បង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈភាគីចិនរង់ចាំចម្លើយពីកម្ពុជា


សម្តេចតេជោ ហ៊ុន សែន ជំរុញណែនាំឲ្យក្រសួងក៏ដូចជាមន្ត្រីពាក់ព័ន្ធ ពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ្បិតថាភាគីចិនកំពុងរង់ចាំចម្លើយពីខាងកម្ពុជា។ ការដាក់ចេញនៅការជំរុញឱ្យពន្លឿនការងារបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែនសង្កេតឃើញថា ក្រុមហ៊ុនដែលបានទទួល អាជ្ញាប័ណ្ណ ក្នុងការធ្វើរោងចក្រផលិតវ៉ាក់សាំងនេះ ហាក់មិនទាន់ឃើញមានសកម្មភាពនៅឡើយទេ មកទល់នឹងពេលនេះ។
ពិធីជួបសំណេះសំណាលជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ នៅថ្ងៃទី ១៧ ខែឧសភា

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី ១៧ ខែឧសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ខាង​ភាគី​ចិន​បាន​នឹង​កំពុង​រង​ចាំ​ចម្លើយ​ពី​ខាង​កម្ពុជា លើ​ការងារ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា ដោយ​សម្តេច​បាន​បញ្ជា​ឲ្យ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ត្រូវ​មើលទៅ​លើ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញា​បណ្ណ (License) ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅ​កម្ពុជា ហេតុ​អ្វី​មិន​ទាន់​ឃើញ​ធ្វើ​សកម្មភាព​អ្វី​សោះ​យ៉ាង​ដូច្នេះ? សម្តេច​បាន​សង្កត់ធ្ងន់​ថា បើសិនជា​មិន​ធ្វើ​ទេ រាជរដ្ឋាភិបាល​ត្រូវ​ប្រគល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ដែល​មាន​សមត្ថភាព​ធ្វើ​ជំនួស​វិញ ដោយ​មិន​អាច​ទុក​ចោល​បែប​នេះ​ទេ​។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ត្រូវការ​រោងចក្រ​មួយ​សម្រាប់​ផលិត​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​នេះ ពីព្រោះ​មិនដឹង​ពេល​ណា​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាត់​អស់នោះ​ទេ បើ​ទោះបីជា​ពេល​បច្ចុប្បន្ន​កម្ពុជា​មិន​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​ក៏​ដោយ​។ នៅ​ពេល​ដែល​មាន​រោងចក្រ​ផលិត​វ៉ាក់សាំង​នេះ នៅ​ថ្ងៃ​អនាគត​កម្ពុជា​មិន​ត្រឹមតែ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩​នោះ​ទេ ប៉ុន្ដែ​ក៏​អាច​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​ប្រភេទ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បន្ថែម​ថា មក​ទល់​ពេល​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​សរុប​ជាង ៥២​លាន​ដូ​ស បាន​ប្រើប្រាស់​អស់​ជិត​៤៣​លាន​ដូ​ស ហើយ​បច្ចុប្បន្ន​កម្ពុជា នៅ​សល់​វ៉ាក់សាំង​ក្នុង​ឃ្លាំង​ជិត​១០​លាន​ដូ​សទៀត ដែល​ក្នុង​ចំណោម​វ៉ាក់សាំង​ទាំងអស់ វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ ចំនួន ២៨​លាន​៥​សែន​ដូ​ស គឺជា​វ៉ាក់សាំង​ដែល​កម្ពុជា​ទិញ​ដោយ​ខ្លួនឯង ហើយ​វ៉ាក់សាំង​ដែល​មិន​ទាន់​ដឹក​មក​កម្ពុជា​មាន​ជាង​២០​លាន​ដូ​ស​បន្ថែម​ទៀត​ផង​ដែរ​។

ដោយឡែក ចំពោះ​ស្ថានភាព​ឆ្លង​រាលដាល​កូ​វី​ដ​១៩​វិញ ឃើញ​ថា កម្ពុជា​មិន​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី​នោះ​ទេ នៅ​រយៈពេល ១០​ថ្ងៃ​ជាប់​គ្នា ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែឧសភា អត្រា​អ្នក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ នៅ​កម្ពុជា​មាន​ចំនួន ៩៣,៧៩% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់​។

ទោះបីជា កម្ពុជា​ធូរស្បើយ​ពី​ការ​រាតត្បាត​កូ​វី​ដ​១៩ និង​កម្ពុជា​មានការ​បន្ធូរបន្ថយ​ច្រើន​លើ​ការ​ធ្វើ​ដំណើរ​ពី​ក្រៅប្រទេស​ក្ដី ប៉ុន្ដែ សម្តេច​តេ​ជោ អះអាង​ថា កម្ពុជា​មិន​អាច​លុប​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ចូល​ប្រទេស​កម្ពុជា ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ ព្រោះ សម្តេច​តេ​ជោ​យល់​ថា បើសិនជា​មានការ​លើកលែង​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​មក​ពី​ក្រៅប្រទេស គឺ​វា​ប្រៀប​ដូច​លើកទឹកចិត្ត​សម្រាប់​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ដូច្នោះ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ ការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែនកំពុងក្លាយជាឧបសគ្គដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា

ព័ត៌មាន
ការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន នៅតែជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការងើបឡើងវិញនូវសង្គមនិងសេដ្ឋកិច្ច របស់ពិភពលោក រួមទាំង…

តើកម្ពុជាអាចប្រឈមនឹងបញ្ហាខ្វះខាតប្រេងដែរទេ ខណៈដែលស្ថានការណ៍តានតឹងពិភពលោក កំពុងធ្វើឲ្យប្រទេសមួយចំនួនជួបវិបត្តិប្រេង?

ព័ត៌មាន
ថ្មីៗនេះ គេសង្កេតឃើញថា វិបត្តិខ្វះខាតប្រេងប្រើប្រាស់កំពុងកើតមានខ្លាំងនៅប្រទេសមួយចំនួន ដូចជាស្រីលង្កា ហើយថ្មីៗនេះ បានចាប់ផ្ដើមកើតមាននៅប្រទេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ