ទីផ្សារអចលនទ្រព្យ២០២១

តើវិស័យអចលនទ្រព្យអាចនឹងស្ទុះងើមកវិញនៅត្រឹមឆមាសទី២ឆ្នាំនេះដែរទេ?


ក្រុមអ្នកជំនាញ និង អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីក្ដីរំពឹងខ្ពស់ចំពោះទីផ្សារអចលនទ្រព្យកម្ពុជា នៅក្នុងឆមាសទី២ឆ្នាំ២០២១នេះថា វាអាចនឹងវិលមករកស្ថានភាពល្អប្រសើរឡើងវិញ បើសិនជារាជរដ្ឋាភិបាលអាចគ្រប់គ្រងកូវីដ-១៩បានឆាប់។ ការអះអាងបែបនេះ ដោយសារតែក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា ក្រោយពីមានការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាការបើកឲ្យមានការធ្វើដំណើរឆ្លងកាត់ចេញចូលខេត្តក្រុងឡើងវិញនាពេលកន្លងមកនេះ បានធ្វើឲ្យចរន្ដនៃការទិញលក់ដីធ្លីផ្ទះសម្បែងចាប់ផ្ដើមកម្រើកឡើងវិញជាបណ្ដើរៗហើយ។
សំណង់អគារ​ដែលបាន​និងកំពុង​សាងសង់​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្រុង​​ព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ដោយ

ក្រុមអ្នកជំនួញ និង អ្នកជំនាញនៅក្នុងវិស័យដីធ្លី អះអាងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងមានចរន្តទិញលក់ល្អប្រសើរវិញ នៅពេលដែលកម្ពុជាគ្រប់គ្រងកូវីដ១៩បានល្អ ជាមួយនឹងការចាក់វ៉ាក់សាំងបានគ្រប់គ្នា។

លោក សន សៀប ស្ថាបនិក និងនាយកក្រុមហ៊ុន ឃីរៀលអេស្ទេត ជឿជាក់ថា ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនឹងអាចវិលមកភាពប្រក្រតីឡើងវិញនៅត្រឹមដំណាច់ឆមាសទី២ឆ្នាំ២០២១ និងយ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២២ ប៉ុន្ដែ វាក៏អាស្រ័យលើការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ពីសំណាក់រាជរដ្ឋាភិបាល និងការចាក់វ៉ាក់សាំងជូនពលរដ្ឋផងដែរ។

ពាក់ព័ន្ធបញ្ហាចរន្តនៃការទិញលក់អចលនទ្រព្យនៅកម្ពុជានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងដែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍ជំងឹកូវីដ-១៩ បានឆាប់ នោះចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏នឹងមានការស្ទុះងើបឡើងវិញបានលឿនដែរ នៅឆមាសទី២ឆ្នាំ២០២១នេះ។ 

អ្នកជំនាញរូបនេះជឿជាក់ថា វិនិយោគិនបរទេស ពិសេសជនជាតិចិន នឹងត្រឡប់មកវិនិយោគនៅកម្ពុជាឡើងវិញ នៅរយៈពេលប្រមាណ២ទៅ៣ខែ បន្ទាប់ពីកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងជំងឺកូវីដ-១៩ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋខ្លួនបានកាន់តែច្រើន។

ជាមួយគ្នានេះដែរ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានបង្ហាញពីទស្សនវិស័យថា វិស័យអចលនទ្រព្យដ្បិតថា ទទួលរងឥទ្ធិពលអាក្រក់ពីវិបត្តិកូវីដ-១៩ក៏ពិតមែន ប៉ុន្ដែ ក្នុងនោះ វាក៏បានបង្រៀន និងផ្ដល់បទពិសោធន៍ជាច្រើនដល់អ្នករកស៊ី និងវិនិយោគក្នុងវិស័យនេះដែរ ដែលវាអាចនឹងក្លាយជាមូលដ្ឋានគ្រឹះកាន់តែរឹងមាំថែមទៀត សម្រាប់វិស័យអចលនទ្រព្យរីកលូតលាស់នៅក្រោយវិបត្តិកូវីដ-១៩។

បើតាមក្រុមអ្នកជំនាញ អះអាងទៀតថា ទោះបីចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែតម្លៃអចលនទ្រព្យមិនមានធ្លាក់ចុះនោះទេ ពោលគឺហាក់នៅទ្រឹង។ តាមការគូសបញ្ជាក់ពីអ្នកជំនាញ សម្រាប់អចលនទ្រព្យដែលមានតម្លៃថ្លៃៗ អាចនឹងជួបបញ្ហាការលក់ធ្លាក់ចុះច្រើននៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ ប៉ុន្ដែសម្រាប់អចលនទ្រព្យដែលមានតម្លៃសមរម្យវិញ គឺមិនសូវប៉ះពាល់ខ្លាំងនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា សកម្មភាពដឹកជញ្ជូន និងឡូជីស្ទិកដំណើរការឡើងវិញជិត១០០%ហើយ

ព័ត៌មាន
មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិ និង ក្រុមអ្នកជំនួញរកស៊ីនៅក្នុងវិស័យដឹកជញ្ជូន និង ឡូជីស្ទីក បានបញ្ជាក់ប្រាប់ ខេមបូណូមីសថា ក្រោយពីអាជ្ញាធររ…

ចិនកំពុងសម្រុកចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋខ្លួនបានជាង៥០០លានដូសហើយ

ព័ត៌មាន
ប្រទេសចិនកំពុងឈរនៅលើកំពូលតារាងក្នុងនាមជាប្រទេស ដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩ជូនដល់ពលរដ្ឋរបស់ខ្លួនច្រើនជាងគេបំផុតក្នុងពិភពលោក និងតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ