វិស័យកសិកម្ម

ក្រុមអ្នកចិញ្ចឹមជ្រូកស្នើឲ្យបិទការនាំចូលជ្រូក ពិសេសបង្ក្រាបការនាំចូលខុសច្បាប់!


បើទោះបីជា រាជរដ្ឋាភិបាលបានកាត់បន្ថយ និង ចាត់វិធានការរឹតបន្ដឹងលើការនាំចូលសត្វជ្រូករស់ពីក្រៅប្រទេសមកនៅតិចជាងមុនក្ដី ប៉ុន្ដែបញ្ហានាំចូលជ្រូកកំពុងមានការរអ៊ូរទាំពីសំណាក់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកជាថ្មីទៀតហើយ ដោយពួកគេបានស្នើឲ្យរដ្ឋាភិបាលពិសេសក្រសួងកសិកម្មបិទការនាំចូលជ្រូក ដ្បិតថា បច្ចុប្បន្នការចិញ្ចឹមក្នុងស្រុកកំពុងមានលក្ខណៈប្រសើរឡើងច្រើន ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន។
សកម្មភាពនាំចូលសត្វជ្រូក

ជុំវិញ​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​ដាក់​ការ​រឹត​បន្ដឹង​ការ​នាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស ប៉ុន្ដែ បញ្ហា​នៅ​ត្រង់​ថា នៅ​តែ​មានការ​លួច​នាំ​ចូល​ជ្រូក​ខុសច្បាប់​មក​កម្ពុជា​ដដែល បញ្ហា​នេះ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជ្រូក​នៅ​ក្នុងស្រុក​យ៉ាងធ្ងន់ធ្ងរ​។

ក្រុម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​អះអាង​ថា ការ​ចិញ្ចឹម​ជ្រូក​នៅ​ក្នុងស្រុក​នៅ​រយៈពេល​ចុង​ក្រោយ​នេះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន ដែល​អាច​ឆ្លើយ​តប​បាន​គ្រប់គ្រាន់​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដោយ​មិន​ចាំបាច់​មានការ​នាំ​ចូល​ពី​ក្រៅប្រទេស​ជ​នោះ​ទេ​។

ជុំវិញ​នឹង​បញ្ហា​នេះ ឧកញ៉ា​បណ្ឌិត ម៉ុង ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប និង​ជា​មហាសេដ្ឋី​កសិកម្ម​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​កម្ពុជា បាន​អះអាង​ថា​ប្រាប់ ខេ​ម​បូ​ណូ​មី​ស​ថា  ការ​ចិញ្ចឹម​ជ្រូក នា​ពេល​បច្ចុប្បន្ន មាន​លក្ខណៈ​ល្អ​ប្រសើរ ទោះ​ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​-១៩ ក៏​ដោយ​។ សម្ទុះ​នៃ​អ្នក​ចិញ្ចឹម​ជ្រូក​កើនឡើង ដើរ​ទន្ទឹម​នឹង​កម្ពុជា​កាន់តែ​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​។ ត្រង់​ចំណុច​នេះ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី យល់​ថា វា​មិន​ចាំ​ទាល់តែ​សោះ ក្នុង​ការ​បើក​ឱ្យ​មានការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​នោះ​។

មានបទពិសោធន៍​រាប់​សិប​ឆ្នាំ​ក្នុង​វិស័យ​កសិកម្ម មហាសេដ្ឋី​កសិកម្ម ឧកញ៉ា ម៉ុង ឫ​ទ្ធី បាន​បញ្ជាក់​ថា ការ​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ជ្រូក​រស់​ពី​ខាងក្រៅ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​លក្ខណៈ​តូចតាច និង មធ្យម​នោះ​ទេ ថែម​ទាំង​បង្ក​ហានិភ័យ​ឆ្លង​ជំងឺ​ផ្សេង​ៗ ដល់​ជ្រូក​ក្នុងស្រុក​យើង​ថែម​ទៀត​ផង​ដែរ​។

ជុំវិញ​នឹង​បញ្ហា​នាំ​ចូល​ជ្រូក​រស់​នេះ​ដែរ លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏​យល់​ស្រប​ដូច​គ្នា​ដែរ​ថា​កម្ពុជា មិន​គួរ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូក​រស់​មក​កម្ពុជា​បន្ត​ទៀត​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់ ដល់​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ពិសេស​កសិករ​តូចតាច និង មធ្យម​។ លោក ស្រ៊ុ​ន ពៅ អះអាង​ថា បរិមាណ​ដែល​ក្រសួង​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូក​រស់ មក​កម្ពុជា បច្ចុប្បន្ន ប្រមាណ ១​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ​ក៏​ពិតមែន ក៏​ប៉ុន្តែ សកម្មភាព​នៃ​ការ​នាំ​ចូល​ជ្រូក​រស់​ដែល​នាំ​ចូល​ខុសច្បាប់​ក៏​មាន​ជា​បន្តបន្ទាប់​ដែរ​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា រូប​នេះ យល់​ថា បើសិនជា​ក្រសួងកសិកម្ម​អាច​គ្រប់គ្រង​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ឈ្មួញ​ខិលខូច​បាន បរិមាណ​នាំ​ចូល​ជ្រូក​រស់ ១​ពាន់​ក្បាល​នេះ មិន​បង្ក​ហានិភ័យ​ដល់​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ សកម្មភាព​នៃ​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់ នៅ​តែ​មាន​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ក្រុម​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក បន្ត​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព លើ​ឈ្មួញ​ខិលខូច​ទាំងនេះ​។

ជា​ការ​ឆ្លើយ​តប​បកស្រាយ​នូវ​ការ​លើក​ឡើង​ពី​ូ​បញ្ហា​ទាំង​អស់នេះ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន​លើក​ឡើង​ថា ក្រសួងកសិកម្ម បាន​ធ្វើការ​ច្រើន​មក​ហើយ​លើ​បញ្ហា​ទាំង​អស់នេះ​។ កន្លង​មក ក្រសួងកសិកម្ម ក៏​បាន​រឹត​បន្តឹង ការ​នាំ​ចូល​ជ្រូក​រស់​ពី​ខាងក្រៅ ប៉ុន្តែ​ដោយសារ​មាន​ឈ្មួញ​ខិលខូច បាន​នាំ​ចូល​ជ្រូក​រស់​ខុសច្បាប់​មក​កម្ពុជា ទើប​ធ្វើ​ឲ្យ​បញ្ហា​នេះ ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​។ ពាក់ព័ន្ធ ការ​ស្នើ​សុំ​ពី​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ឱ្យ​បិទ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ក្រៅប្រទេស ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម មិន​បាន​ឆ្លើយ​តប​អ្វី​នោះ​ទេ ដោយ​ឯកឧត្តម​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ដោយ​ខ្លី​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង ផលិតកម្ម​សត្វ ជាមួយ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា នឹង​ជួប​ពិភាក្សា​គ្នា រក​ដំណោះស្រាយ និង ឈាន​ដល់​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ខាងក្រៅ​ប្រទេស​បន្ថែម​ទៀត​។

យោង​តាម​លិខិត​មួយ​របស់​ក្រសួងកសិកម្ម​ផ្ញើ​ជូន​ទៅ​កាន់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៦ ខែកក្កដា​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ក្រសួងកសិកម្ម​បាន​កាត់​បន្ថយ​ចំនួន​ជ្រូក​នាំ​ចូល​ពី​បរទេស​ពី​ជាង​២​ម៉ឺន​ក្បាល​ក្នុង​មួយ​ថ្ងៃ មក​នៅ​ត្រឹម​៦​ពាន់​៧​រយ​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី ២៤​ខែកុម្ភៈ​ឆ្នាំ​២០២០ ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជ្រូក​ក្នុង​ចំនួន​៦​ពាន់​៧​រយ​ក្បាល​ក្នុង​មួយ​ថ្ងៃនេះ  គឺ​ដើ​ម្ប​បង្កើន​ផលិតកម្ម​ជ្រូក​ក្នុងស្រុក និង​រក​ទីផ្សារ​ជូន​កសិករ​ខ្មែរ​យើង ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក និង សមាគម​ចិញ្ចឹមសត្វ​កម្ពុជា ដើម្បី​បំពេញ​នូវ​កង្វះខាត ១៨%​តែ​ប៉ុណ្ណោះ​។

បើ​តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា មក​ទល់​ពេល​នេះ ការ​នាំ​ចូល​ជ្រូក​បាន​ថយ​ចុះ​ពី​ជាង​៦​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ មក​នៅ​ត្រឹមតែ​ជាង​១​ពាន់​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្ដែ បញ្ហា គឺ​នៅ​ត្រង់​ថា មាន​អ្នក​នាំ​ចូល​ជ្រូក​ខុសច្បាប់​។

សូម​បញ្ជាក់​ថា តម្លៃ​ជ្រូក​រស់ ហាក់​ធ្លាក់​ចុះ​បន្តិច​នៅ​រយៈពេល ១​ខែ​ចុង​ក្រោយ​នេះ​។ សព្វថ្ងៃ តម្លៃ​ជ្រូក​រស់ អាច​លក់​បាន ១៣.០០០​រៀល ក្នុង​មួយ​គីឡូក្រាម ខណៈ​កាលពីមុន តម្លៃ​ជ្រូក​រស់ អាច​លក់​បាន​រហូត ១៥.០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ជា​ទូទៅ កម្ពុជា ត្រូវការ​ជ្រូក​រស់​ប្រមាណ ៨​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ ខណៈ​ការ​ផ្គត់ផ្គង់​ជ្រូក​រស់នៅ​ក្នុងស្រុក បាន​ប្រមាណ ៧​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​៕

អត្ថបទ៖ ខន​ ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនឌីជីថលវ័យក្មេងកម្ពុជាចំនួន ៥ ក្រុម ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតកម្មវិធី SmartStart ដើម្បីឈ្នះប្រាក់រង្វាន់ ១០,០០០ ដុល្លារ

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ - បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញន្ថែមក្នុងវគ្គ Bootcamps វគ្គ Hackathons និងវគ្គសិក្សា…

តើកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការនាំចេញផលិតផលកសិកម្មដោយត្រង់ទៅទីផ្សារក្រៅប្រទេសដោយរបៀបណា?

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាបានស្ទុះឡើងយ៉ាងខ្លាំង ប៉ុន្ដែក្នុងនោះ ការនាំចេញរបស់កម្ពុជាដោយត្រង់ទៅកាន់ទីផ្សារក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ