៤យុទ្ធសាស្ត្រ ត្រូវបានក្រុមអ្នកជំនួញធំៗនៅថៃ

៤យុទ្ធសាស្ត្រ ត្រូវបានក្រុមអ្នកជំនួញធំៗនៅថៃជូនយោបល់ទៅ លោកប្រាយុទ្ធ ចាន់អូចារ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ


នាយកប្រតិបត្តិក្រុមហ៊ុនធំៗក្នុងប្រទេសថៃប្រមាណ៤០នាក់ បានមកជួបប្រជុំគ្នាពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា កាលពីថ្ងៃពុធតាមរយៈប្រព័ន្ធវីដេអូខនហ្វឺរ៉េន ដោយបានផ្តល់ជាយុទ្ធសាស្ត្រធំៗចំនួន ៤ចំណុចឲ្យទៅនាយករដ្ឋមន្ត្រីរូបនេះ យកទៅដោះស្រាយ និងស្តារសេដ្ឋកិច្ចថៃឡើងវិញ ក្រោយពីបរាជ័យក្នុងការចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ថៃ។
វិស័យឯកជនផ្តល់យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចថៃ

ប្រធានសភាពាណិជ្ជកម្មថៃ លោក សាសាន អង្គូបុលកុត ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរបានឲ្យដឹងថា ក្រុមវិស័យឯកជនមានការព្រួយបារម្ភចំពោះការរាតត្បាតកូវីដ១៩ក្នុងប្រទេសថៃបច្ចុប្បន្ន ហើយបានបន្ថែមការព្រួយបារម្ភកាន់តែខ្លាំង ក្រោយមើលឃើញពីយុទ្ធនាការចាក់វ៉ាក់សាំងដែលមិនបានសម្រេចទៅតាមគោលដៅ។

ប្រធានសភាពាណិជ្ជកម្មថៃរូបនេះបានបន្តថា កត្តាទាំងនេះបាននិងកំពុងរុញឲ្យសេដ្ឋកិច្ចថៃធ្លាក់ដាំក្បាលចុះ កាន់តែជ្រៅទៅៗ ស្ទើរតែងើបមិនរួចទោះ​មានសាច់ប្រាក់​ចាក់បញ្ចូល​ក្នុងចរន្តសេដ្ឋកិច្ច​យ៉ាងណាក្តី។

ហេតុនេះហើយទើបសភាពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុនប្រណាម ៤០ក្រុមហ៊ុនក្នុងប្រទេសថៃ បានមូលមតិគ្នាផ្តល់​ជាអនុសាសន៍ និងយុទ្ធសាស្ត្រ​៤ចំណុច​ដល់រដ្ឋាភិបាល​លោកប្រាយុទ្ធ យកទៅអនុវត្តដើម្បីរំដោះ​​សេដ្ឋកិច្ចថៃចេញពីការលេចលង់ ព្រមទាំងជួយដល់វិស័យឯកជនដែលកំពុងតែជាប់ផុងដូចគ្នា។

បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Nation យុទ្ធសាស្ត្រទាំង៤នោះ មានដូចជា៖​

ទី១ ពាក់ព័ន្ធនឹងការគ្រប់គ្រង់ជំងឺកូវីដ១៩ រដ្ឋាភិបាលថៃគួរធ្វើការជាមួយដៃគូក្នុងវិស័យឯកជន ដើម្បីបង្កើតក្រុមការងារចាក់វ៉ាក់សាំង និងធ្វើតេស្តរហ័ស ដែលមិនមែនជាក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យ។ ក្នងន័យនេះគឺគេចង់ឲ្យក្រុមគ្រូពេទ្យផ្តោតតែទៅលើការមើលថែអ្នកជំងឺមួយមុខគត់ ចំណែកការងារធ្វើតេស្តនិងចាក់វ់ាក់សាំងត្រូវមានក្រុមការងារដោយឡែក។

ទី២ គឺរដ្ឋាភិបាលក្រុងបាងកកត្រូវជួយផ្តល់សំណងដល់អាជីវកម្មណាដែលរងការខាតបង់ដោយសារតែវិធានការបិទខ្ទប់។

ទី៣គឺ ថៃគួរមានផែនការជំរុញសេដ្ឋកិច្ចសម្រាប់រយៈពេលខ្លី និងវែង ដោយត្រូវជំរុញការចំណាយក្នុងចំណោម​អ្នកដែលមានប្រាក់​ចំណូលខ្ពស់ បូករួមការជំរុញ​វិនិយោគពីវិស័យឯកជនបន្ថែម ដែលកត្តាទាំងនេះ សុទ្ធសឹងតែអាចជួយបង្កើនការងារសម្រាប់ពលរដ្ឋ និងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព។

ទី៤ចុងក្រោយ នាយកក្រុមហ៊ុនទាំង៤០បានស្នើឲ្យ​មានផែនការក្រោយកូវីដ១៩ផុតរលត់ទៅ តាមរយៈការបង្កើតគណៈកម្មការរួមមួយរវាងរដ្ឋ និង​ឯកជន ដើម្បីធ្វើជាក្បាលម៉ាស៊ីន​រួមគ្នា ជួយឲ្យសេដ្ឋកិច្ចថៃ​វិលមករក​សភាព​ដើមវិញ ដូចជា​ការលើកកម្ពស់​កសិកម្ម យុទ្ធនាការទេចរណ៍ប្រកប​ដោយគុណភាព​បែប​ឌីជីថល។

គួរជម្រាបថា យុទ្ធសាស្ត្រទាំង៤ចំណុច​ដែលបានរៀបរាប់ខាងលើ​ត្រូវបានអ្នកនាំពាក្យ​រដ្ឋាភិបាលថៃអះអាងថា សុទ្ធសឹងតែ​ស្របតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាលថៃ​ដែលមានស្រាប់ ដោយលោកប្រយុទ្ធបានថ្លែងអំណរគុណ​ដល់ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​ចំពោះការផ្តល់យោបល់ ហើយលោកបាន​សន្យាថា ធ្វើយ៉ាងណា​អនុវត្តយុទ្ធសាស្ត្រទាំងនេះឲ្យ​បានល្អក្នុងក្របខណ្ឌច្បាប់ ដើម្បីឈានទៅបើកដំណើរការ​ប្រទេស​ឡើងវិញ​ក្នុងរយៈពេល​៣ខែខាងមុខឲ្យ​ខានតែបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្ដីព្រាងច្បាប់កិច្ចស្ដីអំពីកិច្ចព្រមព្រៀង RCEP បានបោះទៅមុខ១ជំហានទៀត ក្រោយរដ្ឋសភាអនុម័តដាក់ក្នុងរបៀបវារៈកិច្ចប្រជុំ

ព័ត៌មាន
សេចក្តីព្រៀងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ…

សហគ្រិនខ្មែរ​និង​ប្រទេស​អូស្រ្ដាលី​ចាប់​ផ្តើម​ផ្តល់​មូលនិធិ​ថ្មី​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​កសិម្ហូប​អាហារ​និង​ស្តង់ដារ​គុណភាព

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសអូស្ត្រាលីនៅថ្ងៃនេះបានដាក់ចេញនូវភាពជាដៃគូថ្មីមួយ ដើម្បីផ្តល់ ជំនួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ