កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ RCEP នឹងជួយកម្ពុជាពង្រីកការនាំចេញបន្ថែម ៧% និងការវិនិយោគ ២៣%


កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP នឹងចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីកិច្ចព្រមព្រៀងនេះទទួលបានការអនុម័ត និងផ្តល់សច្ចាប័ន កាលពីដើមខែតុលា កន្លងទៅ។ កម្ពុជាជាសមាជិកមួយនៃកិច្ចព្រមព្រៀងនេះ ក៏បានដាក់លិខិតុបករណ៍នៃការផ្តល់សច្ចាប័នទៅអគ្គលេខាធិការអាស៊ានរួចហើយកាលពីចុងខែតុលា ឆ្នាំ២០២១ នេះ។
ទូរកុងតឺន័រដាក់ទំនិញ​ នៅកំពង់ផែស្វយ័តភ្នំពេញ

ក្រោយកិច្ចព្រមព្រៀង ដែលមាន១៥ប្រទេសជាសមាជិកនេះចូលជាធរមាន វានឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់កម្ពុជាក្នុងការធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាជំរុញកំណើនការនាំចេញ និងទាក់ទាញវិនិយោគិនបរទេសជាដើម។ តួយ៉ាងតាម របាយការណ៍សិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បង្ហាញថា តាមរយៈកិច្ចព្រមព្រៀង RCEPនេះ នឹងជួយកម្ពុជាបង្កើនការនាំចេញ ៧% កំណើនវិនិយោគជាង២៣% និងកំណើនផលិតផលក្នុងស្រុកសរុបប្រមាណ២%បន្ថែមទៀតនៅឆ្នាំក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងពាណិជ្ជកម្ម។ 

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅកាត់ថា RCEP នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រោយទទួលបានសច្ចាប័នពីប្រទេសជាសមាជិកកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។ បច្ចុប្បន្នកម្ពុជាក៏បានដាក់តម្កល់លិខិតតុបករណ៍នៃការទទួលបានសច្ចាប័នទៅអគ្គលេខាធិការអាស៊ានរួចហើយ កាលពីចុងខែតុលា ឆ្នាំ២០២១។ ឯកឧត្តម បានបន្ថែមថា កិច្ចព្រមព្រៀង RCEP នឹងអនុវត្តភ្លាមៗតែម្តង ក្រោយចូលជាធរមានរួច។  

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា ក្រោមកិច្ចព្រមព្រៀង RCEP នេះ ប្រទេសជាសមាជិកនីមួយៗអាចនាំចេញទំនិញជាច្រើនបន្ទាត់ពន្ធគយទៅវិញទៅមក ដោយរួចរនាំងពន្ធមួយចំនួន ដែលវានឹងធ្វើឲ្យការដោះដូរទំនិញរវាងប្រទេសក្នុងក្រមខណ្ឌអាស៊ាន និងប្រទេសធំៗចំនួន៥ផ្សេងទៀតកាន់តែសកម្មជាងមុន។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះបានគូសបញ្ជាក់ដោយផ្អែកទៅលើរបាយការណ៍សិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)ថា ក្រោយកិច្ចព្រមព្រៀង RCEP ចូលជាធរមាន កម្ពុជាអាចនឹងមានកំណើនការនាំចេញប្រចាំឆ្នាំចំនួន៧,៣%, ការវិនិយោគចំនួន២៣,៤% និងផលិតផលក្នុងស្រុកសរុបប្រមាណ២% បើធៀបនឹងផលិតផលក្នុងស្រុកសរុបបច្ចុប្បន្ន។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះបានបន្ថែមទៀតថា ក្រៅពីអត្ថប្រយោជន៍ខាងលើ កិច្ចព្រមព្រៀងនេះ មានសារសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាឲ្យស្របនឹងយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០០១-២០៣៥។ បន្ថែមលើនេះ វានឹងជួយកម្ពុជាក្នុងការធ្វើពិពិធកម្មទីផ្សារ និងទំនិញនាំចេញឲ្យកាន់តែល្អប្រសើរ និងទទួលបានជំនួយបច្ចេកទេសក្នុងការពង្រឹងលទ្ធភាព ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះកាន់តែច្រើនផងដែរ។ 

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់នេះមានប្រទេសជាសមាជិកចំនួន១៥ រួមមានប្រទេសសមាជិកអាស៊ានទាំង១០ រួមជាមួយចិន ជប៉ុន អូស្ត្រាលី ញ៉ូសេឡេន និងកូរ៉េខាងត្បូង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន ហក់ឡើងខ្ពស់កប់ពពករហូតដល់ ៥ពាន់ ទៅជាង១ម៉ឺនដុល្លារ

ព័ត៌មាន
តម្លៃសំបុត្រយន្ដហោះ ទៅមកប្រទេសកម្ពុជា និងចិន កំពុងហក់ឡើងថ្លៃខ្ពស់កប់ពពក ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ និង…

វ៉ាក់សាំងឥណ្ឌា Covaxin ត្រូវបាន WHO អនុម័តឲ្យប្រើប្រាស់បន្ទាន់

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានសម្រេចទទួលស្គាល់ និង អនុញ្ញាឲ្យប្រើប្រាស់ក្នុងក្របខណ្ឌបន្ទាន់ នូវវ៉ាក់សាំងបង្ការកូវីដ១៩មួយប្រភេទទៀត ដែលផលិតក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ