សុខភាពកុមារ

ការ​បំពុល​បរិស្ថាន​សម្លាប់​កុមារ ១,៧លាន​​នាក់​ក្នុង​មួយឆ្នាំៗនៅ​ទូទាំង​ពិភព​លោក


ការ​បំពុល​បរិស្ថាន គឺ​ជា​​ឃាតក​ដ៏​គួរ​ឲ្យ​ខ្លាច​ញញើត​​មួយ នៅ​ពិភព​លោក។ របាយការណ៍​ ០២ ដែល​ចេញ​ដោយ​អង្គការ សុខភាពពិភពលោក (WHO) បង្ហាញថា បរិស្ថាន​គ្មាន​អនាម័យ​ទទួល​ខុស​ត្រូវ​ចំពោះ​ ១/៤​នៃ​ការស្លាប់​របស់​កុមារតូច។
ការបំពុល​បរិស្ថាន ត្រូវគេបន្ទោស​ថា ជា​មូលហេតុ​ដែល​សម្លាប់​កុមារ ១,៧លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ នៅ​ទូទាំង​ពិភពលោក។
ដោយ

យោង​តាម​របាយការណ៍​ដដែល ការបំពុល​បរិស្ថាន​សម្លាប់​ជីវិត​កុមារ​អាយុ​ក្រោម ៥ឆ្នាំ ១លាន​ ៧សែន​នាក់ ក្នុង​មួយ​ឆ្នាំៗ នៅ​ទូទាំង​ពិភព​លោក។ 

លោកស្រី ម៉ាហ្គារ៉ែត ចាន់ អគ្គនាយិកា​ អង្គការ​ សុខភាព​ពិភព​លោក មាន​ប្រសាសន៍​នៅក្នុង​សេចក្ដី​ថ្លែងការណ៍ ចេញផ្សាយ​ថ្ងៃទី៧ មីនា ថា ៖ «ការបំពុល​បរិស្ថានគឺ​ជា​កត្តា​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ជាពិសេស ចំពោះ​កុមារតូចៗ។ សរីរាង្គ និង​ប្រព័ន្ធ​ភាពស៊ាំ​ដែល​កំពុង​លូតលាស់ រូបរាងកាយ​តូច និង​ប្រព័ន្ធ​ដក​ដង្ហើម​របស់​កុមារតូច ធ្វើ​ឲ្យ​ពួកគេ​ងាយរងគ្រោះ​ដោយសារ​ខ្យល់​និង​ទឹក​កខ្វក់​ខ្លាំងណាស់»។

សេចក្ដី​ថ្លែងការណ៍ សរសេរ​ថា ភ្នាក់ងារ​បំពុល​ចម្បង គឺ​នៅ​ក្នុង​ខ្យល់ ដែល​បណ្ដាល​ឲ្យ​កុមារអាយុ​ក្រោម​៥ឆ្នាំ​ ស្លាប់​ចំនួន ៥សែន ៧ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំៗ។ ការបំពុល​ខ្យល់អាច​បន្ទច់បង្អាក់​ការលូត​លាស់​ខួរក្បាល កាត់​បន្ថយ​មុខងារ​សួត និង​បណ្ដាល​ឲ្យ​កើត​ជំងឺ​ហឺត។ ក្នុង​រយៈពេល​វែង កុមារដែល​ស្រូប​ខ្យល់​ពុល​អាច​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ឬ​មហារីក។ 

ចំពោះ​បញ្ហា​នេះ អង្គការ សុខភាពពិភព​លោក ផ្ដល់​អនុសាសន៍​ឲ្យ​កាត់​បន្ថយ​ការបំពុល​ខ្យល់ កែ​លម្អ​​សេវា​ទឹកស្អាត និង​អនាម័យ ការពារស្ត្រី​មាន​ផ្ទៃពោះ និង​កសាងបរិស្ថាន​ដែល​មាន​សុវត្ថិភាព​ជាង​សព្វ​ថ្ងៃ។ 

ដោយ​ឡែក​នៅ​ក្នុង​របាយការណ៍​មួយ​ទៀត អង្គការ សុខភាព​ពិភព​លោក លើក​ឡើង​ពី​ការគំរាម​កំហែង​ចំពោះ​សុខភាព​កុមារ​មួយ​ទៀត គឺ​សំណល់​អេឡិចត្រូនិក​និង​អគ្គិសនី។ របស់​ប្រើប្រាស់ ដូចជា ទូរស័ព្ទ​ដៃ​ចាស់ៗ ដែល​បោះចោល​មិន​បាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​កុមារ​ប៉ះពាល់​នឹង​សារធាតុ​ពុល ដែល​នាំ​ឲ្យ​ប្រាជ្ញា​ពួកគេ​អន់​ខ្សោយ ខូច​សួត និង​កើត​ជំងឺ​មហារីក​ ជាដើម។ 

អង្គការ សុខភាពពិភពលោក ប៉ាន់​ប្រមាណ​ថា នៅឆ្នាំ២០១៨​នេះ ពិភព​លោក​ទាំង​មូល នឹង​មាន​សំណល់​អេឡិចត្រូនិក​និង​អគ្គិសនី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ប្រមាណ ៥០​លាន​តោន៕




អត្ថបទបន្ទាប់


ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ

ព័ត៌មាន
ក្នុង​រយៈពេល​១​ឆ្នាំពេញ ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​មាន​ទឹកប្រាក់​សរុប ៧​ពាន់​…

តើ​ការរៀន​ផង ធ្វើការផង ផ្ដល់​ប្រយោជន៍​អ្វីខ្លះ?

ព័ត៌មាន
សម័យ​បច្ចុប្បន្ន នៅ​ក្នុង​ទីផ្សារ​ការងារ​ មាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ឡើងៗ។ និស្សិត​បញ្ចប់​ការសិក្សា​ក្នុង​មួយ​ឆ្នាំៗ មាន​ចំនួន​ច្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ