ការនាំចេញប្រេងតាមកប៉ាល់ទៅតំបន់អាស៊ីកាន់តែខ្លាំង

រុស្ស៊ីបង្កើនការនាំចេញប្រេងតាមកប៉ាល់ទៅតំបន់អាស៊ីកាន់តែខ្លាំង ចំពេលមានទណ្ឌកម្មពីលោកខាងលិច


បើយោងតាមក្រុមពាណិជ្ជករ និង ទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ Refinitiv បានបង្ហាញថា ក្រោមសម្ពាធពីទណ្ឌកម្មរបស់លោកខាងលិច រុស្ស៊ីកំពុងនាំចេញប្រេងកាន់តែច្រើនទៅកាន់អាស៊ី និង ប្រើប្រាស់ការផ្ទេរប្រេងពីកប៉ាល់មួយទៅកប៉ាល់មួយទៀត ដើម្បីបង្កើនការនាំចេញកាន់តែធំសម្រាប់ទីផ្សារដែលស្ថិតនៅតំបន់ឆ្ងាយ។ ដោយក្នុងនោះ តំបន់អាស៊ី គឺប្រទេសចិន និងឥណ្ឌាកំពុងបង្កើនការទិញប្រេងពីរុស្ស៊ីច្រើនគេ ជាមួយនឹងតម្លៃទាបជាងទីផ្សារផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
រុស្ស៊ីបង្កើនការនាំចេញប្រេងតាមកប៉ាល់ទៅតំបន់អាស៊ីកាន់តែខ្លាំង ចំពេលមានទណ្ឌកម្មពីលោកខាងលិច

សហភាពអឺរ៉ុបបាននឹងកំពុងកាត់បន្ថយការនាំចូលផលិតផលប្រេងរបស់រុស្ស៊ីចាប់តាំងពីខែមីនា ហើយបានយល់ព្រមលើការហាមឃាត់ទាំងស្រុងចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៣។

ទិន្នន័យរបស់ Refinitiv បានបង្ហាញថា នៅក្នុងខែសីហា ការនាំចេញប្រេងឥន្ធនៈពីរុស្ស៊ីទៅកាន់ប្រទេសហូឡង់ដែលធ្លាប់តែមានពី ជាង ៣ សែន៦ម៉ឺនតោន និង ប្រទេសអេស្តូនី មានជាង១សែន៧ ម៉ឺនតោន បានធ្លាក់ចុះដល់ចំនួនសូន្យតែម្ដងនៅក្នុងខែកក្កដាកន្លងទៅនេះ។

ប៉ុន្ដែក្នុងពេលជាមួយគ្នានេះ ការដឹកជញ្ជូនប្រេងឥន្ធនៈពីកំពង់ផែរុស្ស៊ីទៅកាន់ប្រទេសសិង្ហបុរីវិញអាចនឹងមានលើសពី ៣ សែន ៥ ម៉ឺនតោនឯណោះក្នុងខែនៅក្នុងខែសីហានេះ បន្ទាប់ពីមិនមានការដឹកជញ្ជូននៅក្នុងខែមិថុនា និង ខែកក្កដា ខណៈពេលដែលការនាំចេញប្រេងផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយទៀត នៅកំពង់ផែ Kalamata របស់ប្រទេសក្រិកវិញ កាលពីខែមុនបានកើនឡើងដល់ជិត ១ លានតោន។

ក្រុមពាណិជ្ជករបាននិយាយថា ប្រតិបត្តិការផ្ទេរប្រេងពីកប៉ាល់ទៅកប៉ាល់ អនុញ្ញាតឱ្យនាវាធំជាងមុនត្រូវបានផ្ទុកប្រេងបានបរិមាណច្រើន ដែលធ្វើឱ្យការដឹកជញ្ជូនទៅកាន់អាស៊ីមានតម្លៃទាប។

មែនទែនទៅ ពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងហ៊ុមព័ទ្ធប្រេងរបស់ប្រទេសរុស្ស៊ី ការផ្គត់ផ្គង់ប្រេងពីទីក្រុងម៉ូស្គូទៅកាន់អាស៊ី និងមជ្ឈិមបូព៌ា ក៏ដូចជារដ្ឋអាហ្វ្រិកមួយចំនួនកំពុងកើនឡើង។

គួរជម្រាបថា អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក និងមានការលិតប្រេងឥន្ធនៈច្រើនជាងរុស្ស៊ីទ្វេដងនៅក្នុងត្រីមាសទីពីរ ក៏មានការនាំចូលប្រេងពីរុស្ស៊ីតម្លៃទាបផ្គត់ផ្គង់ដល់ស្ថានីយ៍ថាមពលសម្រាប់ការកើនឡើងនូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅរដូវក្តៅ និងបានជំរុញការនាំចេញប្រេងឆៅរបស់ខ្លួនដែលផលិតបានកាន់តែច្រើនក្នុងតម្លៃខ្ពស់។

ក្រសួងសេដ្ឋកិច្ចរុស្ស៊ីកាលពីពេលកន្លងទៅថ្មីៗនេះ បានរំពឹងថា ប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញថាមពលនៅឆ្នាំនេះ នឹងកើនដល់ជាង៣៣៧ពាន់លានដុល្លារ កើនឡើងប្រហែល៣៨% បើធៀបនឹងឆ្នាំ២០២១ ទោះបីជា បច្ចុប្បន្ន ទីក្រុងម៉ូស្គូកំពុងរងសម្ពាធទណ្ឌកម្មធ្ងន់ធ្ងរពីសំណាក់លោកខាងលិចក្ដី។ ការកើនឡើងប្រាក់ចំណូលពីការនាំចេញវិស័យថាមពលនេះ គឺដោយសារតែបរិមាណនាំចេញប្រេងកើនខ្ពស់ រួមជាមួយនឹងតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង។ រីឯនោះឆ្នាំ២០២៣ រុស្ស៊ីរំពឹងថា ការនាំចេញថាមពលអាចនឹងទទួលបានប្រាក់ចំណូលថមថយចុះមកនៅត្រឹមជាង២៥៥ពាន់លានដុល្លារអាមេរិក ប៉ុន្ដែ វានៅតែជាកម្រិតមួយខ្ពស់ជាងឆ្នាំ២០២១ ដែលធ្លាប់មានត្រឹមតែជាង ២៤៤ពាន់លានដុល្លារប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


លោកចូ បៃឌិន ប្រកាសលើកលែងប្រាក់កម្ចីសិក្សាដល់និស្សិតរាប់លាននាក់ ប៉ុន្ដែរងការរិះគន់ថានឹងជំរុញអតិផរណាកើនកាន់តែខ្ពស់

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃពុធ ទី ២៤ ខែ សីហាថា រដ្ឋាភិបាលអាមេរិកនឹងលើកលែងកម្ចីសិក្សាក្នុងចំនួនទឹកប្រាក់ ១ម៉ឺ…

ក្រុមហ៊ុនវិនិយោគជប៉ុនជាង ៥០ ជួបថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារអេស៊ីលីដានៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានជួបពិភាក្សាជាមួយវិនិយោគិនជនជាតិជប៉ុនមកពីជាង៥០ក្រុមហ៊ុន ដែលជាសមាជិកស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ