កូវីដ១៩ នៅ​កម្ពុជា

គ្រឹះស្ថាន​សិក្សាឯកជន​​​មួយចំនួនធំ អាចនឹង​​ក្ស័យធន​ដោយសារវីរុសកូវីដ១៩?


ម្ចាស់​គ្រឹះស្ថាន​សិក្សា​អប់រំ​ឯកជន​មួយ​ភាគធំ បាន​ព្រមានថា ពួកគេអាច​ប្រឈមនឹង​ការ​ក្ស័យធន​ បណ្ដាលមកពី​វិបត្តិ​ដែលបង្កឡើង​ដោយ​វីរុសកូវីដ១៩ ប្រសិន​បើ​គ្មាន​ការអន្តរាគមន៍​ដោះស្រាយជួយដល់ពួកគេទេនោះ។ នេះ​បើ​តាម​លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ម្ចាស់​សាលារៀន​អន្តរទ្វីប អាមេរិកាំង (AIS) ដែលបាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស។
សកម្មភាពនៅក្នុងថ្នាក់រៀន​នៃ​សាលាឯកជន ​អន្តរទ្វីបអាមេរិកាំង។ រូបភាពឯកសារ
ដោយ

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ​ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឲ្យដឹងថា ថ្មីៗនេះ សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា បាន​កោះប្រជុំ​សមាជិក​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ឯកជនចំនួន ១១៣ ដោយ​ពួកគេ​បាន​ត្អូញត្អែរថា បន្ទាប់ពីផ្អាក​សេវា​អប់រំដោយសារការឆ្លងរាតត្បាត​នៃ​វីរុស​កូវីដ១៩ ​តាំងពីពាក់កណ្ដាល​ខែមីនា ឆ្នាំ​២០២០​មក ពួកគេ​បាន​ជួបការលំបាក​និង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង និង​បាន​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ។ 

លោកឧកញ៉ា​វេជ្ជបណ្ឌិត​បានបន្ត​ថា បញ្ហា​ធំៗបីដែល​គ្រឹះស្ថាន​សិក្សា​អប់រំ​ឯកជន​កំពុង​ប្រឈមខ្លាំង រួមមាន ការត្រូវ​បន្ត​បើក​ប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក បន្ត​បង់​ឈ្នួល​អគារ បន្ត​បង់​ការប្រាក់​និង​ប្រាក់​ដើម​ដែល​បាន​ខ្ចីពីធនាគារ ជាដើម។ 

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននិយាយយ៉ាង​ដូច្នេះថា "ប្រសិន​បើ​​យើង​អត់​ដោះស្រាយ​ទេ ពួកយើង​គិត​ថា ស្ថាប័ន​ឯកជន​មួយចំនួនច្រើន​ នឹង​ក្ស័យ​ទុន​ ហើយ​បើ​សិន​ជា​ក្ស័យទុន វា​នឹង​ប៉ះពាល់​ដល់​វិស័យ​អប់រំ ដ៏ធ្ងន់ធ្ងរ។" 

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ​ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

លោក​វេជ្ជបណ្ឌិត​បន្ត​ថា "សាលាឯកជន​គឺ​ជា​ដៃគូអភិវឌ្ឍន៍​របស់​រដ្ឋ ប្រសិនបើ​គ្មានសាលាឯកជនទេ មិនដឹងសិស្សទៅណាទេ។ បើតាមការស្ទង់មតិ​យោបល់ ប្រហែលជាអាច​លើសពី ៥០% ដែល​នឹង​ក្ស័យទុន​ ពីព្រោះចាប់ពីឥឡូវទៅ គ្នាអត់មាន​លុយបង់​ទៅហើយ"។

កន្លងមក នាយករដ្ឋមន្ត្រី​សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ​ដល់​ម្ចាស់​ផ្ទះ​ ឬ​ម្ចាស់អគារ ឲ្យ​មាន​ការចរចា​គ្នា​យោគយល់​បញ្ចុះ​តម្លៃ​ឈ្នួល​ផ្ទះ ឬអគារ ក្នុងកាលៈទេសៈ​លំបាក​ដែលបណ្ដាលមកពី​ការរីករាលដាល​នៃ​វីរុស​កូវីដ១៩នេះ។ ប៉ុន្តែ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន​និយាយថា ការចរចា​ជាមួយ​ម្ចាស់​អគារ ឬម្ចាស់​ផ្ទះ ហាក់គ្មាន​ប្រសិទ្ធភាពឡើយ ពីព្រោះ​ម្ចាស់ផ្ទះភាគច្រើន​ពុំ​ព្រមបញ្ចុះ​តម្លៃ​ឈ្នួលទេ។ 

លោក ប៉ិច បូឡែន ប្រធានសហព័ន្ធ​សេវាអប់រំ​នៃ​កម្ពុជា និងជាអគ្គនាយក Westline Education Group បានប្រាប់​ ខេមបូណូមីស ថា ប្រសិនបើ​បញ្ហា​នេះ​នៅតែ​អូសបន្លាយយូរទៀត "ខ្ញុំអាចនិយាយបានថា ក្នុងចំណោម​សាលា​ឯកជន​ អាច​មាន​សាលាខ្លះ ត្រូវ​បិទ​មួយរយៈ" ហើយ​បុគ្គលិកជាច្រើនអាចបាត់បង់ការងារ​ធ្វើ ជាពិសេស គ្រូ​បង្រៀនដែលធ្វើការងារ​ក្នុង​វិស័យ​ឯកជនសុទ្ធ។

លោក ប៉ិច បូឡែន ប្រធានសហព័ន្ធ​សេវាអប់រំ​នៃ​កម្ពុជា និងជាអគ្គនាយក Westline Education Group

លោក បូឡែន បានបន្ថែមថា សាលារៀនមួយចំនួន​ដែល​មាន​កម្មវិធី​បង់ប្រាក់​ថ្លៃ​សាលា​ជាប្រចាំ​ឆ្នាំ ពួកគេ​មិនសូវ​ប្រឈម​បន្ទាន់​ខ្លាំងនោះទេ ប៉ុន្តែ ចំពោះសាលារៀន​ជាច្រើន​ដែល​មាន​កម្មវិធី​បង់ថ្លៃសាលា​ជាប្រចាំខែ ឬប្រចាំត្រីមាស កំពុងជួបបញ្ហា​លំបាកខ្លាំង និងថា សូម្បីតែនៅពេល​នេះ សាលាខ្លះ ពុំមានលទ្ធភាពបើកប្រាក់បៀវត្សរ៍​ឲ្យ​គ្រូគ្រប់​ចំនួនផងទេ សម្រាប់ខែមីនា និង​ខែមេសានេះ។ 

លោក ប៉ិច បូឡែន ជាប្រធានសហព័ន្ធ​សេវា​អប់រំ​នៃ​កម្ពុជា ដែលមាន​សាលារៀនជាសមាជិក​ជិត ១០០នៅទូទាំងប្រទេស បាន​និយាយ​ដូច្នេះ​ថា "កុំថាឡើយ​ដល់ទៅមួយឆ្នាំ ត្រឹមតែបី ឬបួនខែទៀត អាច​មានសាលារៀនខ្លះនឹងបិទ ហើយ​អ្នក​ដែល​ suffer រងគ្រោះ​ជាងគេនោះ គឺ បុគ្គលិកនិងគ្រូបង្រៀន​ដែល​នឹង​ប៉ះពាល់​ការងារ"។

ប៉ុន្តែ ទោះយ៉ាងណា លោក ប៉ិច បូឡែន បានទទួលស្គាល់នូវការខិតខំខ្នះខ្នែងដោះស្រាយ​របស់រដ្ឋាភិបាល និងថា ក្នុង​ដំណាក់កាលដ៏លំបាកនេះ មានតែវិស័យឯកជនខ្លួន​ឯង​ ជាពិសេស ម្ចាស់ផ្ទះ ម្ចាស់​សាលា បុគ្គលិក គ្រូ និងអាណាព្យាបាល​សិស្ស ត្រូវរួមគ្នារិះរកដំណោះស្រាយ ដោយការយល់យោគ​គ្នា ដើម្បី​យើង​អាច​ឆ្លងកាត់ដំណាក់កាល​នេះ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ​២០២០ សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា បានជួប្រជុំ​គ្នា​ជាមួយសមាជិក​ជាគ្រឹះស្ថានសិក្សា​អប់រំ​ឯកជន ចំនួន ១១៣ស្ថាប័ន ក្នុងនោះ សមាជិក​ភាគច្រើន​បំផុត​បាន​លើកឡើង​ពី​ហានិភ័យ​នៃការក្ស័យធន ប្រសិនបើ​គ្មានអន្តរាគមន៍ទាន់ពេលវេលា និងសមស្របទេនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ​សិទិ្ធ​មនុស្ស​ជំរុញ​ឱ្យ​កម្ពុជា​​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ពន្ធនាគារ ដើម្បី​បងា្ករ​ជំងឺ​កូវីដ១៩

ព័ត៌មាន
អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​បន្ទាន់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ពន្ធនាគារ​ដែល​ចង្អៀ…

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖ កម្ពុជា​ដែល​មាន​ប្រជាធិបតេយ្យ​និង​អធិបតេយ្យ គឺ​ជា​កម្ពុជា​ដ៏រឹងមាំ

ព័ត៌មាន
នៅក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០២០ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ