វិបត្តិអ៊ុយក្រែន

រុស្ស៊ីដាក់លក្ខខណ្ឌឲ្យដកទណ្ឌកម្មពីខ្លួនសិន ទើបបើកកំពង់ផែឲ្យនាំស្បៀងចេញពីអ៊ុយក្រែន


ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សំដីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko ដែលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ច្រករបៀងមនុស្សធម៌សម្រាប់កប៉ាល់ដឹកស្បៀងអាហារ ដើម្បីចាកចេញពីអ៊ុយក្រែនជាថ្នូរនឹងការដកទណ្ឌកម្មមួយចំនួនពីរុស្ស៊ី។
រុស្ស៊ីដាក់លក្ខខណ្ឌឲ្យដកទណ្ឌកម្មទើបបើកកំពង់ផែនាំស្បៀងចេញ!
ដោយ

ការ​លើក​ឡើង​បែប​នេះ​ពី​ភាគី​រុ​ស្ស៊ី ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថានការណ៍​ស្បៀងអាហារ​សកល​កំពុង​ជួប​ប្រទះ​នឹង​កង្វះខាត ខណៈ​ដែល​កំពង់​ផែ​សមុទ្រ​ខ្មៅ​របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​បិទ​ចាប់តាំងពី​រុ​ស្ស៊ី បញ្ជូនទាហាន​រាប់​សិប​ម៉ឺន​នាក់​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី ២៤​ខែកុម្ភៈ ហើយ​គ្រាប់​ធញ្ញជាតិ និង​ប្រភព​ស្បៀងអាហារ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​អ៊ុយ​ក្រែ​ន​ផលិត​បាន​ហើយ ត្រូវ​នាំ​ចេញ​ទៅ​ផ្គត់ផ្គង់​ជាស​កល ត្រូវ​បាន​ជាប់​គាំង​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មាន​ជាង ២០​លាន​តោន​នៃ​ស្បៀង​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​កំពង់​ផែ​អ៊ុយ​ក្រែ​ន​។

ទាំង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​តំណាង​ឲ្យ​ជិត​មួយ​ភាគ​បី​នៃ​ការ​ផ្គត់ផ្គង់​ស្រូវ​សាលី​សកល ហើយ​ការ​ខ្វះខាត​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​សំខាន់​ៗ​ពី​កំពង់​ផែ​អ៊ុយ​ក្រែ​ន កំពុង​រួមចំណែក​ធ្វើ​ឲ្យ​កើត​មាន​វិបត្តិ​ស្បៀងអាហារ​ពិភពលោក ដែល​ប្រទេស​ជា​ច្រើន​កំពុង​ព្រួយបារម្ភ​។ លើស​ពី​នេះ អ៊ុយ​ក្រែ​ន​ក៏​ជា​ប្រទេស​នាំ​ចេញ​ពោត និង​ប្រេង​ផ្កាឈូករ័ត្ន​ដ៏​ធំ​ផង​ដែរ​។

ប្រឈម​មុខ​នូវ​កង្វះខាត​កាន់តែ​ធ្ងន់ធ្ងរ​នេះ មហាអំណាច​លោក​ខាងលិច​បាន​ពិភាក្សា​អំពី​គំនិត​នៃ​ការ​បង្កើត ច្រករបៀង​សុវត្ថិភាព សម្រាប់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់​ផែ​របស់​អ៊ុយ​ក្រែ​ន តែ​ច្រករបៀង​បែប​នេះ​គឺ​ត្រូវការ ការ​យល់ព្រម​ពី​រុ​ស្ស៊ី​។

ជា​លទ្ធផល អនុរដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក Rudenko និយាយ​ថា​៖ រុ​ស្ស៊ី​បាន​អះអាង​ម្តង​ហើយ​ម្តងទៀត​អំពី​ចំណុច​នេះ ថា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ស្បៀងអាហារ​តម្រូវ​ឱ្យ​មានការ​ព្រមព្រៀង​ត្រឹមត្រូវ​មួយ រួម​មានការ​ដក​ទណ្ឌកម្ម​ដែល​បាន​ដាក់​លើ​ការ​នាំ​ចេញ និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​រុ​ស្ស៊ី​សិន ទើប​រុ​ស្ស៊ី​ព្រម​បើក​ឲ្យ​មានការ​នាំ​ចេញ​ស្បៀង​ពី​អ៊ុយ​ក្រែ​ន​។

លោក​បន្ត​ថា ភាគី​អ៊ុយ​ក្រែ​ន​ក៏​ត្រូវ​ដោះ​មីន​ដែល​ខ្លួន​បាន​បង្កប់​តាម​កំពង់​ផែ​ទាំងអស់​ដែល​កប៉ាល់ បាន​បោះ​យុថ្កា​ចត​ផង​ដែរ​។ បើ​បញ្ហា​ទាំងនេះ​ត្រូវ​បាន​ដោះស្រាយ រុ​ស្ស៊ី​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ផ្លូវ​មនុស្សធម៌​ចាំបាច់​សម្រាប់​ការ​នាំ​ស្បៀងអាហារ​ចេញ​ទៅ​។ គួរ​ជម្រាប​ថា រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​ដាំ​គ្រាប់​មីន​ក្នុង​ទឹក​នៅ​សមុទ្រ​ខ្មៅ​។

បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រុ​ស្ស៊ី RIA ពេល​នេះ​ទីក្រុង​ម៉ូ​ស្គូ​កំពុង​ទាក់ទង​ជាមួយ​អង្គការសហប្រជាជាតិ​លើ​បញ្ហា​បើក​ច្រក​កំពង់​ផែ​នេះ​។ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ ដោយ​ស្រង់​សម្ដី​តំណាង​របស់​រុ​ស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ ការ​ពិភាក្សា​រវាង​រុ​ស្ស៊ី និង​UN គឺ​ផ្តោត​តែ​ទៅ​លើ​ការ​បើកផ្លូវ​ឲ្យ​ដឹក​ជី​កសិកម្ម​ចេញពី​កំពង់​ផែ​ប៉ុណ្ណោះ មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​នាំ​គ្រាប់​ធញ្ញជាតិ និង​ស្បៀង​ទាំង​២០​លាន​តោន​ចេញ​នោះ​ទេ​។

សូមជ្រាប​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កំពុង​ជំរុញ​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​ជាមួយនឹង​តម្លៃ​គ្រាប់​ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

កំពង់​ផែ Odesa នៅ​លើ​សមុទ្រ​ខ្មៅ គឺជា​កំពង់​ផែ​ទឹក​ជ្រៅ​ដ៏​សំខាន់​បំផុត​របស់​អ៊ុយ​ក្រែ​ន ដោយឡែក​នៅ​តំបន់​សមុទ្រ Azov មាន​កំពង់​ផែ​ទឹក​រាក់​មួយ​ចំនួន​។ ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា កំពង់​ផែ​ក្នុង​ក្រុង Mariupol របស់​អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ន​ត្រូវ​បាន​កាន់កាប់​ដោយ​រុ​ស្ស៊ី កំពុង​ដំណើរការ​ជា​ធម្មតា បន្ទាប់​ពី​កងកម្លាំង​រុ​ស្ស៊ី​បាន​បញ្ចប់​ការ​ដោះ​មីន​ចេញពី​ទីនោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ៖ប្រទេសថៃនឹងគ្មានការគំរាមកំហែងពីបញ្ហាកង្វះខាតស្បៀងអាហារនោះទេ

ព័ត៌មាន
ទោះបីជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបណ្តាលឲ្យប្រទេសជាច្រើនព្រួយបារម្ភអំពីសន្តិសុខស្បៀងអាហារ ហើយព្រមទាំងហាមឃាត់ការនាំចេញនានា ដើម្បីធានាការផ្គត់ផ្…

ស្ថានការណ៍តំបន់កាន់តែតានតឹងនៅអំឡុងពេល និងក្រោយដំណើរទស្សនកិច្ចលោកចូបៃឌិននៅអាស៊ី

ព័ត៌មាន
លោកចូ បៃឌិន បានបិទបញ្ជប់ទៅហើយនូវបេសសកម្មបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ីជាលើកទីមួយរបស់លោក ក្នុងនាមជាប្រធានាធិបតីអាមេរិក ដោយបានអញ្ជើញទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ