អចលនទ្រព្យ

សេដ្ឋី​អចលនទ្រព្យ​ក្រើន​រំឭក​​អ្នក​សម្រុក​ទៅ​ទិញ​ដី​នៅ​តំបន់​ព្រលាន​យន្ដហោះ​ថ្មី ប្រយ័ត្ន​ខក​ខ្លួន!


ក្រោយ​ពី​ព័ត៌មាន​គម្រោង​អភិវឌ្ឍន៍​សាងសង់​ព្រលាន​យន្ដហោះ​ថ្មី នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ត្រូវ​បាន​បែក​ធ្លាយ​រួច​មិន​ទាន់​បាន​ប៉ុន្មាន​ផង បច្ចុប្បន្ន តម្លៃ​ដី​ធ្លី​នៅ​តំបន់​នោះ បាន​ហក់​កើន​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​មាន​អ្នក​រកស៊ី​ដី​ធ្លី​ជា​ច្រើន បាន​និង​កំពុង​សម្រុក​ទៅ​រក​ទិញ​ដី​នៅ​តំបន់​នោះ ក៏​មាន​ច្រើន​ផង​ដែរ។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group។ រូបថត៖ ហេង ភារម្យ
ដោយ

អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ បាន​ក្រើន​រំឭក​ថា អ្នក​ទិញដី​នៅ​តំបន់​នោះ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ឲ្យ​មែន​ទែន បើ​មិន​ចង់​មាន​ការ​ស្ដាយ​ក្រោយ ឬ​លង់​ខ្លួន​ទៅ​ថ្ងៃ​ក្រោយ។ 

វា​ជា​រឿង​មួយ​ទូទៅ​ទៅហើយ ដែល​ពេល​មាន​ការ​ប្រកាស​សាងសង់​គម្រោង​អភិវឌ្ឍន៍​ធំៗ​ម្ដងៗ នឹង​ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី​នៅ​ក្បែរៗ​នោះ ឆាប់​ហក់​កើន​ឡើង​តម្លៃ​ជា​លំដាប់ ឬ​ពេល​ខ្លះ មាន​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ ២ ទៅ ៣​ដង​ក៏​មាន។ 

ទោះ​យ៉ាង​ណា បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group ដែល​ជា​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ធំៗ​ជា​ច្រើន​នៅ​កម្ពុជា បាន​គូស​បញ្ជាក់​ថា ជា​ការ​ពិត​ណាស់ វត្តមាន​របស់​គម្រោង​ព្រលាន​យន្ដហោះ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​មាន​កំណើន​ប្រជាជន​ទៅ​រស់នៅ​តំបន់​នោះ​កាន់តែ​ច្រើន ដែល​ញ៉ាំង​ឲ្យ​តម្រូវការ​ដីធ្លី​សម្រាប់​ការសាងសង់​លំនៅដ្ឋាន​រស់​នៅ​និង​ការ​ប្រកប​របរ នឹង​មាន​ការ​កើន​ឡើង​ដែរ។ 

ដូច្នេះ ចង់ ឬ​មិនចង់ តម្រូវការ​ដី​ធ្លី​នៅ​តំបន់​នោះ នឹង​មាន​ការ​កើនឡើង​តម្លៃ​ជាក់​ជា​មិន​ខាន ប៉ុន្ដែ សម្រាប់​អ្នក​ទិញ​ដី​ធ្លី​នៅ​តំបន់​នោះ ដើម្បី​ធ្វើការ​អភិវឌ្ឍ ឬ​ទិញ​ដើម្បី​រង់ចាំ​លក់​ទៅ​វិញ​យក​ចំណេញ​នោះ ក៏​ត្រូវ​មាន​ការ​សិក្សា​ឲ្យ​បាន​ម៉ត់ចត់​ជា​មុន​ផង​ដែរ បើ​មិន​ចង់​មាន​ការ​ស្ដាយ​ក្រោយ ព្រោះ​ថា តម្លៃ​ដី​នៅ​តំបន់​ក្បែរ​ព្រលាន​យន្ដហោះ នឹង​មិន​អាច​មាន​តម្លៃ​កើន​ឡើង​ខ្ពស់ ដូច​នៅ​តំបន់​ក្នុង​ក្រុង​នោះ​ទេ។ ដោយសារ​តែ កាលណា​ទីតាំង​ដី​នោះ កាន់តែ​កៀក​នឹង​ព្រលាន​យន្ដហោះ នោះ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​អភិវឌ្ឍ​សាងសង់​ក៏​មាន​កាន់​តែ​ច្រើន​ផងដែរ តួយ៉ាង ការ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​អគារ​ខ្ពស់​ជាដើម។ 

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ក្រើន​រំឭក​ថា កាល​ណា តម្លៃ​ដី​ប៉ោង​ឡើង​ហើយ នោះ​អ្នក​ដែល​រត់​មិន​ទាន់​សភាពការណ៍ នឹង​ងាយ​ក្នុង​ការ​បរាជ័យ​ណាស់។ ទោះ​យ៉ាង​ណា សម្រាប់​ក្រុមហ៊ុន​ធំៗ ដែល​មាន​ដើម​ទុន​ហិរញ្ញវត្ថុ​គ្រប់​គ្រាន់ ពួកគេ​នឹង​មិន​ងាយ​ជួប​នឹង​បញ្ហា​នោះ​ទេ នៅ​ពេល​ដែល​ពួកគេ​ទិញ​ដី​ទុក ព្រោះ​គេ​មាន​ទុន​បង្វិល​គ្រប់គ្រាន់។ ប៉ុន្ដែ សម្រាប់​អ្នក​ដែល​ធ្វើការ​ទិញ​ដី​ធ្លី​តាម​គ្នា ដោយ​ភ្លេច​គិត​ពី​ប្រភព​ហិរញ្ញវត្ថុ​របស់​ខ្លួន និង​សិក្សា​ពី​ទីផ្សារ​ឲ្យ​បាន​ម៉ត់ចត់ នោះ​ច្បាស់​ណាស់​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នៅពេល​​ក្រោយ​មិន​ខាន​ឡើយ។ 

លោក​ឧកញ៉ា​បន្ថែម​ថា ជាក់​ស្ដែង បច្ចុប្បន្ន​នេះ គ្រាន់តែ​ឮ​ព័ត៌មាន​គម្រោង​ព្រលាន​យន្ដហោះ​ថ្មី​ភ្លាម មាន​អ្នក​រកស៊ី​ដី​ធ្លី​មួយ​ចំនួន បាន​សម្រុក​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ ទាំង​មិន​ដឹង​ថា​គម្រោង​នោះ នឹង​សាងសង់​នៅ​ទីតាំង​ណា​ជាក់លាក់​នៅ​ឡើយ។ ម្យ៉ាង​ទៀត ទុន​ដែល​ពួកគេ​យក​ទៅ​ទិញ​ដី​ធ្លី​នោះ​ទៀត​សោត គឺ​ជា​ទុន​ដែល​ខ្ចី​ពី​ធនាគារ ដោយ​សង្ឃឹម​ថា ទិញ​ហើយ​នឹង​លក់​មក​វិញ​បាន​ចំណេញ។ ប៉ុន្ដែ បើ​ទិញ​ហើយ តែ​លក់​មិន​ចេញ​ទេ​នោះ ទើប​ជា​បញ្ហា​ប្រឈម​ខ្លាំង ព្រោះ​ពួកគេ​ត្រូវ​បង់​ការប្រាក់​ទៅ​ឲ្យ​ធនាគារ​រាល់​ខែ ខណៈ​ដី​ទិញ​នោះ​មិន​អាច​រក​ចំណូល​បាន​នៅ​ឡើយ។ 

លោក​ឧកញ៉ា​បាន​គូស​បញ្ជាក់​ទៀត​ថា បើ​សិន​ជា​អ្នក​មាន​លុយ​គ្រប់គ្រាន់​ខ្លួន​ឯង ដោយ​មិន​មាន​ខ្ចី​ពី​ធនាគារ នោះ​ការ​ទិញ​ដី​ទុក​សម្រាប់​លក់​យក​ចំណេញ គឺ​មិន​ចេះ​ខាត​នោះ​ទេ! កុំ​ឲ្យ​តែ​ទៅ​ទិញ​ដី​ដែល​មាន​បញ្ហា។ ប៉ុន្ដែ បើ​ខ្ចី​លុយ​ពី​ធនាគារ​ទៅ​ទិញ​ដី ដើម្បី​រង់ចាំ​លក់​យក​ផល​ចំណេញ ដោយ​មិន​បាន​សិក្សា​ពី​ទីផ្សារ​ឲ្យ​បាន​ម៉ត់ចត់ ឬ​ទិញ​តាម​តែ​គេ​តាម​ឯង​ទេ នោះ​ទើប​បញ្ហា។

ជុំវិញ​ដំណឹង​សាងសង់​ព្រលាន​យន្ដហោះ​ថ្មី​នេះ​ដែរ លោក ច្រឹក សុខនីម នាយក​ក្រុមហ៊ុន Century 21 Mekong បាន​លើក​ឡើង​ថា តម្លៃ​ដី​ធ្លី​ក្បែរ​តំបន់​នោះ​ចាប់​ផ្តើម​ឡើង​ថ្លៃ​គួរ​ឲ្យ​កត់​សម្គាល់ ពិសេស នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ដែល​តម្លៃ​កាល​ពី​មុន​ជា​មធ្យម​មាន​តែ ៥០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ែត្រ​ការ៉េ ប៉ុន្តែ ឥឡូវ​បាន​កើន​ឡើង​រហូត​ដល់ ៣០ ទៅ ៤០​ភាគរយ​ហើយ។ រីឯ​ដី្លធ្លី​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​វិញ ក៏​បាន​កើន​ឡើង​តម្លៃ​ពី ២ ទៅ ៣​ដង​ផង​ដែរ។

តម្លៃ​នេះ​គឺ​ត្រូវ​ដំឡើង​ថ្លៃ​តាម​គ្នា​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​ទិញ​លក់ ក៏​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ដែរ ខណៈ​ដែល​ភាគច្រើន ដីធ្លី​មួយ​ចំនួន​ធំ​នៅ​តំបន់​នោះ ត្រូវ​បាន​ទិញ​អស់​ហើយ តាំង​ពី​មុន​គម្រោង​បាន​ប្រកាស​ម្ល៉េះ។

សូម​ជម្រាប​ថា បើ​តាម​ខ្លឹមសារ​នៃ​ឯកសារ​ស្តីពី​ការ​ស្នើសុំ​បង្កើត​ព្រលាន​យន្ដហោះ​ថ្មី​នៅ​ខេត្ត​កណ្ដាល ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​ចុះ​ផ្សាយ​ព្រោង​ព្រាត​នោះ បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ នឹង​សាងសង់​ឡើង​នៅ​ក្នុង​ទីក្រុង​តាខ្មៅ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល គ្រប​ដណ្ដប់​លើ​ទំហំ​ផ្ទៃ​ដី​ចំនួន​២​ពាន់​៦០០​ហិកតា ជាមួយ​នឹង​ដើម​ទុន​វិនិយោគ​សរុប​ប្រមាណ ១​ពាន់ ៥០០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ ជា​ប្រាក់​កម្ចី​ពី​ធនាគារ​បរទេស មាន ១​ពាន់​១០០​លាន​ដុល្លារ កម្ចី​ពី​ភាគទុន​ក្រុមហ៊ុន OCIC មាន ២៨០​លាន​ដុល្លារ និង​ដើមទុន​ចុះ​បញ្ជី​មាន ១២០​លាន​ដុល្លារ។ 

បើ​តាម​ការ​បញ្ជាក់​ពី​ឯកសារ​នោះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន OCIC មាន​ភាគហ៊ុន ៩០% និង​រដ្ឋលេខាធិការដ្ឋាន​អកាសចរណ៍​ស៊ីវិល​តំណាង​រាជ​រដ្ឋាភិបាល​មាន ១០%។ យ៉ាង​ណា​ក៏​ដោយ​ចុះ គម្រោង​ព្រលាន​យន្ដហោះ​ថ្មី​នេះ នៅ​មិន​ទាន់​ដឹង​ប្រាកដ​នៅ​ឡើយ​ថា នឹង​ត្រូវ​សាងសង់​ឡើង​នៅ​ទីតាំង​ណា​មួយ​ជាក់លាក់ និង​សាងសង់​ឡើង​នៅ​ពេល​ណា​នៅ​ឡើយ​ទេ៕ 




អត្ថបទបន្ទាប់


ឧកញ៉ា កែវ មុំ បោះទុនកែច្នៃផ្លែឈើក្រៀម ផ្តល់ការងារដល់ខ្មែរជាង១ពាន់គ្រួសារ

ព័ត៌មាន
លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ បានបង្ហើបប្រាប់ ខេមបូណូមីស ថា លោកជំទាវ នឹងដំណើររោងចក្រផលិតផ្លែឈើក្រៀមនៅចុងឆ្នា…

ជីវភាព​ពលរដ្ឋ​ខ្មែរ​កើន​ឡើង ជំរុញ​​តម្រូវការ​ម្ហូប​និង​ភេសជ្ជៈ​ស្តង់ដារ​អន្តរជាតិ​កាន់​តែ​ច្រើន

ព័ត៌មាន
ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ ជីវភាព​ប្រជាជន​កម្ពុជា បាន​ប្រសើរ​ឡើង​ជា​លំដាប់​គួរ​ឲ្យ​កត់​សម្គាល់។ កំណើន​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ