ទីផ្សារកាហ្វេ​ម៉ាកល្បីៗ

កាហ្វេថៃ Amazon គ្រោងបោះទុន ១,៣ ពាន់លានដុល្លារ ដើម្បីប្រជែងតំណែង Starbucks


បើនិយាយពី ម៉ាក កាហ្វេ Amazon នាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះ លើទីផ្សារគួរឲ្យកត់សម្គាល់ ពិសេសគឺ នៅក្នុងទីផ្សារប្រទេសមួយចំនួនក្នុងតំបន់ ដូចជា ថៃ កម្ពុជា ឡាវ ភីលីពីន មីយ៉ាន់ម៉ា និងជប៉ុនជាដើម។ នៅពេលថ្មីៗនេះដែរ ក្រុមហ៊ុនមេរបស់ កាហ្វេ Amazon គឺក្រុមហ៊ុនប្រេងឥន្ធនៈ PTT បានប្រកាសថា នឹងបោះទុនបន្ថែម ១,៣ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកសាខានៅទូទាំងពិភពលោក។
ហាងកាហ្វេ​ Amazon
ដោយ

ក្រុមហ៊ុន​​ប្រេង​ឥន្ធនៈ​ដ៏ធំ​របស់ថៃ PTT បាន​បង្ហាញ​ពី​ផែនការ​​របស់​ខ្លួន​ បោះទុន​​ជាង ១,៣ ពាន់លានដុល្លារ​អាមេរិក ដើម្បីវិនិយោគ​​ក្នុង​រយៈពេល ៥ឆ្នាំ ពង្រីក​សាខា​​កាហ្វេ Amazon ចូលទៅ​កាន់​ទីផ្សារ​ពិភពលោក ដើម្បី​ប្រជែង​​ជាមួយ​​កាហ្វេ​​ម៉ាកល្បីៗ​របស់​អន្តរជាតិ ដូចជា​ Starbucks ជាដើម។

លោក Jiraporn Khaosawas នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​​ប្រេង​ឥន្ធនៈ PTT បានប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រុមហ៊ុន​​មាន​បំណង​​នឹងបើក​​សាខា​​កាហ្វេ Amazon ឲ្យបាន ដល់ ២ម៉ឺន ហាង នៅទូទាំង​ពិភពលោក ហើយ​ក៏​​រំពឹងថា កាហ្វេ Amazon នឹងអាច​ឈរ​ជើង​​ក្នុង​ចំណោម​​ម៉ាក​​កាហ្វេ​​ល្បីៗ​ទាំង១០ របស់ពិភព​លោក នៅ៥ ឆ្នាំខាងមុខ​ផងដែរ។

បច្ចុប្បន្ន កាហ្វេយីហោ​ដើម ពីប្រទេស​ថៃ​មួយនេះ មាន​ប្រតិបត្តិការ​ហាង ជាង ២.៣០០ ហាង​​នៅក្នុង​ប្រទេស​ថៃ ឡាវ កម្ពុជា ភីលីពីន មីយ៉ាន់ម៉ា និងជប៉ុន។ 

បើតាម​ផែនការ​​របស់​ក្រុមហ៊ុន​​មេ របស់កាហ្វេ Amazon ក្រុមហ៊ុន​នេះ ក៏មាន​គម្រោង ពង្រីក​សាខា​​ទៅកាន់​​ប្រទេស​​មជ្ឈិម​​បូព៌ា និងប្រទេស​ចិន​​ផងដែរ រួមទាំង​ប្រទេស​​ក្នុងតំបន់​​ផ្សេង​ទៀត​ផងដែរ តាមរយៈ​ការ​លក់សិទ្ធិ​​អាជីវកម្ម​បន្ត (Franchise)។

កាលពី​ដើម​ឆ្នាំ​​កន្លង​ទៅ ក្រុមហ៊ុន PTT បាន​បង្ហាញ​ពីផែនការ​​លក់​យ៉ាងហោច​ណាស់​ ៥០% នៃសាខាលក់​រាយ​របស់​​ក្រុមហ៊ុន ដែល​រួមបញ្ចូល​​ស្ថានីយ​ប្រេង​ឥន្ធនៈ PTT ១.៥០០ សាខា ក៏ដូចជា​​ការលក់​​ហាង​កាហ្វេ និង​ហាង​លក់​ទំនិញ​ (Convenience Stores) ផងដែរ។

សម្រាប់តែ​ការ​លក់កាហ្វេ Amazon តែឯងប៉ុណ្ណោះ ក្រុមហ៊ុន​ PTT រកចំណូល​បាន​​ជាង ៣០៣ លានដុល្លារ​អាមេរិក កាលពី​ឆ្នាំ២០១៧។ 

ប្រភពព័ត៌មាន បានឲ្យ​ដឹង​ទៀតថា សម្រាប់​ការ​បើក​ហាង​កាហ្វេ Amazon មួយ នៅក្នុង​​ស្ថានីយ​ប្រេងឥន្ធនៈ PTT ត្រូវការ​ចំណាយ​​ទុន​​ប្រមាណ ៧ម៉ឺន​ដុល្លារ​អាមេរិក ខណៈដែល​​ការបើក​​ហាង​កាហ្វេ​ ​Amazon មួយ​ ដាច់ដោយ​ឡែក​ ត្រូវការ​​ចំណាយ​​ទុន ចន្លោះពី ១០ម៉ឺន ទៅ ៣០ ម៉ឺន​ដុល្លារ​អាមេរិក។ ប៉ុន្ដែ ការចំណាយនេះ អាចនឹងប្រែប្រួល ទៅតាម​ទីតាំង នីមួយៗ។  

ដើម្បីពង្រីក មហិច្ឆតា ២ម៉ឺន សាខា របស់កាហ្វេ Amazon ក្រុមហ៊ុន នឹង​ចំណាយ​​ទុន បន្ថែម ១,៣ពាន់លាន​ដុល្លារ​អាមេរិក ដើម្បី​​បើកហាង​​ថ្មី​បន្ថែម ចំនួន ១៧.៧០០ ហាង​ ពីលើ​​ហាង​ដែលមាន​ស្រាប់​នាពេល​បច្ចុប្បន្ន។ 

បើតាម​​អ្នកគ្រប់គ្រង​​ជាន់ខ្ពស់ របស់​ក្រុម​ហ៊ុន PTT បានប្រាប់​អ្នក​សារព័ត៌មាន ថា ក្រុមហ៊ុន​នឹង​ស្វែង​រក​យុទ្ធសាស្ត្រ​​លក់សិទ្ធ​អាជីវកម្ម​បន្ត (Franchise) ឲ្យកាន់តែ​ប្រសើរ​ ដើម្បី​​ជំរុញ​ដល់​​ការពង្រីក​ខ្លួន​​ទៅកាន់​ពិភពលោក។ ​ក្នុងនោះ ក្រុមហ៊ុន មានបំណង​​នឹង​លក់សិទ្ធិ ហាងកាហ្វេ Amazon ជាលក្ខណៈ​ផ្ដាច់មុខ (Master Franchise) ទៅឲ្យ​ដៃគូ​នៅ​តាម​​ប្រទេស​​តែម្ដង ដើម្បី​​ជួយឲ្យ ការពង្រី​ក​​ខ្លួន​​បន្ត កាន់តែ​ងាយស្រួល​ និងលឿនរហ័ស។ 

គួរជម្រាប​ថា សម្រាប់​មហិច្ឆតា ក្នុងទីផ្សារ​​នៅ​កម្ពុជា របស់​កាហ្វេ Amazon ត្រូវបាន​​គេមើល​ឃើញ​ថា ហាក់​កំពុង​​ទទួល​បាន​​ជោគជ័យ​​យ៉ាង​ត្រចេះត្រចង់ ខណៈដែលបច្ចុប្បន្ន ហាងកាហ្វេ​ Amazon នៅកម្ពុជា មានជាង ១០០ សាខាហើយ ក្នុងនោះ នៅភ្នំពេញ​​មាន​ប្រមាណ​​ជាង ៨០ សាខា។ 

បើតាម​​ការ​ប្រកាស​​របស់ ក្រុមហ៊ុន​ PTT នាពេល​កន្លងទៅ ក្រុមហ៊ុននេះ មាន​មហិច្ឆតា ពង្រីក​សាខា​​កាហ្វេ​ Amazon នៅកម្ពុជា ប្រមាណ ១២០ សាខា នៅត្រឹម​ឆ្នាំ២០២១ ប៉ុន្ដែ គិតត្រឹម ចុងឆ្នាំ២០១៨នេះ ​ហាងកាហ្វេ​នេះ មាន​ជាង១០០ សាខា​​រួចទៅ​ហើយ ដូច្នេះ នៅប្រមា​ណជាង ៣ឆ្នាំទៀតនេះ ការពង្រីកខ្លួន​​អាចនឹង​មាន​លើស​ពីផែន​ការ​គ្រោង​ទុកទៅទៀត៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន នឹងបើកឱកាសឲ្យពលករកម្ពុជា ចូលទៅធ្វើការនៅប្រទេសខ្លួន បន្ថែមទៀត

ព័ត៌មាន
កម្ពុជា រួមទាំងប្រទេសក្នុងតំបន់អាស៊ី ៧ផ្សេងទៀត កំពុងស្ថិតក្នុងគោលដៅរបស់ជប៉ុន ក្នុងការបើកចំហរឱកាសឲ្យពលករពីបណ្ដា​ប្រទេស​ទាំងនោះ ចូលទៅបម្រ…

មហាសេដ្ឋី ពុង ឃាវសែ គ្រោង​អភិវឌ្ឍ​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​ទំនើប​ផុស​ចេញ​លើ​ដែន​កោះនរា តាម​ដង​ទន្លេ​មេគង្គ

ព័ត៌មាន
ក្រុមហ៊ុន​វិនិយោគ​ទុន​ក្រៅ​ប្រទេស (OCIC) របស់​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​និង​រឹងមាំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ពិភព​ជំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ