រុស្សីបញ្ជាក់ជាថ្មីថា ត្រូវដកទណ្ឌកម្មលោកខាងលិច

រុស្សីបញ្ជាក់ជាថ្មីថា ត្រូវដកទណ្ឌកម្មលោកខាងលិចសិន ទើបនាំចេញគ្រាប់ធញ្ញជាតិទៅទីផ្សារអន្តរជាតិ


វិមានក្រឹមឡាំង នៅថ្ងៃទី៨មិថុនាបានចេញមកបញ្ជាក់ជាថ្មីទៀតថា ទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់ប្រឆាំងនឹងទីក្រុងម៉ូស្គូត្រូវតែដកចេញភ្លាមៗ ទើបរុស្សីអាចនាំចេញគ្រាប់ធញ្ញជាតិទៅទីផ្សារអន្តរជាតិបាន ដើម្បីបញ្ចៀសវិបត្តិស្បៀងអាហារ ដែលពិភពលោកកំពុងជួបប្រទះបច្ចុប្បន្ននេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រុស្សីបញ្ជាក់ជាថ្មីថា ត្រូវដកទណ្ឌកម្មលោកខាងលិចសិន ទើបនាំចេញគ្រាប់ធញ្ញជាតិទៅទីផ្សារអន្តរជាតិ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ពេស្កូវ (Dmitry Peskov) ​បានប្រាប់អ្នកយកព័ត៌មានថា “ប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន បាននិយាយថា ដើម្បីឱ្យបរិមាណគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីអាចចែកចាយទៅកាន់ទីផ្សារអន្តរជាតិបាន លុះត្រាតែការដាក់ទណ្ឌកម្មដោយផ្ទាល់ និងដោយប្រយោលប្រឆាំង​នឹងរុស្ស៊ីត្រូវតែដកចេញជាបន្ទាន់ជាមុនសិន” ។

លោកបាននិយាយថា ទណ្ឌកម្មដែលលោកខាងលិចបានដាក់ក្នុងការឆ្លើយតបចំពោះការលុកលុយរបស់ខ្លួនទៅ​លើកាន់អ៊ុយក្រែននោះ កំពុងប៉ះពាល់យ៉ាងខ្លាំង​ដល់ការធានា​រ៉ាប់រងលើការដឹកជញ្ជូន ការបង់ប្រាក់ផ្សេងៗ និងការចូលទៅកាន់កំពង់ផែអឺរ៉ុបផងដែរ។

សូមជម្រាបថា ការផ្គត់ផ្គង់ស្រូវសាលីពីប្រទេសអ៊ុយក្រែន និងរុស្ស៊ីរួមគ្នាមានចំនួនជិតមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលី​សកលលោកទៅហើយ ខណៈដែលរុស្ស៊ីជាអ្នកនាំចេញជីកសិកម្មដ៏ធំ ហើយអ៊ុយក្រែនជាអ្នកដាំដុះ និងនាំចេញពោត និងប្រេងចម្អិនអាហារ​ដ៏សំខាន់ផងដែរ។

រដ្ឋមន្ត្រីការបរទេសរុស្សី​ លោក សឺហ្គេ ឡារូហ្វ (Sergei Lavrov) បាននិយាយកាលពីថ្ងៃទី៨មិថុនាថា ភារកិច្ចគឺស្ថិតនៅលើអ៊ុយក្រែនតែប៉ុណ្ណោះ ក្នុងការដោះស្រាយបញ្ហាការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដោយគ្រាន់តែដោះមីន ដែលខ្លួនបានដាក់តាមមធ្យោបាយណាក៏បាន ដើម្បីឲ្យរុស្សីងាយស្រួលដឹកគ្រាប់ធញ្ញជាតិ ទៅកាន់កំពង់ផែទាំងនោះ។

មួយវិញទៀត លោក ពេស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង និង រដ្ឋមន្ត្រីការបរទេសរុស្សី លោក ឡារូហ្វ ថែមទាំងបានចោទប្រកាន់អ៊ុយក្រែនថា​ កំពុងនិយាយបផ្លើសពីចំនួនគ្រាប់ធញ្ញជាតិរបស់ខ្លួន ដ្បិតថា បើតាម​អ្វីដែលរុស្ស៊ីបានដឹងនោះ គឺអ៊ុយក្រែនមានគ្រាប់ធញ្ញជាតិ ដែលបម្រុងទុកតិចតួចណាស់បើធៀបទៅ​នឹង​ទីផ្សារអន្តរជាតិ ហើយមន្ត្រីទីក្រុងមូស្គូទាំងពីរនាក់នេះ ក៏ថែមទាំងបានចោទប្រកាន់​លោកខាងលិចដែរថា បានយកការណ៍នេះ ដើម្បីនិយាយបំប៉ោងព័ត៌មាន ដើម្បីលាបពណ៌ទៅលើរុស្សីថា បង្កឲ្យកើតមានមហន្តរាយនៃស្បៀងអាហារពិភពលោក។​

​ទោះជាយ៉ាងណា យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ អ៊ុយក្រែនគឺជាប្រទេសនាំចេញស្រូវសាលីធំជាងគេទី ៥ នៅលើពិភពលោក ដែលមាន​ចំណែកទីផ្សារប្រមាណ ១០% ។

ពាក់ព័ន្ធនឹងរឿងស្បៀងអាហារនេះដែរ ប្រទេសតួគីឯណោះវិញកំពុងខ្នះខ្នែងមែនទែន ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ដោយចរចាលើការធានា​សុវត្ថិភាពក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដែលជាប់គាំងនៅក្នុងកំពង់ផែសមុទ្រខ្មៅ ក៏ប៉ុន្តែមានការខ្វែងគំនិតគ្នាមួយចំនួន ដោយអ៊ុយក្រែនបាននិយាយថា រុស្ស៊ីកំពុងដាក់លក្ខខណ្ឌមិនសមហេតុមិនសមផល។

ទោះយ៉ាងណា ក្នុងជំនួបជាមួយសមភាគីរុស្ស៊ីថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសតួគី លោក មេវលូត កាវ៉ូសូលូ (Mevlut Cavusoglu) បាននិយាយថា កិច្ចពិភាក្សាកាលពីថ្ងៃពុធសប្ដាហ៍នេះ​នៅទីក្រុងអង់ការ៉ាមានផ្លែផ្កាល្អ ហើយភាគីទាំងពីរយល់ស្របថា ការបើកច្រកនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនឡើងវិញ តាមច្រករបៀង​សមុទ្រ គឺសមហេតុផល។

ទោះយ៉ាងណា នាយកសហជីពពាណិជ្ជករគ្រាប់ធញ្ញជាតិអ៊ុយក្រែន លោក ស៊ើរហី (Serhiy Ivashchenko) បានប្រាប់សន្និសីទអនឡាញមួយកាលពីថ្ងៃពុធថា "តួគីដែលជាអ្នកធានាសុវត្ថិភាពនៃការដឹកគ្រាប់ធញ្ញជាតិ គឺមិនមានអំណាច​គ្រប់គ្រាន់នោះទេ" ។ លោកបានបន្ថែមថា វាអាចចំណាយពេលយ៉ាងហោចណាស់​ពីរទៅបីខែឯណោះ ដើម្បីដោះមីនចេញពីកំពង់ផែអ៊ុយក្រែនទាំងនោះ ដើម្បីនាំចេញស្បៀងអាហារវិញបាន។

គួររំលឹកឡើងវិញថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំជាងគេទី ៣ និងទី ៤ របស់ពិភពលោកនោះ បានបន្ថែមតម្លៃអតិផរណានៃម្ហូបអាហារ និងកំពុងធ្វើឱ្យការផ្គត់ផ្គង់ស្បៀងអាហារពិភពលោកប្រឈមនឹងហានិភ័យខ្ពស់ឡើង។

ប្រទេសអ៊ុយក្រែនបាននាំចេញគ្រាប់ធញ្ញជាតិរហូតដល់ ៦ លានតោនក្នុងមួយខែមុនពេលរុស្ស៊ីចាប់ផ្តើមការលុកលុយចូលអ៊ុយក្រែន​នៅថ្ងៃទី ២៤ ខែកុម្ភៈ៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញក្នុងខែឧសភារបស់ចិនកើនឡើង ខណៈសកម្មភាពពាណិជ្ជកម្មងើបឡើងវិញ ក្រោយបន្ធូរបន្ថយវិធានការកូវីដ១៩

ព័ត៌មាន
ការនាំចេញរបស់ប្រទេសចិនបានស្ទុះងើបឡើងដល់ទៅតួលេខ ២ ខ្ទង់ឯណោះ នៅក្នុងខែឧសភាកន្លងមកនេះ ខណៈដែលអាជ្ញាធរមូលដ្ឋានបានបន្ធូរបន្ថយវិធានការមួយចំន…

ថៃរំពឹងខ្ពស់ចំពោះទីផ្សារទុរេនឆ្នាំនេះ ខណៈការនាំចេញរំពឹងកើនដល់ជិត៦ពាន់លានដុល្លារ

ព័ត៌មាន
ទស្សនវិស័យសម្រាប់នាំចេញទុរេនរបស់ប្រទេសថៃនៅតែមានការរំពឹងទុកខ្ពស់ ដោយតម្លៃនៃការនាំចេញត្រូវបានរំពឹងថា នឹងកើនឡើងជិត ៦ ពាន់លានដុល្លារនៅឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ