ប្រទេសថៃ

តើអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន បោះពាក្យសម្ដីឆ្លើយឆ្លងអ្វីខ្លះទៅលោក ប្រាយុត ចាន់អូចា?


អាយៃឆ្លើយឆ្លងគ្នារវាង អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ី និងនាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អូចា កំពុងបន្ដធ្វើឡើងជាបន្ដបន្ទាប់នាពេលថ្មីៗនេះ។ តួយ៉ាង អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានបណ្តេញចេញពីតំណែង និងនិរទេសខ្លួននៅក្រៅប្រទេស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានោះ បានឆ្លើយតបនឹងពាក្យចាក់ដោតរបស់នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ដោយនិយាយថា លោកនឹងត្រឡប់ទៅប្រទេសថៃវិញជាមិនខានឡើយ។
អាយៃឆ្លើយឆ្លងគ្នារវាង អតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ី និងនាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អូចា កំពុងបន្ដធ្វើឡើងជាបន្ដបន្ទាប់នាពេលថ្មីៗនេះ។
ដោយ

ការបោះពាក្យយ៉ាងដូច្នេះ របស់លោកថាក់ស៊ីន គឺធ្វើឡើងនៅក្រោយពីលោកប្រាយុត ចាន់អូចា បាននិយាយនៅក្នុងសភា ដោយបបួលឱ្យគណបក្សភឿថៃហៅ អតីតមេដឹកនាំនិរទេសខ្លួនរបស់បក្សនេះចំនួន ២ រូបគឺលោក ថាកស៊ីន និងប្អូនស្រីបង្កើតរបស់លោក គឺលោកស្រី យីងឡាក់ ឲ្យចូលមកប្រកួតនយោបាយ ដើម្បីដោះស្រាយបញ្ហានៅប្រទេសថៃជាមួយលោក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។

លោក ថាក់ស៊ីន បាននិយាយជាសារក្នុងការជជែកកម្សាន្តតាមកម្មវិធីអេប ClubHouse ដែលដាក់ឈ្មោះថា Tony Woodsome កាលពីយប់ថ្ងៃអង្គារថា លោកច្បាស់ជានឹងត្រឡប់ចូលប្រទេសថៃវិញយ៉ាងពិតប្រាកដ។

លោក ថាក់ស៊ីន ដែលបានបង្ហោះសារនៅតាមកម្មវិធីអេបនេះជាប្រចាំ ក៏បានសើចចំអកដាក់លោកឧត្តមសេនីយ៍ ប្រយុត ចាន់អូចា ផងដែរ ដោយលោកបាននិយាយថា លោកនាយករដ្ឋមន្ត្រីថៃរូបនេះ ហាក់ដូចជាគិតពីលោក ថាក់ស៊ីន គ្រប់ពេលវេលាពេកហើយ។

នាយករដ្ឋមន្ត្រីនិរទេសខ្លួនរូបនេះបាននិយាយថា ប្រសិនបើលោក ប្រាយុត សួរថា តើលោក ថាក់ស៊ីន កំពុងនៅឯណានោះ លោកនឹងនិយាយថា លោកតែងតែស្ថិតនៅក្នុងចិត្តរបស់លោកប្រាយុតគ្រប់ពេលវេលា ហើយនៅពេលក្រុមអ្នកកាសែតសួរលោក ចាន់អូចា ឬក៏នៅពេលណាមានការពិភាក្សាដេញដោលក្នុងសភា ក៏លោកតែងតែមានស្ថិតនៅក្នុងចិត្តរបស់លោក ប្រាយុតមុនគេជានិច្ច។

លោក ថាក់ស៊ីន បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃមានយុទ្ធសាស្ត្ររឹងមាំ ហើយបាននិយាយថា លោកសុខចិត្តផ្តល់ដំបូន្មានប្រសិនបើលោកប្រាយុត ចាន់អូចា ស្នើសុំមែននោះ។

ការអត្ថាធិប្បាយរបស់លោក ថាក់ស៊ីន នេះបានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ ចាន់អូចា និយាយតតាំងជាមួយគណបក្សភឿថៃ ដោយបបួលឱ្យគណបក្សនេះ ហៅអតីតនាយករដ្ឋមន្ត្រី២រូបដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គឺលោក ថាក់ស៊ីន និងប្អូនស្រីរបស់លោកគឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ឱត្រឡប់ចូលប្រទេសកំណើតវិញ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ខណៈដែលលោកបាននិយាយនៅថ្ងៃដំបូងនៃការជជែកដេញដោលក្នុងសភាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

លោក ចាន់អូចា បាននិយាយក្នុងន័យដៀមដាមទៅរកក្រុមគណបក្សភឿថៃថា ក្នុងនាមជានាយករដ្ឋមន្ត្រីលោកមិនចេះដឹងគ្រប់រឿងនោះទេ។ លោកមិនពូកែគ្រប់រឿងនោះទេ។ លោកមិនមែនជាអ្នកដែលគណបក្សនេះអាចនិយាយថា ជាមនុស្សឆ្លាតបំផុតនោះឡើយ ប៉ុន្តែលោកចោទសួរវិញថា តើពេលនេះលោក ថាក់ស៊ីន នៅឯណាហើយ?

លោកឧត្ដមសេនីយ៍រូបនេះបានបន្ថែមថា លោកដឹងថាពួកគេប្រហែលជាសរសើរមនុស្សមួយចំនួនដែលធ្លាប់កាន់តំណែងនេះហើយមើលទៅ ហើយសរសើរពួកគេថាធ្វើការងារបានល្អជាងលោកទៅទៀត។ លោកប្រាយុតសង្កត់ធ្ងន់ថា «វាល្អហើយ បើអ៊ីចឹងសូមហៅអ្នកទាំងនោះឱ្យត្រឡប់ចូលស្រុកកំណើតវិញប្រសិនបើពួកគេចិត្តសឿងមែននោះ» ។

នៅពេលសួរជុំវិញការអះអាងរបស់លោក ថាក់ស៊ីន បែបនេះលោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានចង្អុលនៅត្រង់បបូរមាត់របស់លោកដោយបាននិយាយថា លោក ថាក់ស៊ីន បានត្រឹមតែនិយាយតែប៉ុណ្ណោះ ព្រោះមនុស្សអាចនិយាយអ្វីតាមតែចិត្តគេនឹកឃើញចង់និយាយ។

លោក ថាក់ស៊ីន បានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ២០០៨ភ្លាមៗ មុនពេលត្រូវបានកាត់ទោសដោយតុលាការកំពូលពីបទបំពានអំណាចពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញដីមួយកន្លែង ខណៈដែលលោកស្រី យីងឡាក់ បានភៀសខ្លួននៅឆ្នាំ២០១៧ភ្លាមៗមុនពេលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំពីបទ មិនអើពើនឹងអំពើពុករលួយនៅក្នុងគម្រោងសន្យាទិញស្រូវជាលើកដំបូងរបស់រដ្ឋាភិបាលរបស់លោកស្រីនាពេលនោះ។

កាលពីខែមករាឆ្នាំនេះលោក ថាក់ស៊ីន បានប្រកាសក្ដែងៗ ពីផែនការបញ្ចប់ការនិរទេសខ្លួន ហើយត្រឡប់ចូលប្រទេសថៃវិញនៅឆ្នាំនេះ ដែលលោកបានទុកថា វាជា «អំណោយសម្រាប់ប្រជាជនថៃ»៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បុរសខ្លាំងអាមេរិក និងចិន គ្រោងជួបគ្នាក្នុងពេលឆាប់ៗនេះ ស្របពេលដែលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកាន់តែប្រេះឆា

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក Joe Biden គ្រោងនឹងជួបទល់មុខជាមួយសមភាគីចិន លោក Xi Jinping នៅចុងខែនេះ ក្នុងពេលដែលភាពតានតឹងរវាងមហាអំណាចទាំ…

ចិនលុបចោលការពិន័យលើអ្នកនាំចូលគ្រឿងសមុទ្រវៀតណាមវិញហើយ ទោះត្រូវប្រឈមនឹងការរកឃើញកូវីដ១៩

ព័ត៌មាន
ស្ថានទូតចិនប្រចាំនៅទីក្រុងហាណូយប្រទេសវៀតណាមបានប្រកាសឱ្យដឹងថា អាជ្ញាធរចិននឹងលែងដាក់ពិន័យលើអ្នកនាំចេញអាហារសមុទ្រពីប្រទេសវៀតណាមទៀតហើយ បើទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ