ឧស្ម័នរុស្ស៊ី

លោកពូទីនចង់ឱ្យប្រទេសតួកគីធ្វើជាឈ្មួញកណ្តាលចែកចាយឧស្ម័នទៅកាន់តំបន់អឺរ៉ុប


ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានស្នើផ្តល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិថ្មីៗសម្រាប់ប្រទេសតួកគី ដើម្បីប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការចែកចាយឧស្ម័នក្នុងតំបន់ និងគ្រប់គ្រងលំហូរឧស្ម័នទៅកាន់តំបន់អឺរ៉ុបផងដែរ។ ការលើកឡើងរបស់បុរខ្លាំងពូទីននេះ ធ្វើឡើងនៅចំពេលដែលបច្ចុប្បន្នការផ្គត់ផ្គង់ថាមពលពីរុស្ស៊ីទៅអឺរ៉ុបកំពុងតែជាប់គាំង មិនទាន់រកច្រកចេញបាននៅឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់ជប៉ុន Nikkei។
ពូទីនស្នើឱ្យតួកគីធ្វើឈ្មួញកណ្តាលចែកចាយឧស្ម័ន!

ក្នុងអំឡុងពេលផ្លាស់ប្តូរកិច្ចពិភាក្សាការងារគ្នានៅរដ្ឋធានី Astana របស់ប្រទេសកាហ្សាក់ស្ថាន ស្របពេលដែលភាគីទាំងពីរទៅចូលសន្និសីទស្តីពីអន្តរកម្មនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានប្រាប់សមភាគីតួកគីលោក Erdogan ថា តួកគីអាចក្លាយជាមជ្ឈមណ្ឌលចែកចាយឧស្ម័ន និងកំណត់តម្លៃឧស្ម័នផងដែរ។

លោកពូទីនបន្តថាប្រសិនបើតួកគី និងអ្នកបញ្ជាទិញផ្សេងទៀតចាប់អារម្មណ៍ រុស្ស៊ីអាចពិចារណាសាងសង់បំពង់បង្ហូរឧស្ម័នមួយផ្សេងទៀតទៅតួកគី និងបង្កើតមជ្ឈមណ្ឌលឧស្ម័ននៅក្នុងប្រទេសមួយនេះ សម្រាប់ពាណិជ្ជកម្មជាមួយប្រទេសទីបី ដោយជាដំបូងគឺច្បាស់ណាស់ចែកចាយសម្រាប់បណ្តាប្រទេសអឺរ៉ុបទាំងអស់។

ដោយបាននិយាយចាត់ទុកប្រទេសតួកគីជាប្រទេសដែលលោកទុកចិត្តបំផុតសម្រាប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប មេដឹកនាំរុស្ស៊ីរូបនេះ បានបន្តថា មជ្ឈមណ្ឌលឧស្ម័ននេះនឹងមិនត្រឹមតែជាវេទិកាសម្រាប់ការផ្គត់ផ្គង់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់កំណត់តម្លៃឧស្ម័នផងដែរ។ លោកពូទីនបានលើកឧទាហរណ៍ជាក់ស្តែងថា បច្ចុប្បន្នតម្លៃឧស្ម័ន និងថាមពលនានាឡើងខ្ពស់កប់ពពក។ គេអាចគ្រប់គ្រងតម្លៃរបស់វាបានយ៉ាងងាយស្រួលនៅកម្រិតទីផ្សារធម្មតា ដោយមិនមានទទួលឥទ្ធិពលនយោបាយណាមួយឡើយ។ ក្នុងន័យនេះគឺលោកពូទីន ចង់ឱ្យតួកគី ធ្វើជាឈ្មួញកណ្តាលទទួលឧស្ម័នពីរុស្ស៊ី ហើយជាអ្នកចែកចាយបន្ត។

គួរកត់សម្គាល់ថា ការងាកទៅរកតួកគីដែលជាប្រទេសជិតខាងនៅជាប់សមុទ្រខ្មៅជាមួយគ្នានេះកើតឡើងនៅពេលដែលរបស់លោកពូទីនព្យាយាមស្វែងរកដៃគូមួយ ដើម្បីលក់ចេញធនធានថាមពលដែលរុស្ស៊ីមាន ខណៈដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្តឆាបឆេះ។

គួរជម្រាបថា ប្រទេសតួកគីមានបំពង់បង្ហូរឧស្ម័នធម្មជាតិជាច្រើនរួចហើយក្នុងទឹកដីរបស់ខ្លួនក្នុងនោះ មានទាំងពីប្រទេសរុស្ស៊ី អាស៊ែបៃហ្សង់ និងអ៊ីរ៉ង់ ព្រមទាំងបំពង់បង្ហូរប្រេងពីអ៊ីរ៉ាក់ និងអាស៊ែបៃហ្សង់ផងដែរ។ កន្លងមកតួកគីតែងចង់បានលើសពីនេះ ដោយមិនមែនត្រឹមតែជាប្រទេសចាំតភ្ជាប់រវាងអ្នកផ្គត់ផ្គង់ថាមពលនិងអ្នកទិញសំខាន់នៅអឺរ៉ុបឡើយ។

ក្រោយការស្នើរបស់លោក ពូទីន ប្រធានាធិបតីតួកគីលោក Erdogan នៅថ្ងៃព្រហស្បតិ៍ទី២០តុលា បានស្វាគមន៍ចំពោះសំណើរបស់រុស្ស៊ី ដោយនិយាយថា លោកបានណែនាំមន្ត្រីរបស់លោកឱ្យសិក្សាគំនិតបង្កើតមជ្ឈមណ្ឌលនេះភ្លាម។

សូមជម្រាបថា ការចង់ឱ្យតួកគីក្លាយជាមជ្ឈមណ្ឌលទទួលឧស្ម័នពីខ្លួននេះ ក៏ដោយសារតែរុស្ស៊ីលែងចង់ពឹងផ្អែកលើបំពង់នាំឧស្ម័ន Nord Stream ក្រោមសមុទ្រទាំងពីរទៀតហើយ ក្រោយមានករណីបំផ្ទុះបំពង់បង្ហូរឧស្ម័ន កាលពីមួយរយៈមុន ហើយដែលរុស្ស៊ីនិងសហរដ្ឋអាមេរិកបានចោទដាក់គ្នាទៅវិញទៅមកថាជាអ្នកបង្កហេតុ។ ទីក្រុងម៉ូស្គូអះអាងថា តាមរយៈបំពង់បង្ហូរប្រេងឆ្លងកាត់ប្រទេសតួកគី ពួកគេអាចផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសនានាក្នុងទ្វីបអឺរ៉ុបបានដោយសុវត្ថិភាពជាងមុន។

គួរបញ្ជាក់ថា តួកគីតែងព្យាយាមឈរនៅកណ្តាលជានិច្ចក្នុងសំណុំរឿងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ ជាក់ស្តែង ទោះក្នុងនាមជាសមាជិកណាតូមួយនឹងគេដែរ ប៉ុន្តែទីក្រុងអង់ការ៉ាមិនបានធ្វើដូចសមាជិកអង្គការណាតូផ្សេងទៀតឡើយ។ សមាជិកណាតូទាំងអស់សុទ្ធតែបាននិងកំពុងផ្តល់សព្វាវុធដល់អ៊ុយក្រែន ដោយបានថ្កោលទោសជាចំហចំពោះការឈ្លានពានរបស់រុស្ស៊ី។

យ៉ាងណាក៏ដោយ តួកគីបានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីឡើយ ដោយនិយាយថា ប្រទេសតួកគីយល់ស្របតែទណ្ឌកម្មណា ដែលដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះ មិនគាំទ្រការដាក់ទណ្ឌកម្មទ្វេភាគីឡើយ។ យ៉ាងណាមិញ អ្វីដែលប្រកែកមិនបាននោះគឺ ប្រទេសរុស្ស៊ីមានប្រយោជន៍សំខាន់ណាស់សម្រាប់ប្រាក់ចំណូលទាំងការធ្វើពាណិជ្ជកម្ម និងទេសចរណ៍របស់តួកគី៕




អត្ថបទបន្ទាប់


មេកំពង់ផែស្វយ័តភ្នំពេញបញ្ជាក់ពីហេតុផល ដែលកំពង់ផែសម្រេចបានកំណើនប្រាក់ចំណូល៣០លានដុល្លារនៅ៩ខែឆ្នាំ២០២២

ព័ត៌មាន
បើទោះជាពិភពលោកបន្តស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ប៉ុន្ដែសកម្មភាពដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ័…

រដ្ឋបាលលោកចូ បៃឌិន ផ្តល់មូលនិធិជិត ៣ពាន់លានដុល្លារ ជំរុញការផលិតអាគុយយានយន្ដអគ្គិសនីក្នុងស្រុក ដើម្បីឈប់ពឹងដង្ហើមពីចិន

ព័ត៌មាន
រដ្ឋបាល លោក ចូ បៃឌិន នឹងផ្តល់ថវិកាប្រមាណ ២ពាន់៨រយលានដុល្លារ ដើម្បីជំរុញការផលិតអាគុយសម្រាប់បំពាក់លើរថយន្តអគ្គិសនី និងការផលិតរ៉ែក្នុងស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ