សម្តេចហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿន

សម្តេចហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿន ខណៈខាងក្រុមហ៊ុនស្នើឲ្យបញ្ចុះតម្លៃបន្ថែម


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងការដឹកជញ្ជូនទំនិញចេញចូលភ្នំពេញ-ក្រុងព្រះសីហនុ។ ការជំរុញនេះធ្វើឡើងក្រោយសម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា ពុំសូវមានរថយន្តដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនធំៗបើកបរនៅលើផ្លូវល្បឿនលឿននេះទេ។ សម្រាប់សម្តេចការប្រើប្រាស់ផ្លូវល្បឿនលឿនមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ច្រើនដល់ក្រុមហ៊ុនដឹកជញ្ជូននោះទេ ថែមទាំងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ផងដែរ។
សម្តេចហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿន ខណៈខាងក្រុមហ៊ុនស្នើឲ្យបញ្ចុះតម្លៃបន្ថែម

ជុំវិញបញ្ហានេះ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា ការខ្សត់រថយន្តដឹកជញ្ជូនទំនិញបើកបរលើផ្លូវនេះគឺដោយសារកត្តាតម្លៃសេវា គួបផ្សំក្រុមហ៊ុនមានការព្រួយបារម្ភលើតម្លៃសេវាកម្មពេលរថយន្តរបស់ពួកគេខូចនៅលើផ្លូវនេះ។ ទន្ទឹមនឹងនេះ អ្នកជំនាញស្នើរាជរដ្ឋាភិបាលជួយអន្តរាគមន៍ឲ្យមានការបញ្ចុះតម្លៃសម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿនេះបន្ថែមទៀត ដើម្បីសម្រួលឲ្យមានការប្រើប្រាស់ផ្លូវនេះបានកាន់តែច្រើន។

បើទោះបីមានការបញ្ចុះតម្លៃ២០%សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅមួយឆ្នាំដំបូងក៏ដោយ តែក្រុមហ៊ុនដឹកជញ្ជូនទំនិញនៅកម្ពុជាហាក់ពុំសូវប្រើប្រាស់ផ្លូវល្បឿនលឿននេះក្នុងការដឹកជញ្ជូនទំនិញចេញចូលភ្នំពេញ-ក្រុងព្រះសីហនុនោះទេ។ នេះជាការកត់សម្គាល់ឃើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយផ្លូវនេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការជិតពីរខែកន្លងមកនេះ។ ការខ្សត់រថយន្តដឹកជញ្ជូនទំនិញប្រើប្រាស់លើផ្លូវនេះ គឺបន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះចាប់ផ្តើមយកតម្លៃសេវាកាលពីដើមខែវិច្ឆិកា កន្លងទៅ។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាងាកមកប្រើប្រាស់ផ្លូវល្បឿនលឿននេះឲ្យបានច្រើន ដ្បិតសម្តេចយល់ថា ការប្រើប្រាស់ផ្លូវល្បឿនលឿននេះ អាចចំណេញទាំងពេលវេលា និងថវិកា ជាពិសេសបានរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ទៀតផង។ បន្ថែមលើនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន កុំដឹកទំនិញលើសទម្ងន់កំណត់ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

ពាក់ព័ន្ធបញ្ហានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានលើកឡើងថា កត្តាចម្បងដែលធ្វើឲ្យការប្រើប្រាស់ផ្លូវល្បឿនលឿនពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូននៅមានតិចតួច គឺដោយសារតម្លៃសេវាប្រើប្រាស់ផ្លូវនេះមានតម្លៃខ្ពស់ គួបផ្សំក្រុមហ៊ុនមានការបារម្ភលើតម្លៃនៃសេវាសន្តោង ឬជួសជុលរបស់ក្រុមហ៊ុនពេលរថយន្តរបស់ពួកគេខូចនៅលើផ្លូវនេះ ដ្បិតរថយន្តដឹកទំនិញនៅកម្ពុជាភាគច្រើនជាប្រភេទរថយន្តមួយទឹក និងមានសភាពចាស់ៗ។

ទន្ទឹមនឹងនេះលោក ជា ចាន់ដារ៉ា ស្នើឲ្យរាជរដ្ឋាភិបាលជួបជជែកជាមួយក្រុមហ៊ុនឲ្យពិនិត្យលើតម្លៃសេវាសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុឡើងវិញ ប្រសិនបើចង់ឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនងាកទៅប្រើប្រាស់ផ្លូវនេះកាន់តែច្រើនបន្ថែមទៀត។ លោកជឿជាក់ថា ប្រសិនបើពុំមានការបញ្ចុះតម្លៃសេវាបន្ថែមទេនោះ ក្រុមហ៊ុនដឹកជញ្ជូននឹងរារែកចិត្តក្នុងការប្រើប្រាស់ផ្លូវនេះ។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដែលមានចម្ងាយជាង១៨០គីឡូម៉ែត្រ ត្រូវបានបើកឲ្យអ្នកដំណើរធ្វើដំណើរសាកល្បងដោយឥតគិតថ្លៃពេញមួយខែកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយកាលណោះមានរថយន្តលក្ខណៈគ្រួសារ និងដឹកជញ្ជូនទំនិញជាច្រើនបានធ្វើដំណើរលើផ្លូវនេះ។ ប៉ុន្តែក្រោយផ្លូវនេះសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងចាប់ផ្តើមយកតម្លៃសេវាយើងសង្កេតឃើញថា ពុំសូវមានរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវនេះនោះទេ បើទោះបីមានការបញ្ចុះតម្លៃ២០%នៅឆ្នាំដំបូងក៏ដោយ។ ប៉ុន្ដែ សម្រាប់រថយន្ដលក្ខណៈគ្រួសារគឺនៅមានធ្វើដំណើរលើផ្លូវនេះជាហូរហែ។ សម្រាប់រថយន្តដឹកជញ្ជូនទំនិញធុនធំ ត្រូវបង់តម្លៃសេវាជាង១០០ដុល្លារ ក្រោយការបញ្ចុះតម្លៃរួច សម្រាប់ការធ្វើដំណើរលើផ្លូវនេះទៅ-មក៕




អត្ថបទបន្ទាប់


កាន់តែងាយស្រួល ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ផ្តល់សេវាទូទាត់ភាគទានទៅកាន់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

ព័ត៌មាន
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានសហការណ៍ជាមួយ បេឡាជាតិសន្តិសុខសង្គម ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ភាគទាន សម្រាប់អតិថិជនដែលជាម្ចាស់ក្…

ឥណ្ឌូនេស៊ីហាមឃាត់ការនាំចេញរ៉ែបុកស៊ីតនៅឆ្នាំក្រោយ ខណៈចិនអាចរងផលប៉ះពាល់ខ្លាំង

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ កាលពីថ្ងៃពុធ ទី២១ ខែធ្នូបានប្រកាសពីការហាមឃាត់ការនាំចេញរ៉ែមួយប្រភេទទៀតទៅកាន់ទីផ្សារក្រៅប្រទេស នោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ