ពន្ធលើប្រាក់ចំណេញមូលធន

អ្នកជំនាញ និងជំនួញ ស្នើឲ្យពន្យារពេលអនុវត្តការ​យកពន្ធ ២០% លើចំណេញមូលធនពីការលក់អចលនទ្រព្យ


បើគ្មានការប្រែប្រួលអ្វីនោះទេ ពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ ២០% សម្រាប់ការលក់អចលនទ្រព្យ នឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការនៅខែមករាឆ្នាំ២០២១ ខាងមុខនេះហើយ។ ក្រុមអ្នកជំនាញ និងអ្នកជំនួញអចលនទ្រព្យនៅកម្ពុជាបានបង្ហាញពីក្ដីបារម្ភខ្លាំងចំពោះការអនុវត្តគិតពន្ធថ្មីនេះ ដោយបានអះអាងថា វានឹងធ្វើឲ្យមានការបន្ថែមបន្ទុកចំណាយសម្រាប់ពលរដ្ឋពិសេសអ្នករកស៊ីក្នុងរបរនេះ ខណៈបញ្ហាកូវីដ-១៩ នៅមិនទាន់ផុតរលត់ទៅនៅឡើយទេ។
លំនៅដ្ឋាន​ប្រណីត​របស់​ក្រុមហ៊ុន អ័រគីដេវីឡា
ដោយ

អ្នកជំនាញ និង អ្នកជំនួញនៅ​ក្នុងវិស័យ​អចលនទ្រព្យ​​កម្ពុជា​បានអះអាងថា រាជ​រដ្ឋាភិបាល​សម្រេចការ​ចាប់ផ្តើម​អនុវត្ត​គិតពន្ធ​លើចំណេញ​មូលធន​អចលនទ្រព្យ​នាពេលនេះ ជាការពិតណាស់ គឺរដ្ឋត្រូវការ​ចំណូល​បន្ថែម​ដើម្បីទ្រទ្រង់​សកម្មភាព​ការចំណាយ​របស់រដ្ឋ។ ទោះយ៉ាងណា នៅក្នុងអំឡុង​ពេលនេះ វាហាក់ដូច​បន្ថែម​បន្ទុក​ដល់អ្នក​ប្រើប្រាស់​ច្រើន ខណៈស្ថាន​ភាពជំងឺ​កូវីដ-១៩ នៅតែបន្ដ​អូសបន្លាយ​ដែល​ធ្វើ​ឲ្យមាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា ក៏ដូចជា​ពិភពលោក​ផងដែរ។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានគូសបញ្ជាក់ថា ​រដ្ឋគួតែព្យារ​ពេល​​នៃការចាប់ផ្តើម​អនុវត្ត​យក​ពន្ធ​នេះ ដោយ​គួរតែរង់ចាំមើល​រហូតដល់​ជំងឺកូវីដ-១៩ ផុតរលត់​ទៅវិញ និងស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ស្ទុះងើបឡើងវិញ។ លោកថា ការបង់ពន្ធ​ជូនរដ្ឋ គឺជាកាតព្វកិច្ច​របស់​ពលរដ្ឋ ប៉ុន្តែ ក្នុងអំឡុងពេល​ដ៏លំបាកនេះ​រដ្ឋគួរ​ពន្យារ​ពេល​តទៅទៀត រហូតដល់​សេដ្ឋកិច្ច​ដំណើរការ​ល្អប្រសើរ​ឡើងវិញ។

លោកបានឲ្យដឹងទៀតថា បច្ចុប្បន្នសកម្មភាព​នៃការដោះដូរ​អចលនទ្រព្យ​មានតែ​អ្នកនៅ​ក្នុងស្រុក ដែលភាគច្រើន​អចលនទ្រព្យ​ ដែលមាន​តម្លៃក្រោម​៣០ម៉ឺន​ដុល្លារ​ចុះប៉ុណ្ណោះ ​ចំណែក​អចលនទ្រព្យ​ធំៗ និងមានតម្លៃ​ថ្លៃចាប់ពី​កន្លះលាន​ដុល្លារ​ឡើងទៅ​មាន​តិចតួចបំផុត។

លោក ច្រឹក សុខនីម បានគូសបញ្ជាក់​បន្ថែមថា  ​បើសិនជារដ្ឋ​នៅតែសម្រេច​យកពន្ធ​ចំពេល​វិបត្តិ​ជំងឺសកល​នេះ​មិនទាន់ផុត​រលត់​ទៅនេះ សកម្មភាព​នៃដោះដូរ​អចលនទ្រព្យ​អាចនឹង​មានការ​ធ្លាក់ចុះ​ទៅតាម​នោះដែរ។

ដោយឡែក លោកឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុ​កម្ពុជា និង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី ភី អិល បានបញ្ជាក់ដែរថា លោកតែងតែ​គាំទ្រ​រាល់ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែនៅ​ក្នុង​កាលៈទេសៈ​នៃវិបត្តិ​ជំងឺកូវីដ-១៩​ជាសកលនេះ បើសិនជា​អាច​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​បន្ធូរបន្ថយ​ដៃ ឬអាច​ពន្យារពេល​ការអនុវត្តការ​គិតពន្ធ​លើចំណេញ​មូលធន​នេះមួយរយៈ​ពេល​ទៀត ទើបជាការ​ល្អប្រសើរ។

លោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន ស៊ី ភី អិល

លោកឧកញ៉ាបន្តថា នៅក្នុង​វិបត្តិ​ជំងឺកូវីដ-១៩ជាសកលនេះ ការលើកលែង​ពន្ធ ឬ បន្ធូរបន្ថយ​ពន្ធ​ពីរដ្ឋាភិបាល​គឺជារឿង​ចាំបាច់​បំផុត សម្រាប់អ្នកជំនួញ និង ពលរដ្ឋ វាអាច​នឹងជួយ​សម្រួល​បន្ទុក​ការចំណាយ​ថែមមួយ​កម្រិត​ទៀតដល់​អ្នកជំនួញ និង ពលរដ្ឋ។

យ៉ាងណាក៏ដោយ​ចុះ អ្នកជំនាញ និង ជំនួញនៅ​ក្នុង​វិស័យ​អចលនទ្រព្យ សុទ្ធតែ​ទទួល​ស្គាល់ថា ប្រទេសផ្សេងៗ​ទៀតនៅ​លើពិភពលោក​នេះ ក៏គេយកពន្ធ​លើចំណេញ​មូលធន​នេះដែរ ដោយប្រទេសខ្លះ​មានអត្រា​ពន្ធ​​ពី ១៥ភាគរយ និងប្រទេស​ខ្លះទៀត​មានអត្រា​ពន្ធខ្ពស់​ជាង​កម្ពុជាពី៣០ ទៅ៤០ភាគរយ​ឯណោះ។

ជុំវិញការសម្រេច​អនុវត្តចាប់ផ្តើម​គិតពន្ធ​លើចំណេញ​មូលធន​អចលនទ្រព្យ​នេះ ត្រូវបាន​ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល បានគូស​បញ្ជាក់ថា ពន្ធលើចំណេញ​មូលធននេះ មិនមែនជា​ការបង្កើត​ពន្ធថ្មី​នោះឡើយ។ ពន្ធនេះ មានក្នុង​ច្បាប់ថវិកា​ឆ្នាំ ២០១០មកម្ល៉េះ ប៉ុន្តែ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យពន្យារ​ពេលដល់​ឆ្នាំ​២០២០ ដែលគិត​មកដល់​បច្ចុប្បន្ន ១០ឆ្នាំហើយ។

ឯកឧត្តមគង់ វិបុល បន្ថែមថា ពន្ធចំណេញ​លើមូលធននេះ គឺសំដៅលើ​ពន្ធអចលនទ្រព្យ និងមូលធន​ផ្សេងៗ​ទៀតដែល​មាននៅ​ក្នុង​អាជីវកម្ម ហើយពន្ធនេះ មិនមែន​មានតែ​កម្ពុជាទេ នៅបណ្តា​ប្រទេសផ្សេងៗ​ក៏គេមានដែរ ដូចប្រទេស​បារាំង និងអូស្ត្រាលី​ជាដើម គឺត្រូវបានគេ​យកច្រើន​ជាង​នៅកម្ពុជា​ក្នុងអត្រា រហូត ដល់ ៤០ ទៅ៧០ភាគរយ។

ឯកឧត្តម​ពន្យល់បន្ថែម​ថា ការកំណត់​យក​អត្រាពន្ធ​ថេរ២០​ភាគរយ​លើប្រាក់​ចំណេញ​មូលធននេះ មិនមាន​ន័យថា រដ្ឋយក​ពន្ធ២០​ភាគរយ​ពីប្រាក់​ចំណេញ​ទាំង​មូលនោះទេ ពោលគឺរដ្ឋ​យកតែ​២០ភាគរយ​នៃតម្លៃអចលនទ្រព្យ​ដែលលក់បាននោះ​ប៉ុណ្ណោះ ដើម្បីយក​គណនា​គិត​ពន្ធ​២០ភាគរយ​ ដែល​បាន​កំណត់ក្នុងច្បាប់។ ក្នុងន័យនេះ ជាឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នង​បាន​ក្នុងតម្លៃ ១លាន​ដុល្លារ នោះ នឹងត្រូវ​យក​តម្លៃ ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ ២០% ដែលបាន​កំណត់ ដូច្នេះ បើអ្នកលក់ផ្ទះនោះ បាន​ក្នុងតម្លៃ១លានដុល្លារ នោះ​អ្នកនឹងត្រូវបង់​ពន្ធ​ចំណេញមូលធននេះ ៤ម៉ឺនដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាម នឹងចូលមកខួងអណ្ដូងប្រេងនៅកម្ពុជាចំនួន ៥ អណ្ដូងឲ្យក្រុមហ៊ុន KrisEnergy នៅខែតុលា

ព័ត៌មាន
នៅខែតុលាខាងមុខនេះ ក្រុមហ៊ុនខួងអណ្ដូងប្រេងរបស់វៀតណាម PetroVietnam Drilling & Well Service Corporation (PV Drilling) នឹងចាប់ផ្ដើមអ…

ផ្លូវរថភ្លើងក្រោមរូងភ្នំ តភ្ជាប់រវាងប្រទេសឡាវ និងចិន ត្រូវបានបញ្ចប់ការសាងសង់ហើយ!

ព័ត៌មាន
ផ្លូវរថភ្លើងក្រោមរូងភ្នំ ដែលមានប្រវែងជិត ៩គីឡូម៉ែត្រតភ្ជាប់រវាង ប្រទេសឡាវ និងប្រទេសចិន ត្រូវបានបញ្ចប់ជាស្ថាពរហើយបន្ទាប់ពីបានចំណាយពេលសាងសង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ