ផ្សារហ៊ុន

ឧកញ៉ា គួច ម៉េងលី គ្រោង​លក់​ហ៊ុន​៤០% ចូល​ផ្សារ​ភាគហ៊ុន​នៅ​ពេល​ឆាប់ៗ​នេះ


ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ផ្តោត​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ឈ្មោះ​ថា ក្រុមហ៊ុន Mengly J. Quach Education បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ចូល​ទៅ​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ខណៈ​ក្រុមហ៊ុន​នេះ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ទាំង​រចនា​សម្ព័ន្ធ​បុគ្គលិក ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ និង​ប្រព័ន្ធ​ច្បាប់។
លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន ម៉េងលី ជេ. គួច គ្រុប។
ដោយ

យោ​ងតាម​លោក​ឧកញ៉ា​ជា​ម្ចាស់​ក្រុមហ៊ុន Mengly J. Quach Education ការ​ប្រកាស​ចូល​ក្នុង​ផ្សារ​ភាគហ៊ុន​នេះ គឺ​ក្នុង​គោល​បំណង​ស្វែងរក​ប្រភព​ទុន​បន្ថែម ដើម្បី​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុនឲ្យ​កាន់​តែ​ធំ​នៅ​ក្នុង​ទីផ្សារ។

លោក​ឧកញ៉ា គួច ម៉េងលី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន Mengly J. Quach Education បាន​មាន​ប្រសាសន៍​ថា ដំណើរ​ការ​រៀបចំ​ឯកសារ​ស្នើ​សុំ​ទៅ​គណៈកម្មការ​មូលបត្រ​កម្ពុជា​សម្រាប់​ការ​ចូល​ខ្លួន​ទៅ​ក្នុង​ផ្សារ​ភាគហ៊ុន នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​ហើយ។

សិស្ស​ឡើង​ថ្លែង​ក្នុង​ពិធី​បញ្ចប់​ការសិក្សា​នៅ​សាលា​អន្តរទ្វីប​អាមេរិកាំង។ លោក​ឧកញ៉ា គួច ម៉េងលី មាន​សាលារៀន​ពីរ គឺ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង។

នៅពេល​សួរថា តើ​ចំណុច​អ្វីខ្លះ​ដែល​លោក​ឧកញ៉ា​គិត​ថា ក្រុមហ៊ុន Mengly J. Quach Education ស័ក្ដិសម​និង​ដល់​ពេល​វេលា​ត្រូវ​ចូល​ខ្លួន​ទៅ​ក្នុង​ផ្សារ​ហ៊ុន លោក​ឧកញ៉ា​ គួច ម៉េងលី អះអាងថា គឺ​ដោយសារ​ក្រុមហ៊ុន​លោក​មាន​ចំណុច​ស័ក្ដិ​សម​ដូច​ខាង​ក្រោម៖

  1. ការ​គ្រប់គ្រង​អាជីវកម្ម​ល្អ
  2. ​ការ​គ្រប់គ្រងហិរញ្ញ​វត្ថុ​ល្អ
  3. ការគ្រប់គ្រង​ធនធាន​មនុស្ស​ល្អ
  4. គណៈគ្រប់គ្រង​ក្រុមហ៊ុន​រឹងមាំ
  5. បុគ្គលិក​មាន​ការតាំងចិត្ត​ខ្ពស់
  6. មាន​ទំនួលខុសត្រូវ​សង្គម​ល្អ
  7. ផ្ដោត​លើ​គុណភាព វិន័យ និង​សេវាកម្ម
  8. មាន​កម្មវិធី​សិក្សា​ល្អ និងមាន​គោល​នយោបាយ​ល្អ
  9. មាន​កេរ្តិ៍​ឈ្មោះ​ល្អ។

លោក​ឧកញ៉ា​បន្ថែម​ថា ការ​បញ្ចូល​ក្រុមហ៊ុន​ទៅ​ក្នុង​ផ្សារ​ភាគហ៊ុន​នេះ​គឺ​មិន​ត្រឹម​ដើម្បី​ស្វែងរក​ប្រភព​ទុន​បន្ថែម​ដើម្បី​ពង្រីក​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​លោក​ចង់​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​នេះ​មាន​ភាព​អ៊ូអរ ដែល​នឹង​មាន​ទំនិញ​ដាក់​លក់​កាន់​តែ​ច្រើន​នៅ​ក្នុង​ទីផ្សារ និង​ចូលរួម​ផ្តល់​ជម្រើស​ច្រើន​សម្រាប់​វិនិយោគិន​ផង​ដែរ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ភាគហ៊ុន​ដែល​គ្រោង​នឹង​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រមាណ​ជា ៤០​ភាគរយ​នៃ​តម្លៃ​ភាគហ៊ុន​សរុប និង​ក្នុង​ពេល​ដ៏​ខ្លី​នេះ ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ខ្លួន​ពី ៣ ទៅ ៥​សាខា​បន្ថែម ដែល​ក្នុង​១ សាខា​នឹង​ត្រូវ​ចំណាយ​ពី ៥​លាន​ដុល្លារ ទៅ ១០​លាន​ដុល្លារ។

មក​ដល់​ពេល​នេះ មាន​ក្រុមហ៊ុន​ចំនួន​៥​ហើយ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា ដូចជា ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង១០​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧

ព័ត៌មាន
ភ្ញៀវ​ទេសចរ​បទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​ មាន​​ចំនួន​ប្រមាណ ២,៦​លាន​នាក់ ដែល​កើន​ឡើង​ជិត ១…

១៧ឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេស​ណា​ខ្លះ​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជាច្រើន​ជាង​គេ?

ព័ត៌មាន
នៅ​ក្នុង​រយៈ​ពេល​ជិត​២​ទសវត្សរ៍​​ចុង​ក្រោយ​​នេះ គេ​សង្កេត​ឃើញ​មាន​ប្រទេស​ជា​ច្រើន​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ