន​ដល់​ការ​លុប​បំបាត់​ចោល​ ទូបើក​លុយ​ ATM នៅ​តាម​ទីសាធារណៈ​ទាំងអស់​នេះ»។

លោក ឆាយ សុផល ដែល​គេ​ស្គាល់​ថា ជា​សាស្ត្រាចារ្យ​សារព័ត៌មាន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សរសេរ​បែប​ចំអក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក យ៉ាង​ដូច្នេះ ៖ «សូមសរសើរគំនិត​ដ៏​ឧត្តុង្គឧត្តម មហា​លោត​ផ្លោះ ​មហាអស្ចារ្យ ពី​​ការ​​ផ្តួចផ្តើម​ឲ្យ​​បិទ​ទូ ATM នៅ​តាម​ដង​ផ្លូវ ក្រោយ​ពី​គំនិត​​បិទ​​មិន​​ឲ្យ​​ឡាន​​​ជជុះ​​ចូល...។ បន្ទាប់​ពី​នេះ មាន​ស្អី​ទៀត? នៅ​ប្រទេស​៩​ទៀត​របស់ ASEAN មាន​ប្រទេស​ណា​អត់​មាន ATM តាម​ផ្លូវ ដោយសារ​សន្តិ​សុខ? បើ​សម្រាក​បាន សម្រាកទៅ!!»

អ្នក​ប្រើ​​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ ហែន វិភាគ បាន​សរសេរ​ថា ៖ «តា​នេះ​មិន​ពង្រឹង​សន្តិសុខ​ទេ បែរ​ជា​កាត់​បន្ថយ​សេវា​កម្ម​ទៅ​វិញ? រក​អ្នក​ណា​ក្មេង​បន្តិច​មក​ធ្វើ​ចៅហ្វាយ​ក្រុង. . .»

អ្នក​ប្រើ​​ហ្វេសប៊ុក​មួយ​រូប​ទៀត ឈ្មោះ Sao Khosato សរសេរ​ថា ៖ «ប្លែកៗ​ពេក​ហើយ​លោក​អភិបាល ខ្សោយ​ខ្លួន​ឯង​ក្នុង​ការ​រក្សា​សន្តិសុខ​ទៅ​បិទ​មុខ​របរ​របស់​គេ ចឹង​ថ្ងៃ​ណា​មួយ អាច​បិទ​ទីតាំង​ដូរ​លុយ វេរ​លុយ ថែម​ទៀត ដើម្បី​រក្សា​សន្តិសុខ​ក្នុង​រាជ​ធានី​ភ្នំពេញ😂😂 (ប្រទេស​ណា​ក៏​មាន​បញ្ហា​ចោរកម្ម​ដែរ ប៉ុន្តែ​សំខាន់​បង្កើន​វិធានការ​ការពារ មិនមែន​មាន​បញ្ហា​អី​ទៅ​បិទ​បំបាត់​បញ្ហា​នោះ​ទេ)»។

ភាគច្រើន​នៃ​មតិ​យោបល់​របស់​អ្នក​ប្រើ​​ហ្វេសប៊ុក បាន​នាំ​គ្នា​រិះគន់​ចំពោះ​ប្រសាសន៍​របស់​លោក ប៉ា សុជាតិវង្ស ជុំវិញ​រឿង​ប្រុង​បិទ​ទូ ATM នៅ​តាម​ទីសាធារណៈ ដោយ​អ្នក​ខ្លះ​ថែម​ទាំង​ចំអក​ឲ្យ​ថែម​ទៀត​ផង។ 

គេ​នៅ​ចាំបានថា លោក​អភិបាល​រាជ​ធានី​ភ្នំពេញ ប៉ា សុជាតិវង្ស ធ្លាប់​លើក​ឡើង​អំពី​គម្រោង​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការនាំ​ចូល​រថយន្ត​ជជុះ ដើម្បី​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍។ ប៉ុន្តែ សំណើ​នេះ​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោល បន្ទាប់​ពី​មាន​មតិ​រិះគន់​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក៕




អត្ថបទបន្ទាប់


វេជ្ជ. គួច ម៉េងលី ចង់​បើក​សកលវិទ្យាល័យ​និង​សាលាពេទ្យ​ ប៉ុន្តែ ក្រសួង​មិន​អនុញ្ញាត

ព័ត៌មាន
លោក​វេជ្ជបណ្ឌិត គួច ម៉េងលី បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ ជាមួយ ខេមបូណូមិស ថា លោក​មាន​បំណង​ចង់​បើក​សាលាពេទ្យ និង​សាកលវិទ្យ…

អាយុ​ត្រឹម​២៦ឆ្នាំ ក្លាយ​ជា​មហាសេដ្ឋី​ក្មេង​ជាង​គេ​បំផុត​លើ​ពិភព​លោក

ព័ត៌មាន
រៀងរាល់ឆ្នាំ ទស្សនាវដ្ដី​ពិភព​លោក Forbes ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​លំដាប់​កំពូលៗ​នៅ​លើ​ពិភពលោក និង​នៅ​តាម​ប្រទេស​នីមួយៗ។ អ្វីដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ