Samsung នៅតែបន្តជះទុនវិនិយោគលើបន្ទះឈីប

Samsung បន្តជះទុនវិនិយោគលើបន្ទះឈីប ទោះបីប្រាក់ចំណេញស្រុតចុះខ្លាំងក្ដី


ការវិនិយោគលើការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung មិនបានបង្ហាញពីសញ្ញាថមថយឡើយបើទោះជាប្រាក់ចំណេញរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានរងការប៉ះទង្គិចខ្លាំងប៉ុនណាក៏ដោយ ខណៈដែលក្រុមហ៊ុនជាគូប្រជែងរបស់ខ្លួនមួយចំនួនដូចជា ក្រុមហ៊ុន TSMC ជាដើមបានដកខ្លួនពីការវិនិយោគលើឧស្សាហកម្មបន្ទះឈីបបន្តិច ដោយសារតែបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនSamsungបន្តវិនិយោគលើបន្ទះឈីបទោះបីចំណូលស្រុតចុះ!

ក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតរបស់កូរ៉េខាងត្បូង Samsung បាននិយាយពីថ្ងៃសុក្រទី០៦ខែមករា ថា ប្រាក់ចំណេញរបស់ខ្លួនទំនងជាធ្លាក់ចុះអស់ជិត៧០% ក្នុងត្រីមាសទី៤នៃឆ្នាំ២០២២។ នេះជាការធ្លាក់ចុះដ៏អាក្រក់បំផុតមិនធ្លាប់មានរាប់ចាប់ពីត្រីមាសទី៤ កាលពីក្នុងឆ្នាំ ២០០៨មក។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមហ៊ុន Samsung បានចាត់ទុកលទ្ធផលមិនល្អកាលពីត្រីមាសចុងក្រោយឆ្នាំមុនថា ដោយសារតែតម្រូវការបន្ទះអង្គចងចាំ (Memory) បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុករបស់ក្រុមហ៊ុនពេក។

ការលក់បន្ទះឈីបមានប្រហែល៣០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Samsung។ ទោះតំណាងឱ្យត្រឹម៣០%នៃចំណូលក៏ពិតមែន តែអាជីវកម្មរបស់ក្រុមហ៊ុននេះជាច្រើនផ្សេងទៀតដូចជាការលក់ ទូរស័ព្ទដៃsmartphone និងឧបករណ៍ប្រើប្រាស់អេឡិចត្រូនិច គឺមិនអាចយកទៅប៉ះប៉ូវជាមួយការធ្លាក់ចុះតម្លៃបន្ទះឈីបនៅប៉ុន្មានខែថ្មីៗនេះបានឡើយ។ នេះបើតាមការគូសបញ្ជាក់ពីក្រុមហ៊ុន។

គួរជម្រាបថា តម្លៃលក់ដុំសម្រាប់បន្ទះឈីបប្រភេទ DRAM ដែលប្រើក្នុងកុំព្យូទ័រ និងប្រព័ន្ធសេវើ (Server) បានធ្លាក់ចុះជាង៤០%កាលពីខែធ្នូឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈនេះជាការធ្លាក់ចុះអស់រយៈពេល៨ខែជាប់ៗគ្នាផងដែរ។ ទន្ទឹមនេះ តម្លៃរបស់បន្ទះអង្គចងចាំ ប្រភេទ NAND ដែលប្រើក្នុងទូរសព្ទដៃស្មាតហ្វូន និងឧបករណ៍ផ្សេងទៀតបានធ្លាក់ថ្លៃអស់១៤% កាលពីត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣ឆ្នាំ២០២២។

បើតាមការប៉ាន់ស្មានរបស់អ្នកជំនាញតម្រូវការឧបករណ៍ទាំងនេះ នឹងមិនទាន់មានច្រើនវិញឡើយ ដរាបណាការចំណាយរបស់អ្នកប្រើប្រាស់មិនទាន់ត្រឡប់មករកសភាពដើមវិញ ពិសេសនៅពេលដែលខ្យល់ព្យុះធំៗទាំង៣គឺ វីរុសកូវីដ១៩ សង្គ្រាមនៅអ៊ុយក្រែន និងអតិផរណា មិនទាន់ស្ងប់ស្ងាត់។

ខណៈដែល Samsung បន្តវិនិយោគឧស្សាហកម្មបន្ទះឈីប ក្រុមហ៊ុនផលិតបន្ទះឈីបនិងអង្គចងចាំមួយចំនួន កំពុងសម្រុកទប់ស្កាត់ការចំណាយរបស់ពួកគេ ដ្បិតទីផ្សារបង្ហាញពីទំនោរធ្លាក់ចុះ។

ជាក់ស្តែង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាមេរិក Micron បាននិយាយកាលពីខែមុនថា បច្ចុប្បន្នកំពុងមានអតុល្យភាពដ៏ធំ រវាងការផ្គត់ផ្គង់និងតម្រូវការទាំងបន្ទះឈីបប្រភេទ DRAM និងប្រភេទNAND ហើយក្រុមហ៊ុន Micron នឹងកាត់បន្ថយការវិនិយោគ ក្នុងទំហំទុនប្រមាណ៤០%សម្រាប់ឆ្នាំសារពើពន្ធខាងមុខ ដែលនឹងបញ្ចប់នៅខែសីហាឆ្នាំ២០២៣។

ដោយឡែក គូប្រជែងក្នុងស្រុករបស់ក្រុមហ៊ុន Samsung គឺក្រុមហ៊ុន អេសខេ ហាយនិច(SK Hynix) បាននិយាយថា ក្រុមហ៊ុននេះនឹងកាត់បន្ថយការចំណាយដើមទុនច្រើនជាង៥០%ក្នុងឆ្នាំ២០២៣នេះ ខណៈដែលក្រុមហ៊ុន គីអូហ្សៀ ហូលឌីង(Kioxia Holdings) របស់ជប៉ុនគ្រោងនឹងកាត់បន្ថយទិន្នផលរបស់ខ្លួនដូចគ្នា។ ក្រៅពីនេះក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផលិតបន្ទះឈីបដែរនោះបាននិយាយថា ខ្លួននឹងកាត់បន្ថយការវិនិយោគដូចគ្នា។

សូមជម្រាបថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ហាក់ដូចជានៅប្រកាន់ខ្ជាប់នឹងផែនការវិនិយោគរបស់ខ្លួនខ្លាំងណាស់។ ជាក់ស្តែង ក្រុមហ៊ុនអ្នកផ្គត់ផ្គង់គ្រឿងបង្គំសម្រាប់ Samsung បាននិយាយថា មកទល់នឹងពេកនេះ Samsung នៅបន្តបញ្ជាទិញឧបករណ៍ពីពួកគេដដែល ហើយថែមទាំងជាគ្រឿងបង្គំសម្រាប់ការផលិតទំនើបៗទៀតផង៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រោយក្រុមហ៊ុន Tesla ប្រកាសបញ្ចុះតម្លៃលក់រថយន្តនៅប្រទេសចិន អ្នកទិញមុនៗនាំគ្នាតវ៉ាឲ្យក្រុមហ៊ុនបង្វិលប្រាក់សងវិញ

ព័ត៌មាន
មួយថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនយក្ស Tesla បានប្រកាសបញ្ចុះតម្លៃរថយន្តរបស់ខ្លួនសម្រាប់ដើមឆ្នាំ២០២៣នេះ សម្រាប់ទីផ្សារប្រទេសចិន មានអ្នកជាវរ…

ថៃដាក់ចេញវិធានការត្រួតពិនិត្យកូវីដ១៩ឡើងវិញលើភ្ញៀវទេសចរ ដោយបារម្ភការឆ្លងកើនឡើងពីលំហូរទេសចរចិន

ព័ត៌មាន
ប្រទេសថៃដែលទើបតែទទួលជោគជ័យក្នុងការស្រូបភ្ញៀវទេសចរបរទេសជាង១០លាននាក់កាលពីឆ្នាំ២០២២នោះ ថ្មីៗនេះបានចាប់ផ្តើមការរឹតបន្តឹងការត្រួតពិនិត្យឯកស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ