វិធានការកូវីដ

ការរៀបចំពិធីជួបជុំនានានៅរាជធានីភ្នំពេញត្រូវបានរឹតបន្ដឹងឡើងវិញ ក្រោយអូមីក្រុងឆ្លងរីករាលដាលកាន់តែច្រើននៅប៉ុន្មានថ្ងៃចុងក្រោយនេះ


រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញសេចក្តីណែនាំក្នុងការអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវចំពោះទីតាំងដែលមានការប្រមូលផ្តុំមនុស្សច្រើន ដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ពោលគឺត្រូវរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឱ្យចំនួនមនុស្សលើសពី ៧នាក់ឡើយនៅក្នុងមួយតុ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកំពុងចុះយកសំណាកពលរដ្ឋពិនិត្យរកកូវីដ១៩ កាលពីអំឡុងខែមេសា ឆ្នាំ២០២១ រូបភាព៖ TYDA

ការ​ដាក់​ចេញ​នូវ​វិធានការ​រឹត​បន្ដឹង​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ករណី​ឆ្លង​រីក​រាលដាល​អូ​មី​ក្រុង​កំពុង​កើនឡើង​កាន់តែ​ច្រើន​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ជាក់ស្ដែង តួលេខ​ពី​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី ១០ កុម្ភៈ​នេះ បង្ហាញ​ថា មាន​ករណី​ឆ្លង​ថ្មី ២៦២​នាក់​បន្ថែម ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​អូ​មី​ក្រុង​ទាំងអស់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សង្កេត​ឃើញ​ថា ស្ថានភាព​វិវត្តន៍​នៃ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ក្នុង​សហគមន៍ បាន​និង​កំពុង​តែ​រីក​រាលដាល​រហូត​ដល់​តួលេខ​បី​ខ្ទង់ ដែល​ប្រការ​នេះ​គួរ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។ ដើម្បី​ចៀសវាង​នូវ​សោកនាដកម្ម​នៃ​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ទៅ​ក្នុង​សហគមន៍​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​រាជធានី​ភ្នំ​ពេ​ញេ​ធ្វើការ​ណែនាំ​ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

ក្នុង​នោះ​ដែរ ចំពោះ​ទីតាំង​ដែល​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ដូច​ជា កន្លែង​រៀបចំ​ពិធី​មង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យ​ទាន កន្លែង​កម្សាន្ត និង​ការ​ជួបជុំ ប្រមូលផ្តុំ​ផ្សេង​ៗ​ដែល​មាន​មនុស្ស​ច្រើន ត្រូវ​ណែនាំ​ឱ្យ​រៀបចំ​កៅអីអង្គុយ​មាន​គម្លាត​សុវត្ថិភាព ដោយ​មិន​ឱ្យ​លើស​ពី​០៧​នាក់​ក្នុង​មួយ​តុ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដូច​ជា​បាញ់​អាល់កុល​ឬ ជែ​ល​លាងដៃ វាស់​កំ​ដៅ រក្សា​គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស ហើយ​ការ​ដោ​ន​ម៉ាស​ចេញ​ក្នុងអំឡុងពេល​ទទួលទាន​អាហារ ត្រូវ​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ពាក់​ម៉ាស​វិញ​នៅ​ពេល​ងើប​ចេញពី​តុ​។

ទន្ទឹម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ក្រើនរំលឹក​ពលរដ្ឋ​ទាំងអស់​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង ដូ​ស​ជំរុញ ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​បង្កើន​ភាពរឹងមាំ​ក្នុង​សហគមន៍ និង​ចៀសវាង​នូវ​មហន្តរាយ​សុខភាព​សាធារណៈ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គម​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​សរុប​កើន​ដល់ ជាង​២​ម៉ឺន​នាក់​ហើយ ដោយ​ក្នុង​នោះ ករណី​អូ​មី​ក្រុង​ឆ្លង​ចូល​សហគមន៍​មាន​ជាង​១​ពាន់​៤​រយ​នាក់​ហើយ ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​អូ​មី​ក្រុង​ជាង​២០០​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ជា​ករណី​ឆ្លង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​គិត​តាំងពី​ដើមខែ​វិ​ច្ឆ​កា​ឆ្នាំ​មុន​មក​៕

អត្ថបទ សោម ស្រី​ពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Facebook គំរាមដកខ្លួនចេញពីអឺរ៉ុប ប្រសិនបើអឺរ៉ុបមិនអនុញ្ញាតឲ្យខ្លួនរក្សាទុកទិន្នន័យអ្នកប្រើប្រាស់

ព័ត៌មាន
ក្រុមហ៊ុនមេរបស់ Facebook គឺក្រុមហ៊ុន Meta បានព្រមានក្នុងសប្តាហ៍នេះថា ខ្លួនអាចបិទប្រតិបត្តិការ Facebook និង Instagram នៅអឺរ៉ុប ប្រសិនប…

តើមានកត្តារាំងស្ទះអ្វីធ្វើឲ្យការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ត្រូវពន្យារពេលរហូតមួយឆ្នាំទៀត?

ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នឹងត្រូវពន្យារពេលសាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ