កម្ពុជាត្រៀមខ្លួនរួចហើយ ទោះបីប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវព្យួរទាំងស្រុងក្

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជាត្រៀមខ្លួនរួចហើយ ទោះបីប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវព្យួរទាំងស្រុងក្ដី


សភាអឺរ៉ុបកាលពីថ្ងៃទី៥ ខែឧសភា បានអនុម័តលើញត្តិមួយស្តីពីដំណោះស្រាយនៅកម្ពុជា ហើយក្នុងញត្តិនោះក៏បាននិយាយពាក់ព័ន្ធការព្យួរប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងតែអាវុធ ឬហៅកាត់ថា EBA របស់កម្ពុជាផងដែរ។ សភាអឺរ៉ុប បានស្នើឲ្យគណៈកម្មការជំនាញប្រើប្រាស់គ្រប់យន្តការ រួមទាំងការព្យួរ EBA ទាំងស្រុង និងការដាក់ទណ្ឌកម្មផ្សេងៗលើកម្ពុជា បើអ្នកសង្កេតការណ៍រកឃើញភស្តុតាង ការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខមានភាពមិនប្រក្រតីមិនត្រឹមត្រូវនោះ។
ប្រតិភូ​អឺរ៉ុប​មក​ទស្សនកិច្ច​នៅកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ មិថុនា ២០១៩ ជាផ្នែក​មួយ​នៃ​នីតិវិធី​ពិនិត្យ​លើ​ការព្យួរ​ EBA បណ្ដោះអាសន្ន​ពីកម្ពុជា។
ដោយ

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងដែរថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចហើយ ចំពោះការបាត់បង់ភាពអនុគ្រោះពន្ធនេះ។ រីឯអ្នកជំនាញសេដ្ឋកិច្ចវិញ ហាក់មិនសូវបារម្ភពីការព្យួរ EBA ទាំងស្រុង ក្នុងការធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនោះទេ បើទោះបីការព្យួរនេះ អាចជះឥទ្ធិពលមិនល្អខ្លះៗមកលើសេដ្ឋកិច្ចកម្ពុជាក៏ដោយ។

ក្រោយព្យួរប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងអាវុធ EBA ២០% លើការនាំចេញទំនិញមួយចំនួនពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបកាលពីអំឡុងឆ្នាំ២០២០ រួចមក សភាអឺរ៉ុបកាលពីថ្ងៃទី៥ ឧសភា ទើបអនុម័តលើញត្តិមួយស្តីពីដំណោះស្រាយនៅកម្ពុជា។ ក្នុងនោះ ក៏មានចំណុចមួយ សភាអឺរ៉ុបបានស្នើឲ្យគណៈកម្មការជំនាញអឺរ៉ុប ដែលមានសិទ្ធិព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា តាមដានការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខរបស់កម្ពុជាឲ្យបានដិតដល់បំផុត និងត្រៀមប្រើគ្រប់យន្តការទាំងអស់ដែលមាន រួមទាំងការព្យួរ EBA ទាំងស្រុងពីកម្ពុជា និងការដាក់ទណ្ឌកម្មផ្សេងទៀត ក្នុងករណីក្រុមអ្នកសង្កេតការណ៍បោះឆ្នោតរកឃើញភស្តុតាងថា ការបោះឆ្នោតឃុំសង្កាត់ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ មិថុនា ខាងមុខនេះមិនមានភាពប្រក្រតី។

ពាក់ព័ន្ធនឹងការស្នើឡើងរបស់សភាអឺរ៉ុបចង់ឲ្យមានការព្យួរភាពអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជានេះដែរ ត្រូវបានឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការដាក់បន្ទុកពីសំណាក់សហភាពអឺរ៉ុបនេះ គឺវាស្ថិតក្នុងទិដ្ឋភាពនយោបាយច្រើនជាង ការពិតជាក់ស្ដែង។ ឯឧត្តម បន្ថែមថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចហើយក្នុងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ ដ្បិតថា តាមលក្ខខណ្ឌបច្ចេកទេសប្រព័ន្ធអនុគ្រោះពន្ធនេះ គឺផ្ដល់ជូនកម្ពុជា នៅពេលដែលប្រជាជនកម្ពុជាមានប្រាក់ចំណូលជាមធ្យមក្រោម១.៥០០ដុល្លារអាមេរិកក្នុងមួយឆ្នាំតែប៉ុណ្ណោះ ប្រសិនបើប្រាក់ចំណូលលើសពីនេះ នោះខាងសភាពអឺរ៉ុបគេនឹងដកប្រព័ន្ធអនុគ្រោះពន្ធនេះចេញវិញ ហើយទំនិញកម្ពុជានាំចូលទៅអឺរ៉ុប គឺត្រូវមានការបង់ពន្ធតាមធម្មតាដូចប្រទេសជាច្រើនទៀតដែរ។ ដូច្នេះ រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាការបន្ធូរបន្ថយពន្ធដល់ពាណិជ្ជករ និងគោលនយោបាយគាំទ្រនានា ដើម្បីបង្កើននូវសមត្ថភាពប្រកួតប្រជែងដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

ជាមួយគ្នានេះដែរ លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គួរត្រូវបានដកចេញពីកម្ពុជាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ពោលគឺបន្ទាប់ពីកម្ពុជាបានក្លាយជាប្រទេសមានចំណូលកម្រិតមធ្យម ដ្បិតប្រព័ន្ធនេះផ្តល់ឲ្យតែប្រទេសក្រីក្រប៉ុណ្ណោះ។ យ៉ាងណាមិញ តាមរយៈបទពិសោធន៍ នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% កន្លងមក អ្នកជំនាញរូបនេះវាយតម្លៃថា ការនាំចេញផលិតនានា ជាពិសេសផលិតវាយនភណ្ឌកាត់ដេររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនៅតែមានភាពធន់ ទោះត្រូវរងការព្យួរ EBA ទាំងស្រុងក៏ដោយ។ លោកបណ្ឌិត គី សិរីវឌ្ឍ បានចាត់ទុកការប្រើប្រព័ន្ធអនុគ្រោះពន្ធ EBA ដាក់គំនាបលើកម្ពុជា ជាឧបករណ៍នយោបាយរបស់គណៈកម្មអឺរ៉ុបក្នុងការជ្រៀតជ្រែកកិច្ចនយោបាយរបស់កម្ពុជា។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ប្រសិនបើកម្ពុជាពិតត្រូវបានសភាអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA មែននោះ ចង់មិនចង់វានឹងជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។ អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈបច្ចុប្បន្នកម្ពុជាត្រូវការប្រព័ន្ធអនុគ្រោះនេះ ដើម្បីរួមចំណែកក្នុងការស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ និងរងឥទ្ធិពលភាពតានតឹងភូមិសាស្ត្រនយោបាយសកល ជាពិសេសសង្គ្រាមនៅអ៊ុយក្រែន។ ទោះយ៉ាងណាលោកបណ្ឌិត ហុង វណ្ណៈ ជឿជាក់ថា ការព្យួរ EBA ទាំងស្រុងពីកម្ពុជានឹងមិនអាចកើនមាននោះឡើយ ដ្បិតលោកជឿជាក់លើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។

គួររំលឹកថា គណៈកម្មការអឺរ៉ុបបានសម្រេចដកការលើកលែងពន្ធ២០% តាមប្រព័ន្ធអនុគ្រោះពន្ធ EBA លើកម្ពុជាកាលពីអំឡុងខែសីហា ឆ្នាំ២០២០ ក្រោមហេតុផលកម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ តាមរយៈការព្យួរនេះ រាល់ទំនិញ២០% របស់កម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអឺរ៉ុបត្រូវបង់ពន្ធ ខណៈ៨០% នៅបន្ដទទួលបានការលើកលែងពន្ធ។ ប៉ុន្តែ ក្នុងករណីគណៈកម្មការអឺរ៉ុប ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងលើកម្ពុជាមែននោះ កម្ពុជាត្រូវបង់ពន្ធលើទំនិញចេញទាំងអស់ទៅកាន់ទីផ្សារអឺរ៉ុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDCបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦០គម្រោង មានទុនវិនិយោគសរុប ២,៦ពាន់លានដុល្លារ នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅរយៈពេល ៤ខែ ឆ្នាំ២០២២ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៦០គម្រោង ដែលមានទ…

តើកត្តាអ្វីខ្លះធ្វើឲ្យប្រាក់ចំណេញសុទ្ធធនាគារអេស៊ីលីដា ថយចុះជិត២០%នៅត្រីមាសទី១ឆ្នាំនេះ?

ព័ត៌មាន
នៅត្រីមាសទី១ ឆ្នាំ២០២២ ធនាគារអេស៊ីលីដា សម្រេចបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់ជាមួយការកើនឡើងប្រាក់ចំណូលជិត១២% និងទ្រព្យសកម្មសរុបកើនជិត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ