វិធានការទប់ស្កាត់មេរោគកូវីដ១៩ អូមីក្រុង

សម្តេចតេជោ ហ៊ុន សែន ពង្រឹងការអនុវត្តវិធានការ៥ចំណុច ក្នុងការទប់ស្កាត់មេរោគកូវីដ១៩ អូមីក្រុង


ដើម្បីធានាបាននូវនិរន្តរភាពនៃការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមពេញលេញឡើងវិញ លើគ្រប់វិស័យ និងដើម្បីបន្តធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានជំរុញឲ្យមានការពង្រឹងនូវវិធានការ៥ចំណុច ដែលត្រូវមានការចូលរួមពីអាជ្ញាតាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាជនទូទៅ ប្រកបដោយស្មារតីទទួលខុសត្រូវ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា រូបភាព៖ គេហទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

សារាចររបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា មេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលមានកម្រិតឆ្លងរាលដាលលឿន និងសកម្មជាងមេរោគកូវីដ១៩ ប្រភេទដែលតា ត្រូវបានរកឃើញជាលើកដំបូងក្នុងសហគមន៍នៅកម្ពុជាកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ហើយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ អត្រានៃការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគប្រភេទ អូមីក្រុង មានការកើនឡើងគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។

ប្រមុខរាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានីខេត្ត និងយន្តការដែលមានការពាក់ព័ន្ធក៏ដូចជាលើកទឹកចិត្តដល់ប្រជាជនទូទៅ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តវិធានការនានាដូចខាងក្រោម៖

១.គណៈអភិបាលរាជធានីខេត្ត និងយន្តការដែលមានពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុវត្ថិភាពសុខាភិបាល ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ក្នុងការក្រើនរំលឹក អប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ក្នុងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរបៀបនៃការរស់នៅតាមគន្លប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ជាពិសេស ការបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាអាទិ៍ ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យជាប្រចាំ។

២.គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានីខេត្ត និងយន្តការដែលមានពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ១៩ដែលនៅតែត្រូវបានចាត់ទុកថាជាវិធានការគន្លឹះសម្រាប់ប្រយុទ្ធនឹងមេរោគកូវីដ១៩ ប្រភេទអូមីក្រុងនេះ ហើយត្រូវបន្តជំរុញឱ្យប្រជាជននៅក្នុងមូលដ្ឋានមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការវិវត្តទៅរកភាពធ្ងន់ធ្ងរ និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។


ទន្ទឹមនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំ និងអនុវត្តផែនការ ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញដល់ក្រុមកុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ឱ្យបានឆាប់ព្រមទាំងរៀបចំចាប់ផ្តើមអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋាន ដល់ក្រុមកុមារអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ឱ្យបានឆាប់ផងដែរ។

៣.ក្រសួង ស្ថាប័នពាក់ព័ន្ធ, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តធ្វើការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន និងបន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត នីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ និងគោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាផ្សេងទៀតដែលនៅជាធរមាន សម្រាប់ការបើកដំណើរការឡើងវិញនូវសកម្មភាពសង្គម សេដ្ឋកិច្ចតាមវិស័យនីមួយៗ សំដៅធានាបាននូវការទប់ស្កាត់ និងការកាត់បន្ថយការឆ្លងរាលដាលនៃមេរោគកូវីដ១៩។

៤.យន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តខិតខំស្រាវជ្រាវស្វែងរក ដើម្បីទទួលបាននូវឱសថដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ១៩ ទាំងកម្រិតស្រាលនិងមធ្យម ទាំងកម្រិតធ្ងន់ និងត្រូវធានាថាឱសថមាននៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងធានាឱ្យមាននូវការផ្គត់ផ្គង់ និងចែកចាយឱសថដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្រាន់ និងទូលំទូលាយ ក្នុងតម្លៃសមរម្យ ដល់សាធារណជន។ ទន្ទឹមនេះ យន្តការដែលមានការពាក់ព័ន្ធ ត្រូវរៀបចំឱ្យមាននូវការណែនាំច្បាស់លាស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ១៩ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការប្រើប្រាស់ឱសថទាំងនោះ។

៥.លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្ត ឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុងកម្មវិធីនានាឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តវិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គមស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងកម្មវិធីនីមួយៗ។ ទន្ទឹមនេះអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមនានា ក៏ដូចជាអ្នកចូលរួមកម្មវិធីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ និងការត្រួតពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ មុនចូលរួមកម្មវិធីនានា ដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក៖«ចិនត្រូវពន្លឿនការផ្តល់ជំនួយ ដើម្បីដោះបំណុលប្រទេសក្រីក្រដែលបានខ្ចីអំឡុងពេលជំងឺរាតត្បាតកូវីដ១៩»

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បាននិយាយថា ប្រទេសចិនត្រូវធ្វើការបន្ថែមទៀត ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការផ្ត…

អង់គ្លេស-អូស្ត្រាលីបង្កើនការយកចិត្តទុកដាក់លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទោះជាប់ដៃរឿងអ៊ុយក្រែន

ព័ត៌មាន
ចក្រភពអង់គ្លេសបានសន្យាផ្តល់ទឹកប្រាក់ជាង ៣៤លានដុល្លារ ដើម្បីពង្រឹងសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក ដែលទឹកប្រាក់ ជាផ្នែកមួយក្រោមកិច្ចព្រមព្រៀងជាមួយប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ