វិបត្តិសង្គ្រាមអ៊ុយក្រែន

រុស្ស៊ីចេញមកព្រមានអាមេរិកខ្លាំងៗ ជុំវិញរឿងផ្ដល់ប្រព័ន្ធរ៉ុកែ្កតបាញ់បានឆ្ងាយទៅឲ្យអ៊ុយក្រែន


រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចេញមកព្រមានសហរដ្ឋអាមេរិកខ្លាំងៗថា ការផ្គត់ផ្គង់គ្រាប់រ៉ុក្កែតដ៏ទំនើបរបស់សហរដ្ឋអាមេរិកទៅឱ្យប្រទេសអ៊ុយក្រែនបានបង្កើនហានិភ័យនៃការអូសបញ្ចូល«ប្រទេសទីបី»ឱ្យធា្លក់ចូលទៅក្នុងជម្លោះនេះ។ ការចេញមកព្រមានចំៗដាក់អាមេរិកពីសំណាក់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនេះ ធ្វើឡើងនៅចំពេលដែលអាមេរិក បានប្រកាសពីជំនួយយោធាថ្មីតម្លៃ៧០០លានដុល្លារអាមេរិកបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រុស្ស៊ីព្រមានអាមេរិក ជុំវិញរឿងផ្ដល់ប្រព័ន្ធរ៉ុកែ្កតបាញ់បានឆ្ងាយទៅឲ្យអ៊ុយក្រែន

លោក Lavrov រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​អំពី​ផែនការ​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ​ប្រព័ន្ធ​រ៉ុក្កែត​ដ៏​ទំនើប​មួយ ដែល​អាច​វាយប្រហារ​បាន​ចម្ងាយ​ឆ្ងាយ និង​ចំ​គោលដៅ​ណាមួយ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​រុ​ស្ស៊ី​។

លោក Lavrov បាន​និយាយ​ថា ជា​ការ​ពិត ហានិភ័យ​បែប​នេះ​ពិតជា​មាន​ហើយ ហើយ​អ្វី​ដែល ទីក្រុង​កៀវ​ទាមទារ​ចង់បាន​ជាក់ស្តែង និង​ផ្នែក​សេដ្ឋកិច្ច​ពី​ក្រុម​អ្នក​ឧបត្ថម្ភ​នៅ​បស្ចិម​លោក​នោះ​គឺ​ទី​មួយ​វា​ហួស​ពី​ភាពសមរម្យ និង​លើស​ពី​ទំនាក់ទំនង​ការទូត​ទៅ​ទៀត​។ ហើយ​ទី​ពីរ វា​គឺជា​ការ​បង្កហេតុ​ផ្ទាល់​ដើម្បី​ឱ្យ​មានការ​ចូលរួម​ពី​បស្ចិមប្រទេស នៅ​ក្នុង​ជម្លោះ​នេះ​ផង​ដែរ​។

កាសែត អ៊ុ​ក​រ៉ា​យី​ន​ស្កា ប្រាវ​ដា (Ukrayinska Pravda) បាន​រាយការណ៍​ថា លោក ឡាវ​រ៉ូ​វ បាន​និយាយ​ថា ក្រុម​អ្នកមាន​មនសិការ​នយោបាយ​នៅ​បស្ចិម​លោក​ពិតជា​បាន​យល់​ដឹង​ពី​ហានិភ័យ​ទាំងនេះ​យ៉ាង​ច្បាស់​ទៅ​ហើយ​។ ពិត​ណាស់​មិនមែន​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​សហភាព​អឺរ៉ុប​ជា​ពិសេស​នៅ​ភាគ​ខាងជើង​តែ​ម្ដង​មិនដឹង​ពី​បញ្ហា​នៃ​ហានិភ័យ​នេះ​ទេ គឺ​មាន​អ្នកនយោបាយ​ដែល​ត្រៀមខ្លួន​ដើម្បី​ងាក​ទៅ​រក​ភាព​ឆ្កួត​លីលា​ទាំងនេះ ដើម្បី​បំពេញ​មហិច្ឆតា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។

លោក Lavrov បាន​បន្ថែម​ថា ប៉ុន្តែ​ប្រទេស​ម៉ឺងម៉ាត់​មួយ​ចំនួន​នៅ​សហភាព​អឺរ៉ុប​ពិត​ណាស់​បានដឹង​យ៉ាង​ច្បាស់​ពី​ភាព​មិន​អាច​ទទួលយក​បាន​នៃ​សេណា​រី​យ៉ូ​បែប​នេះ​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​ពី​ថ្ងៃ​ទៅ​១​មិថុនា ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល​ទំនើប​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​ថា សហរដ្ឋអាមេរិក​កំពុង​តែ "​បន្ថែម​ប្រេង​ដល់​ភ្លើង​" ដោយ​ផ្គត់ផ្គង់​សព្វាវុធ​ដល់ទី​ក្រុង​កៀវ​។ នេះ​បើ​តាម​ទូរទស្សន៍​អា​មេ​រិ​ក CNN បាន​រាយការណ៍​។

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​បាន​ស្នើ​ជា​យូរ​មក​ហើយ​ឱ្យ​សហរដ្ឋអាមេរិក​ផ្គត់ផ្គង់​ប្រព័ន្ធ​រ៉ុក្កែត​រយៈ​ចម្ងាយ​មធ្យម​ដែល​មាន​បច្ចេកវិទ្យា​ទំនើប​។ លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​កំពុង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែ​ន​នូវ "​ប្រព័ន្ធ​រ៉ុក្កែត​និង​គ្រាប់បែក​ទំនើប​ៗ"​ខណៈ​ដែល​សង្គ្រាម​អ៊ុយ​ក្រែ​ន​ជាមួយ​រុ​ស្ស៊ី​កំពុង​តែ​បន្ត​ឆាបឆេះ​ក្នុង​ភ្នកភ្លើងសង្គ្រាម​នៅឡើយ​។

ទោះ​យ៉ាងណា អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​ថា "​ការ​ផ្គត់ផ្គង់​បែប​នេះ​មិន​បាន​រួមចំណែក​ដល់​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​បន្ត​ការ​ចរចា​សន្តិភាព​ឡើង​វិញ​នោះ​ទេ​"​។

លោក Peskov ក៏​បាន​បន្ថែម​ដែរ​ថា វិមាន​ក្រឹម​ឡាំង​មិន​ជឿ​ទុកចិត្ត​លើ​ពាក្យ​សម្ដី​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ដែល​ថា​ទីក្រុង Kyiv នឹង​មិន​ប្រើប្រាស់​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​វាយប្រហារ​លើ​ទឹកដី​រុ​ស្ស៊ី​នោះ​ទេ នៅ​ពេល​ពួក​គេ​ទទួល​បាន​ប្រព័ន្ធ​រ៉ុក្កែត​នេះ​ពី​សហរដ្ឋអាមេរិក​ហើយ​នោះ​។

យ៉ាងណា​ក៏​ដោយ​ចុះ លោក អាន់​តូ​នី ប្លេង​ខេន រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​ចេញ​មក​អះអាង​ដែរ​ថា ប្រព័ន្ធ​គ្រាប់​រ៉ុកែត ដែល​អា​មេ​រិ​ក​នឹង​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​នោះ គឺ​អាច​បាញ់​បាន​ឆ្ងាយ​បំផុត​ដល់​ត្រឹម​រយៈ​ចម្ងាយ​៨០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ហើយ​វា​មិន​អាច​បាញ់​ចូល​ដល់​ក្នុង​ប្រទេស​រុ​ស្ស៊ី​នោះ​ទេ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN ថា ចំនួនអ្នករត់ចេញពីផ្ទះរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងខ្ពស់ដល់ជាង ១ លាននាក់ជាលើកដំបូង

ព័ត៌មាន
អង្គការសហប្រជាជាតិបាននិយាយថា អំពើហិង្សាក្រោយរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ាបានរុញច្រានចំនួនអ្នករត់ចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងប្រទេសមី…

អាមេរិកត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តច្បាប់ហាមប្រាមលើការនាំចូលទំនិញពីតំបន់ស៊ីនជាំងប្រទេសចិន

ព័ត៌មាន
មន្ត្រីគយអាមេរិកបាននិយាយកាលពីថ្ងៃទី១មិថុនាថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចហើយដើម្បីអនុវត្តច្បាប់ក្នុងការហាមឃាត់លើការនាំចូលទំនិញនានាពីត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ