រូបិយបណ្ណរុស្ស៊ីឡើងថ្លៃវិញបន្តិចហើយ

រូបិយបណ្ណរុស្ស៊ីឡើងថ្លៃវិញបន្តិចហើយ ក្រោយធ្លាក់ចុះដល់អត្រាទាបបំផុតក្នុងរយៈពេល១០ខែចុងក្រោយ


តម្លៃប្រាក់រូប្លដែលជារូបិយបណ្ណរបស់រុស្ស៊ីបានងើបឡើងវិញបន្តិចហើយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយពីនៅសប្តាហ៍មុនលុយរូប្លធ្លាក់ចុះដល់ទៅកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១០ខែចុងក្រោយ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ការធ្លាក់ចុះនេះ គឺដោយសារ និន្នាការធ្លាក់ចុះការនាំចេញប្រេង ដែលបង្កឡើងដោយទណ្ឌកម្មហ៊ុមព័ទ្ធលើផលិតផលប្រេងរបស់រុស្ស៊ី និងការកើនឡើងនៃតម្រូវការរូបិយបណ្ណបរទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបិយប័ណ្ណរុស្ស៊ីឡើងថ្លៃវិញបន្តិច ក្រោយធ្លាក់ចុះដល់អត្រាទាបបំផុត!

គិតត្រឹមព្រឹកថ្ងៃចន្ទទី២០កុម្ភៈ ប្រាក់រូប្លរបស់រុស្ស៊ី ៧៣,៣០រូប្ល អាចប្តូរបាន១ដុល្លារអាមេរិក។ នេះជាការកើនតម្លៃវិញប្រមាណ ១,៣% បើធៀបនឹងកាលពីថ្ងៃសុក្រសប្តាហ៍មុន លុយរុស្ស៊ីបានធ្លាក់ចុះដល់ ៧៥,៣០រូប្ល ទើបប្តូរបាន១ដុល្លារ ដែលនោះជាអត្រាទាបបំផុតបើគេគិតពីខែមេសាឆ្នាំមុនមក។ ដោយឡែក រូបិយបណ្ណរុស្ស៊ីក៏បានធ្លាក់ចុះដែរបើធៀបនឹងប្រាក់អឺរ៉ូ និងប្រាក់យ័នរបស់ចិន។

បើតាមអ្នកវិភាគទីផ្សារ លុយរូប្លិចុះទន់ខ្សោយនៅពេលនេះ គឺដោយសារសកម្មភាពនាំចេញនាំចូលមានការប្រែប្រួល ខណៈទីផ្សារប្តូរប្រាក់បរទេសក៏មិនមានស្ថិរភាពដូចគ្នា។ ប្រឈមមុខនឹងអស្ថិរភាព គូបផ្សំគំនាបលើការនាំចេញនិងនាំចូល ដោយសារទណ្ឌកម្មលោកខាងលិច បូករួមទាំងការដករុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT ផងនោះ ទីក្រុងម៉ូស្គូសម្រេចលើកលែងការទូទាត់ជារូបិយបណ្ណបរទេស ដល់អ្នកនាំចេញនាំចូលមួយចំនួននៅក្នុងប្រទេស។

រដ្ឋាភិបាលរុស្ស៊ីបានជួញដូររូបិយបណ្ណបរទេស ដែលមានតម្លៃសរុបចំនួន ៨,៩ពាន់លានរូប្ល ឬស្មើនឹងប្រមាណ ១២០លានដុល្លារក្នុងមួយថ្ងៃ ដើម្បីបំពេញចន្លោះថវិកា ដែលបណ្តាលមកពីការធ្លាក់ចុះនៃប្រាក់ចំណូលប្រេង និងឧស្ម័ន។

ប្រាក់រូប្លក៏ស្ថិតនៅក្រោមសម្ពាធពីការលក់ថាមពលក្នុងតម្លៃទាបផងដែរ។ នេះក៏ដោយសារតែរុស្ស៊ីត្រូវបង្ខំចិត្តលក់ប្រេងបញ្ចុះតម្លៃ ដល់ប្រទេសចិន ឥណ្ឌា នឹងប្រទេសផ្សេងទៀត ក្រោយទីផ្សាររបស់ខ្លួនមួយចំនួន មិនហានបញ្ជាទិញ ព្រោះខ្លាចជាប់ទណ្ឌកម្មបស្ចិមលោក។

សូមជម្រាបថា ទោះមានកំណើនឡើងវិញបន្តិចនៅដើមសប្តាហ៍នេះ តែមិនមែនបានន័យថា រូបិយបណ្ណរុស្ស៊ីអាចគេចផុតពីហានិភ័យឡើយ។ ជាក់ស្តែង នៅសប្តាហ៍ក្រោយ ប្រាក់រូប្លនៅតែប្រឈមមុខនឹងសម្ពាធដដែល ដោយសារតែមេដឹកនាំអឺរ៉ុប នឹងបើកកិច្ចប្រជុំ ពីកញ្ចប់ទណ្ឌកម្មថ្មីៗទៅលើរុស្ស៊ី ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែនឈានចូលដល់គំរប់មួយឆ្នាំ។ តាមប្រភពពីមន្ត្រីក្រុងព្រុយស៊ែល ទណ្ឌកម្មថ្មីសំដៅលើអ្នកនយោបាយ មេទ័ព និងធនាគាររបស់រុស្ស៊ីមួយចំនួនទៀត។

ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីកាលពីសប្តាហ៍មុននិយាយថា ខ្លួនកំពុងប្រកាន់ខ្ជាប់នូវផែនការ ឱនភាពថវិកាមិនឱ្យលើសពី ២%នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣នោះទេ ទោះបីជាការចំណាយមានខ្ពស់ និងការធ្លាក់ចុះនៃប្រាក់ចំណូលពីវិស័យថាមពលក៏ដោយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិក និងអឺរ៉ុបបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតលើការបោះទុនវិនិយោគនៅក្នុងប្រទេសចិន ចំពេលទំនាក់ទំនងប្រេះឆាខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនអន្តរជាតិរបស់អាមេរិក និងអឺរ៉ុបកំពុងបង្កើនការប្រុងប្រយ័ត្នមួយកម្រិតទៀត ចំពោះការបោះទុនវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន ក្រោយពីប…

កូរ៉េខាងជើងសាកល្បងមីស៊ីលពីរគ្រាប់ទៀត ខណៈអាមេរិក និងកូរ៉េខាងត្បូងសមយុទ្ធយោធា ជាការឆ្លើយតប

ព័ត៌មាន
មីស៊ីលបាលីស្ទិកពីរគ្រាប់ទៀតត្រូវបានបាញ់ចេញពីឆ្នេរភាគខាងកើតកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទទី២០ខែកុម្ភៈ ស្របពេលដែលប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ