កំណត់ត្រាការលក់ថ្មីរបស់ក្រុមហ៊ុន SAMSUNG

កំណត់ត្រាការលក់ថ្មីរបស់ក្រុមហ៊ុន SAMSUNG មានជាង៦៣ពាន់លានដុល្លារត្រឹមនៅត្រីមាសទី៣ឆ្នាំនេះ


បើទោះបីជា មានការខ្វះខាតនូវផ្នែកខ្លះនៃការផ្គត់ផ្គង់ដល់ផលិតកម្មរោងចក្រនៅទូទាំងពិភពលោកក៏ដោយចុះ ប៉ុន្ដែ ក្រុមហ៊ុនយក្សលំដាប់ទី១របស់កូរ៉េខាងត្បូង SAMSUNG នៅតែរកប្រាក់ចំណូលពីការលក់របស់ខ្លួនបានខ្ពស់ជាងការរំពឹងទុក ពោលគឺនៅត្រីមាសទី៣នៃឆ្នាំ២០២១នេះ ចំណូលការលក់របស់ SAMSUNG បានកើនដល់ទៅ ជាង៦៣ពាន់លានដុល្លារអាមេរិក ដែលជាចំណូលប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មានឡើយ។
កំណត់ត្រាការលក់ថ្មីរបស់ក្រុមហ៊ុន SAMSUNG មានជាង៦៣ពាន់លានដុល្លារ

តើហេតុអ្វីក្រុមហ៊ុនយក្សរបស់កូរ៉េមួយនេះ នៅតែមានការលក់ហក់ឡើងខ្ពស់នៅអំឡុងពេលកូវីដ១៩យ៉ាងដូច្នេះ? នោះក៏ព្រោះតែ មានការចូលរួមជាចម្បងពីភាពរឹងមាំនៃការលក់បន្ទះឈីបរបស់ក្រុមហ៊ុននេះ គួបផ្សំនឹងកំណើនការលក់ទូរស័ព្ទស្មាតហ្វូនសេរីថ្មីៗរបស់ខ្លួន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានកូរ៉េ The Korea Herald។

បើតាមទិន្នន័យពីក្រុមហ៊ុន SAMSUNG ដែលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឲ្យដឹងថា ចំណូលពីការលក់របស់ក្រុមហ៊ុននេះ ក្នុងចន្លោះខែកក្កដាដល់ខែកញ្ញាកន្លងទៅនេះ បានហក់ឡើងដល់ជាង ៦៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង១៦%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ខណៈដែលប្រាក់ចំណេញប្រតិបត្តិការណ៍របស់ក្រុមហ៊ុន SAMSUNG វិញ ក៏បានកើនដល់ជាង១៣ពាន់លានដុល្លារអាមេរិកផងដែរ ដែលជាកំណើនមួយខ្ពស់បំផុតទី២ បើគិតចាប់តាំងពីត្រីមាសទី៣ឆ្នាំ២០១៨មក។

 

មិនមែនតែនៅត្រីមាសទី៣នេះទេ ដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនយក្ស SAMSUNG មានកំណើនល្អ ពោលគឺកំណើនប្រាក់ចំណូលក្រុមហ៊ុននេះ បានកើនឡើងមក៣ត្រីមាសជាប់ៗគ្នាមកហើយនៅក្នុងឆ្នាំនេះ ដោយគេរំពឹងថា នៅពេញមួយឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ នឹងបំបែកកំណត់ត្រាថ្មីរបស់ខ្លួនជាក់ជាមិនខានឡើយ។

ក្នុងចំណោមការលក់របស់ក្រុមហ៊ុន SAMSUNG គេសង្កេតឃើញថា ការលក់បន្ទះឈីប គឺមានទំហំទឹកប្រាក់ដល់ទៅជាង ២២ពាន់លានដុល្លារនៃចំនួនការលក់សរុបជាង ៦៣ពាន់លានដុល្លារនៅត្រីមាសទី៣ឆ្នាំនេះ ខណៈប្រាក់ចំណេញពីការលក់បន្ទះឈីបវិញមានជិត៩ពាន់លានដុល្លារអាមេរិក។

ការលក់ទូរស័ព្ទស្មាតហ្វូនរបស់ SAMSUNG វិញបានកើនដល់ជាង ២៤ពាន់លានដុល្លារ និងមានប្រាក់ចំណេញជិត៣ពាន់លានដុល្លារអាមេរិក ខណៈដែលការលក់សម្ភារគ្រឿងអេឡិចត្រូនិក SAMSUNG ក៏កើនឡើងដូចគ្នាដែរ។

 

យ៉ាងណាក៏ដោយចុះ សម្រាប់ទស្សនវិស័យនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់ច្បាស់នោះទេ ដោយសារតែស្ថានភាពមិនប្រាកប្រជានៃម៉ាក្រូសេដ្ឋកិច្ច ដូចជាបញ្ហាពេលវេលានៃការផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ការផលិត, ឥទ្ធិពលនៃគោលនយោបាយ «រស់នៅជាមួយកូវីដ១៩» និងបញ្ហាតម្លៃវត្ថុធាតុដើមឡើងថ្លៃខ្ពស់ជាដើម។ បញ្ហាទាំងអស់នេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអះអាងថា គឺជាការលំបាក ដែលក្រុមហ៊ុននឹងត្រូវជួបប្រទះនៅឆ្នាំក្រោយនេះ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រតិកម្មខ្លាំងៗក្រោយអាមេរិក រកការគាំទ្រឲ្យកោះតៃវ៉ាន់ចូលជាសមាជិកពេញសិទ្ធិរបស់ អង្គការសហប្រជាជាតិ

ព័ត៌មាន
ជម្លោះរវាងមហាអំណាចយក្យចិន និង សហរដ្ឋអាមេរិក ជុំវិញសំណុំរឿងកោះតៃវ៉ាន់ កាន់តែកើនកំដៅថែមទៀត ក្រោយមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិ…

វិបត្តិថាមពលសកល៖ មេដឹកនាំអឺរ៉ុបមិនចុះសម្រុងគ្នាក្នុងកិច្ចប្រជុំរកដំណោះស្រាយ ខណៈតម្លៃថាមពលបន្ដឡើងថ្លៃខ្លាំង

ព័ត៌មាន
វិបត្តិថាមពលសកល ដែលបានកើតឡើងនៅតាមបណ្តាប្រទេសទាំងតូចទាំងធំ រួមទាំងចិន សហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម កំពុងធ្វើឲ្យមេដឹកនាំរដ្ឋនីមួយៗឈឺក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ