រុស្ស៊ីត្រៀមវាយលុកជាថ្មីនៅភាគខាងកើតអ៊ុយក្រែន

រុស្ស៊ីត្រៀមវាយលុកជាថ្មីនៅភាគខាងកើតអ៊ុយក្រែន ក្រោយបន្ធូរដៃវាយប្រហារនៅរដ្ឋធានីកៀវ


ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ុយក្រែនកំពុងរៀបចំទប់ទល់នឹងការវាយប្រហារថ្មីរបស់រុស្ស៊ីនៅភាគខាងកើតនៃប្រទេសវិញម្តង ក្រោយពេលដែលគេសង្កេតឃើញ រុស្ស៊ីកំពុងដាក់ពង្រាយទាហានបន្ថែមទៀតនៅទីនោះ។
កងកម្លាំងអ៊ុយក្រែនកំពុងរៀបចំទប់ទល់នឹងការវាយប្រហារថ្មីរបស់រុស្ស៊ីនៅភាគខាងកើតនៃប្រទេស

ការ​ចល័ត​ទ័ព​ទៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ពី​សំណាក់​កងទ័ព​រុ​ស្ស៊ី​ដូចនេះ​ធ្វើ​ឡើង នៅ​បន្ទាប់​ពី​ភាគី​រុ​ស្ស៊ី​បាន​សន្យា​ថា ខ្លួន​នឹង​បន្ថយ​ដៃ​វាយប្រហារ​លើ​រដ្ឋធានី​កៀវ និង តំបន់​មួយ​ចំនួន ប៉ុន្តែ​ចុង​ក្រោយ​បែរជា មក​វាយប្រហារ​នៅ​តំបន់​ភាគ​ខាងកើត​វិញ​ម្តង​។ ការ​សន្យា​នេះ​ទៀត​សោត បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ចរចា​ជុំ​ទី​០៤ កាលពី​ថ្ងៃ​អង្គារ​ក្នុង​ស​ប្តា​ហ៍​នេះ​។

ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន គឺ​អ៊ុយ​ក្រែ​ន ពេល​នេះ​បាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៥​ហើយ​។ សង្គ្រាម​នេះ​រុញច្រាន​មនុស្ស​៤​លាន​នាក់ បាន​ចាក​ចេញពីផ្ទះ​សម្បែង របស់​ពួក​គេ ខណៈ​មនុស្ស​រាប់​ពាន់​នាក់​ទៀត​បាន​ស្លាប់​។ ជាមួយ​គ្នា​នេះ វា​ក៏​បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ពិភពលោក​កើនឡើង និង​បាន​រាលដាល​នាំ​ភ្លើង​ឲ្យ​ក្តៅ​ដល់​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី​ជាមួយនឹង​លោក​ខាងលិច​ថែម​ទៀត ហើយ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ស្ថានការណ៍​អាក្រក់​បំផុត​រាប់​ចាប់តាំងពី​សម័យ​សង្គ្រាមត្រជាក់​មក​។

ដើម្បី​ជួយ​សម្រួល​ស្ថានភាព​ប្រេង​ពិភពលោក សហរដ្ឋអាមេរិក​កំពុង​ពិចារណា​លើ​ការ​បញ្ចេញ​ស្តុក​ប្រេង​បម្រុង​របស់​ខ្លួន​ចំនួន ១៨០​លាន​បារ៉ែល ដើម្បី​ទប់ទល់​នឹង​ការ​ឡើងថ្លៃ ដែល​កំពុង​ជំរុញ​អត្រា​អតិផរណា​នៅ​ជុំវិញ​ពិភពលោក​។ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ អាយ អេ អ៊ី (IAE) នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ ក្នុង​គោលដៅ​ស្វែងរក​ដំណោះស្រាយ និង​ដាក់​ចេញ​វិធានការ​បន្ថែម​។

សហគមន៍​អន្តរជាតិ​ខំប្រឹង​ប្រែង​តាម​វិធី​របស់​គេ ខណៈ​អ្នក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុង​ត្រូវ​បាន​គេ​ឈ្លានពាន​នោះ ក៏​ខិតខំ​ទប់ទល់​តាម​លទ្ធភាព​របស់​ខ្លួន និង​មានការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ខាងក្រៅ​ផង​ដែរ​។ ការ​តស៊ូ​ដ៏​ស្វិតស្វាញ​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​រារាំង​រុ​ស្ស៊ី​ពី​ការ​ដណ្តើម​យក​ទីក្រុង​សំខាន់​ៗ​របស់​ខ្លួន រួម​ទាំង​រដ្ឋធានី​កៀវ  ជា​កន្លែង​ដែល​ទាហាន​រុ​ស្ស៊ី​ត្រូវ​បាន​រារាំង​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ រហូត​ដល់​ខ្លួន​ដកថយ​បន្តិច​ម្តង​ៗ​។

នៅ​ក្នុង​សារ​វី​ដេ​អូ ដូចដែល​លោក ហ្សេ​លេ​ន​ស្គី តែង​ធ្វើ​រាល់ដង លោក​បាន​ហៅ​ការ​បន្ធូរ​ដៃ​ពី​ទាហាន​រុ​ស្ស៊ី​នៅ​ក្រុង​កៀវ និង ឆេ​ន​នី​ហី​វ ថា​មិនមែន​ជា​ចេតនា​ល្អ​របស់​ពួក​គេ​នោះ​ទេ​។ តាម​ពិត​ទៅ​វា ដោយសារ​តែ​ទ័ព​រុ​ស្ស៊ី​នៅ​តំបន់​ទាំងនោះ​បាន​ចាញ់​ប្រៀប និង​មិន​អាច​ទប់ទល់​នឹង​កងទ័ព​ការពារ​របស់​អ៊ុយ​ក្រែ​ន​បាន​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​នរូ​ប​នេះ​បាន​បន្ថែម​ថា អ៊ុយ​ក្រែ​ន បានឃើញ​ពី​ការ​បង្កើន​កម្លាំង​ទ័ព​រុ​ស្ស៊ី​សម្រាប់​ការ​វាយប្រហារ ចេញ​មុខព្រួញ​ពី​តំបន់ Donbas សំដៅ​មក​ភាគ​ខាងកើត​ប្រទេស ហើយ​លោក​អះអាង​ថា ទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀមលក្ខណៈ​សម្រាប់​ការ​វាយប្រហារ​ហើយ​ដែរ​។

យ៉ាងណា​ក៏​ដោយ នៅ​ទីក្រុង​កំពង់​ផែ​ម៉ា​រី​យ៉ូ​ប៉ូ​ល ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ​ឯណោះ​វិញ ក៏​នៅ​តែ​បន្ត​ស្ថិត​ក្រោម​ការ​ប្រយុទ្ធ​ដ៏​ក្តៅ​គគុក​ដដែល​។ បើ​តាម​សេចក្តីរាយការណ៍​ចុង​ក្រោយ ទីក្រុង​នេះ ត្រូវ​បាន​ទ័ព​រុ​ស្ស៊ី​គ្រប់គ្រង​បាន​ពាក់កណ្តាល​ហើយ ខណៈ​មនុស្ស​ជាង​១៧​ម៉ឺន​នាក់​កំពុង​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​មួយ​នេះ​នៅឡើយ​ហើយ​កំពុង​ខ្វះខាត​ស្បៀងអាហារ​យ៉ាង​ខ្លាំង​។ 

គួរ​ជម្រាប​ថា ក្រុង​កៀវ​បាន​ចោទប្រកាន់​ទីក្រុង​ម៉ូ​ស្គូ​ថា មិន​បាន​គោរព​ទាំងស្រុង​តាម​ការ​សន្យា​នោះ​ទេ ពោល​គឺ​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​បាន​សន្យា​ក្នុង​ការ​ចរចា​ទល់មុខ​គ្នា​ជុំ​ទី​៤ ដែល​ទើប​បិទ​បញ្ចប់​កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ គេ​នឹង​មាន​កិច្ចចរចា​តាម​អន​ឡាញ​ម្តងទៀត រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​។ ប៉ុន្តែ​ភាគី​រៀង​ៗ​ខ្លួន សុទ្ធតែ​មិន​មាន​ក្តី​សង្ឃឹម​ឡើយ សម្រាប់​ការ​ចរចា​លើក​ក្រោយ​ៗ​នេះ​។ អ៊ុយ​ក្រែ​ន​បាន​ស្វែងរក​បទ​ឈប់​បាញ់​ដោយ​មិន​មានការ​ដោះ​ដូរ​ទឹកដី ឬ​អធិបតេយ្យភាព​របស់​ខ្លួន ទោះបីជា​ទីក្រុង​កៀវ​បាន​ស្នើ​ឱ្យ​ទទួលយក​អព្យាក្រឹតភាព ជា​ថ្នូរ​នឹង​ការ​ធានា​សន្តិសុខ​ជាតិ​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលថៃព្យាករថា អតិផរណាថៃនឹងប៉ោងឡើងពី១,៧% ដល់ ៤.៩%នៅឆ្នាំនេះ

ព័ត៌មាន
ធនាគារកណ្តាលថៃ (BoT) បានព្យាករណ៍រថា អត្រាអតិផរណានៅក្នុងប្រទេសថៃ នឹងមានការកើនឡើងខ្ពស់សម្រាប់ឆ្នាំនេះ ពី ១,៧% ដល់ ៤,៩% ដោយសារតែការកើនឡ…

តើសង្គ្រាមអ៊ុយក្រែននឹងប៉ះទង្គិចដល់ទំនាក់ទំនងចិន-អាមេរិក និងតំបន់ប៉ាស៊ីហ្វិកយ៉ាងណាខ្លះ?

ព័ត៌មាន
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បាននិយាយនៅក្នុងវេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធទី ៣០មីនាថា ផលប៉ះព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ