សម្ដេច ហ៊ុន សែន ស្នើឲ្យចិនបន្តផ្តល់ជំនួយដល់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យចិនបន្តផ្តល់ជំនួយ ទោះបីកម្ពុជាមានលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនហើយក៏ដោយ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងចាត់ទុកជំនួយឧបត្ថម្ភរបស់ចិន គឺជាការរួមចំណែកដ៏សំខាន់ក្នុងកិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសចិនក៏បានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ឲ្យខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ថែមទៀតផង។ យ៉ាងណាមិញ នៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តអំពាវនាវដល់រាជរដ្ឋាភិបាលចិន ឲ្យផ្តល់ជំនួយដល់កម្ពុជា បន្តទៀត ទោះបីជា បច្ចុប្បន្នកម្ពុជា មានលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើន ក៏ដោយចុះ។
សម្ដេច ហ៊ុន សែន ស្នើឲ្យចិនបន្តផ្តល់ជំនួយដល់កម្ពុជា
ដោយ

មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តអំពាវនាវ និងស្នើដល់ភាគីចិន កុំបញ្ឈប់ការផ្ដល់ជំនួយដល់កម្ពុជា ដោយសារតែឃើញកម្ពុជា មានលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើននាពេលបច្ចុប្បន្នយ៉ាងណាក្ដី។ ក្រៅតែពីគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន និងត្រូវបានវិនិយោគវិនិយោគ ១០០ភាគរយដោយប្រទេសចិនហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏សង្ឃឹមថាមហាមិត្តចិន នឹងផ្តល់ជំនួយខ្លះសម្រាប់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គផងដែរ។

យ៉ាងណាក៏ដោយ បើផ្អែកលើព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះបំណុលទ្វេភាគី ប្រទេសដែលជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជា គឺប្រទេសចិន បន្ទាប់មកគឺជប៉ុន កូរ៉េខាងត្បូង និងបារាំង ជាដើម។ ប៉ុន្ដែ បើមើលទៅលើតួលេខស្ថានភាពបំណុលដែលកម្ពុជាខ្ចីប្រទេសចិន ធៀបនឹងទំហំសន្និធិបំណុលសាធារណៈសរុប ហាក់មានទំនោរថយចុះគួរឲ្យកត់សម្គាល់។ ពោលគឺបើគិតនៅត្រឹមចុងឆ្នាំ២០២១ ក្នុងចំណោមបំណុលសរុបសាធារណៈ កម្ពុជាជំពាក់ចិនមានជិត៤៣% ប៉ុន្ដែ បើគិតត្រឹមចុងឆ្នាំ២០២២ នៅមានត្រឹម ៤០% ប៉ុណ្ណោះ ប៉ុន្ដែ ការខ្ចីពីប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងជាដើម ហាក់កំពុងមានទំនោរកើនឡើង ដោយក្នុងនោះ បំណុលដែលកម្ពុជាជំពាក់ជប៉ុនគិតត្រឹមដំណាច់ឆ្នាំ២០២២មាន ១១% និងកូរ៉េខាងត្បូងមាន ៥%។ រីឯការខ្ចីពីដៃគូអភិវឌ្ឍផ្សេងទៀត ដូចជា ធនាគារ ADB ក៏មានការកើនឡើងដែរ។

ដោយឡែក ជុំវិញការចូលរួមរបស់ចិនក្នុងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន នាពេលកន្លងមក ត្រូវបានក្រុមអ្នកជំនាញបានវាយតម្លៃខ្ពស់ និងបានអះអាងថា ប្រទេសចិន គឺជាទីផ្សារដ៏ធំមួយរបស់កម្ពុជា ហើយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងបានបន្តរីកចម្រើនជាលំដាប់ ទោះបីមានការរំខានអុកឡុកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ ជាក់ស្ដែង បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅរយៈពេល ៤ខែក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា មានទំហំជាង ១៥ពាន់លានដុល្លារ។ ក្នុងនោះ ប្រទេសចិន បានស្ថិតក្នុងលំដាប់លេខរៀងទី១ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា ច្រើនជាងគេ ដែលមានទំហំពាណិជ្ជកម្មសរុបជិត ៤ពាន់លានដុល្លារ។

ដោយឡែក សម្រាប់វិស័យវិនិយោគនៅកម្ពុជាវិញ នៅរយៈពេល ៤ខែក្នុងឆ្នាំ២០២៣ វិនិយោគិនមកពីប្រទេសចិន ក៏បានស្ថិតក្នុងចំណាត់ថ្នាក់លេខ១ដែរ ដែលបានវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយបានក្ដោបក្ដាប់រហូតជិត ៦០ភាគរយនៃគម្រោងវិនិយោគសរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕




អត្ថបទបន្ទាប់


ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែមិថុនា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសយកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានតម្លៃប្រមាណ៣០០លាន…

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៤ ដោយអាចចំណាយដល់៤ពាន់លានដុល្លារ

ព័ត៌មាន
ទន្ទឹមនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រាជរដ្ឋាភិបាលកម្ពុជាបានឈានដល់ចុះកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ