តម្លៃជ្រូករស់

រដ្ឋមន្ត្រីកសិកម្មប្រាប់ពីមូលហេតុ ដែលតម្លៃជ្រូករស់ធ្លាក់ចុះ ខណៈរដ្ឋបន្តកាត់បន្ថយការនាំចូលជ្រូករស់នៅត្រឹម៣០០ក្បាលក្នុងមួយថ្ងៃ


បញ្ហាការនាំចូលជ្រូករស់ពីបរទេសនៅតែជាបញ្ហារបស់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក ដោយក្រុមកសិករអះអាងថា វាជាបញ្ហាមួយដែលធ្វើឲ្យតម្លៃជ្រូករស់នៅក្នុងស្រុកធ្លាក់ចុះ ហើយអ្នកចិញ្ចឹមជ្រូកនៅតែទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា បិទការនាំចូលជ្រូករស់ពីខាងក្រៅទាំងស្រុង បើទោះបី កន្លងមក រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តកាត់បន្ថយការនាំចូលជ្រូករស់ពីបរទេសជាបន្តបន្ទាប់មកនៅចំនួនកាន់តែតិចទៅៗក៏ដោយចុះ។
កសិដ្ឋានចិញ្ចឹមជ្រូករបស់កសិករក្នុងស្រុកមួយកន្លែង

ដើម្បី​សម្រួល​ដល់​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក កន្លង​មក ក្រសួងកសិកម្ម បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​បរទេស​មក​នៅ​ត្រឹម ៧០០​ក្បាល ទៅ​៨០០​ក្បាល ក្នុង​មួយ​ថ្ងៃ ហើយ​សព្វ​ថ្ងៃនេះ ក្រសួង​បន្ត​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់​មក​នៅ​ត្រឹមតែ​៣០០​ក្បាល ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ​។ បើ​ទោះបី ចំនួន​នៃ​ការ​នាំ​ចូល​ជ្រូករ​ស់ត្រូវ​បាន​កាត់​បន្ថយ​ក៏​ពិតមែន តែ​តម្លៃ​ជ្រូក​រស់នៅ​រក្សា​តម្លៃ ៩​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ដដែល​។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​បន្ត​ធ្លាក់​ថ្លៃ​ដូច្នេះ?

ជុំវិញ​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​នេះ​ដែរ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទទួលស្គាល់​ថា ពិតជា​មាន​តម្លៃ​ទាប​ពិតមែន និង​បាន​បង្ហាញ​ពី​មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​រស់​បន្ត​ធ្លាក់​ចុះ​យ៉ាង​ដូច្នេះ​។ ឯកឧត្តម វេ​ង សា​ខុន លើក​ឡើង​ថា បញ្ហា​ចម្បង​ៗ​រួម​មាន កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​កើនឡើង​, ការ​ខកខាន​នៃ​ការ​បញ្ចេញ​ជ្រូក​នៅ​ក្នុង​រដូវ​ភ្ជុំ​, តម្លៃ​ជ្រូក​រស់នៅ​ប្រទេស​ជិតខាង​ទាប​ជាង​, វិបត្តិ​កូ​វី​ដ​១៩, រួម​ទាំង​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់ សុទ្ធតែ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​ធ្លាក់​ចុះ​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិតជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​វិស័យ​ចិញ្ចឹមសត្វ ពិសេស​សកម្មភាព​បង្ក្រាប និង​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​រស់​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​។ លោក ស្រ៊ុ​ន ពៅ បាន​គូសបញ្ជាក់​ថា ការ​ខិតខំ​របស់​ក្រសួង​-​ស្ថាប័ន កន្លង​មក ពិតជា​ចូលរួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់ បើ​ប្រៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​។ ក៏​ប៉ុន្តែ អ្វី​ដែល​ប្រធាន​សមាគម​រូប​នេះ នៅ​តែ​មាន​ក្ដី​កង្វល់​នោះ គឺ​បច្ចុប្បន្ន ការ​នាំ​ចូល​ជ្រូក​រស់​ដោយ​ខុសច្បាប់​នៅ​តែ​បន្ត​មាន​សកម្មភាព​គ្រប់​រូបភាព​។

បើ​ទោះបី បច្ចុប្បន្ន វិស័យ​ចិញ្ចឹម​ជ្រូក​មានការ​រីក​ចម្រើន ក៏​ពិតមែនតែ លោក ស្រ៊ុ​ន ពៅ នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ក្រៅប្រទេស​ទាំងស្រុង​។ លោក ស្រ៊ុ​ន ពៅ បាន​អះអាង​ថា កសិករ​ខ្មែរ​មាន​លទ្ធភាព​គ្រប់គ្រាន់​ហើយ ក្នុង​ការ​ផ្គត់ផ្គង់​ជ្រូក​រស់​លើ​ទីផ្សារ​ក្នុងស្រុក ដូច្នេះ មិន​ចាំបាច់​នោះ​ទេ ដែល​កម្ពុជា បន្ត​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូក​រស់​ពី​ខាងក្រៅ​បន្ត​ទៀត​។

ចំណែក លោក មៀ​ច ពុទ្ធា អ្នក​ចិញ្ចឹម​ជ្រូក​ម្នាក់ ក្នុង​ខេត្តពោធិ៍សាត់ ក៏​បាន​រអ៊ូរទាំ​ផង​ដែរ​ពី​តម្លៃ​ជ្រូក​រស់ នា​ពេល​បច្ចុប្បន្ន​។ កសិករ​រូប​នេះ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ថា តម្លៃ​ជ្រូករ​ស់បាន​ធ្លាក់​ចុះ​តាំងពី​រដូវ​បុណ្យ​ភ្ជុំ​ម្លេះ តែ​បច្ចុប្បន្ន តម្លៃ​ជ្រូករ​ស់បាន​ធ្លាក់​ចុះ​បន្ថែម​ទៀត ខណៈ​ការ​ចំណាយ​លើ​ថ្លៃ​ចំណី​កាន់តែ​ខ្ពស់​ផង​ដែរ​។ លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​រដូវ​ភ្ជុំបិណ្ឌ​លោក​អាច​លក់​ជ្រូក​រស់ ក្នុង​តម្លៃ ១​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម ខណៈ​បច្ចុប្បន្ន តម្លៃ​ជ្រូក​រស់​អាច​លក់​បាន​ត្រឹម ៩​ពាន់​រៀល ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។

បច្ចុប្បន្ន កម្ពុជា មាន​តម្រូវការ​ជ្រូក​រស់​ប្រមាណ ៨​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ នៅ​លើ​ទីផ្សារ​ក្នុងស្រុក ខណៈ​កម្ពុជា មាន​លទ្ធភាព​ផ្គត់ផ្គង់​ជ្រូក​រស់​ជិត ៨​ពាន់​ក្បាល ទៅ​ហើយ ក្នុង​មួយ​ថ្ងៃ ដូច្នេះ កម្ពុជា មិន​ចាំបាច់​នោះ​ទេ ក្នុង​ការ​បន្ត​នាំ​ចូល​ជ្រូក​រស់​ពី​បរទេស​បន្ត​ទៀត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា៖ ជប៉ុនសន្យាបោះដៃចូលជួយកម្ពុជាលើការអភិវឌ្ឍន៍វិស័យថាមពល

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានបញ្ជាក់ថា ជប៉ុនបានបង្ហាញឆន្ទៈចូលរួមចំណែកជួយកម្ពុជាលើការអភិវឌ្ឍគម្រោងថាមពលអគ្គិសនីថ្មីៗនាពេលខាងមុខ ប្រសិនបើ…

សេដ្ឋកិច្ចឥណ្ឌាស្ទុះងើបប្រសើរជាងកម្រិតមុនមានពេលកូវីដ១៩ទៅទៀត តើមកពីហេតុអ្វី?

ព័ត៌មាន
ក្រោយរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ឥណ្ឌាកំពុងមានកំណើនសេដ្ឋកិច្ចល្អជាងមុនពេលមានកូវីដ-១៩ទៅទៀត ហេតុអ្វី? សេដ្ឋកិច្ចឥណ្ឌាកំពុងមានកំណើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ