អាជីវកម្ម​សម័យ​បច្ចេកវិទ្យា

Sharing Economy និន្នាការ​រកស៊ី​ថ្មី កំពុង​មាន​តម្រូវការ តែ​មិន​សូវ​មាន​អ្នក​ដឹង!


សេដ្ឋកិច្ច​ចែក​រំលែក ឬ​ហៅ​ថា Sharing Economy គឺ​ជា​គំនិត​រកស៊ី​ដ៏​ពេញ​និយម​មួយ​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ទូទាំង​ពិភពលោក ហើយ​គំនិត​រកស៊ី​ថ្មី​នេះ ក៏​កំពុង​មាន​និន្នការ​នៅ​ទីផ្សារ​កម្ពុជា​ផង​ដែរ។ អត្ថន័យ​របស់​សេដ្ឋកិច្ច​ចែក​រំលែក​នេះ គឺ​ជា​ការ​រកស៊ី​ដោយ​ការ​ចែក​រំលែក ការ​ដោះដូរ​គ្នា ឬ​ជួល​បន្ត នៃ​សេវា​កម្ម ឬ​សម្ភារៈ​ប្រើប្រាស់​នានា​ជាដើម។
Emerald Hub ជា​ក្រុមហ៊ុន​ជួល​​ co-working space ដល់​អតិថិជន​ជា​បុគ្គល​ ឬ​ក្រុមហ៊ុន នៅ​កម្ពុជា។
ដោយ

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រទេស​ហ្វ៊ីលីពីន និង​ឥណ្ឌូនេស៊ី ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​នៃ​តំបន់​អាស៊ាន ដែល​មាន​ប្រតិបត្តិ​អាជីវកម្ម​សេដ្ឋកិច្ច​ចែក​រំលែក​នេះ​ច្រើន​ជាង​គេ ក្រោយ​មក​គំនិត​រកស៊ី​នេះ ក៏​បាន​បន្ត​បញ្ជ្រាប​ខ្លួន​ចូល​មក​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ តួយ៉ាង ប្រទេស​សិង្ហបុរី ត្រូវ​បាន​គេ​សម្គាល់​ថា ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​ចែក​រំលែក។

តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា នៅត្រឹម​ឆ្នាំ​២០២៥ ទំហំ​ពាណិជ្ជកម្ម​នៃ​សេដ្ឋកិច្ច​ចែក​រំលែក​នេះ ទូទាំង​សកល​លោក មាន​ប្រមាណ​៣៣៥​ប៊ីលាន​ដុល្លារ ក្នុង​នោះ ប្រទេស​នៃ​ប៉ែក​អាស៊ី​អាគ្នេយ៍​ទំនង​ជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​វិស័យ​នេះ។ 

តួយ៉ាង នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ការ​ជួល​ការិយាល័យ​បែប​ចែក​រំលែក ឬ​ហៅ​ថា Co-working Space ដែល​សំដៅ​​លើ​ការ​ជួល​​កន្លែង​​ធ្វើ​ការងារ បែប​ជា​សហគមន៍ ដោយ​មាន​ប្រើប្រាស់​សេវាកម្ម​រួមគ្នា​ដូច​ជា​បន្ទប់​ប្រជុំ​រួម តុ​អង្គុយ​រួម​គ្នា និង​ការ​ប្រើប្រាស់​អ៊ិនថឹណិត និង​សម្ភារៈ​រួមគ្នា​ផ្សេង​ទៀត​ជា​ដើម​នោះ បាន​និង​កំពុង​មាន​តម្រូវការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ជាក់ស្ដែង បើតាម​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ មាន​​ក្រុមហ៊ុន​ប្រមាណ ១០​ក្រុមហ៊ុន​ហើយ កំពុង​ប្រតិបត្តិការ​ផ្ដល់​សេវាកម្ម​នេះ។

លោក Lars Witting នាយក​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការិយាល័យ Regus ដែលមាន​សាខា​ជាង ៣០០០​កន្លែង​ទូទាំង​ពិភព​លោក និង​មាន ២កន្លែង​ នៅ​កម្ពុជា។ (flyspaces.com)

លោក ឡាស៍ រីធីង នាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន រីជឹស (Regus) កម្ពុជា បាន​លើក​ឡើង​ថា ដ្បិត​ថា សេវាកម្ម​នេះ​ ថ្មី​សម្រាប់​កម្ពុជា​ក៏​ពិត​មែន ប៉ុន្ដែ វា​ជា​និន្នាការ​មួយ​ដែល​ពិភពលោក​កំពុង​តែ​អនុវត្ត​ច្រើន។

លោក​បន្ថែម​ថា ស្រប​ពេល​ដែល​កម្ពុជា​មាន​ប្រជាជន​វ័យ​ក្មេង​ធ្វើការ​ច្រើន នោះ​នឹង​ធ្វើ​ឲ្យ​តម្រូវការ​សេវា​កម្ម​ការិយាល័យ​បែប​ចែក​រំលែក​នេះ នឹង​មាន​តម្រូវការ​ខ្លាំង​នា​អនាគត ព្រោះ​ថា អ្នក​ធ្វើ​ការងារ​វ័យ​ក្មេង​ទាំង​នោះ តែងតែ​និយម​វប្បធម៌​ធ្វើ​ការងារ​ថ្មីៗ ពោល​គឺ​ពួកគេ​មាន​​ទំនោរ​ចង់​ធ្វើ​ការងារ​នៅ​ទីណា​ក៏​បាន ពេល​ណា​ក៏​បាន។ 

លោក វីធីង បន្ត​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក មាន ៥៥%​ នៃ​ការិយាល័យ​ធម្មតា ឬ​ការិយាល័យ​បែប​ប្រពៃណី លែង​មាន​មនុស្ស​ចង់​ទៅ​ធ្វើការ​នៅ​ទីនោះ​ហើយ។ 

ដោយ​មើល​ឃើញ​ពី​តម្រូវការ​ទីផ្សារ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន រីជឹស បាន​បង្កើត​មជ្ឈមណ្ឌល​ការិយាល័យ​ទី២​របស់​ខ្លួន​នៅ​កម្ពុជា ដែល​អាច​ផ្ដល់​ទីតាំង​ធ្វើ​ការងារ​បាន​រហូត​ដល់​ ១៩១​​កន្លែង ខណៈ​ដែល​ការិយាល័យ​ទីមួយ​ដែល​បាន​បើក​តាំង​ពី​ឆ្នាំ​២០១២​នោះ មាន​ទីតាំង​ធ្វើការ ២០៨​កន្លែង។ 

លោក បេ ចន្ត្រា សហស្ថាបនិក​​ Emerald Hub។

នាយក​ប្រចាំ​ប្រទេស​រូប​នេះ បាន​គូស​បញ្ជាក់​ថា សម្រាប់​តម្លៃ​នៃ​ការ​ជួល​ការិយាល័យ​របស់​ក្រុមហ៊ុន រីជឹស មាន​ទាប​បំផុត​ចាប់​ពី ៧៩​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ទីតាំង​ការងារ​១​កន្លែង។ ពិសេស​ជាង​នេះ​ទៀត​នោះ អ្នក​ដែល​មាន​ឈ្មោះ​ជា​សមាជិក​ហើយ ក៏​អាច​ធ្វើការ​ក្នុង​មជ្ឈមណ្ឌល​ការិយាល័យ​របស់​ក្រុមហ៊ុន ដែល​មាន​នៅ​បណ្ដា​ប្រទេស​ជាង​១០០​ផ្សេង​ទៀត​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ លោក បេ ចន្ត្រា សហ​ស្ថាបនិក​ក្រុមហ៊ុន Emerald Hub ដែល​ផ្ដល់​សេវាកម្ម​ជួល​ការិយាល័យ​បែប​ចែក​រំលែក​នេះ បាន​លើក​ឡើង​ដែរ​ថា គិត​មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​ផ្ដល់​សេវា​នេះ​ទាំង​ក្នុង​ស្រុក និង​បរទេស មាន​ប្រមាណ ១០​ក្រុមហ៊ុន​ហើយ ដែល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា តម្រូវការ​សេវា​កម្ម​នេះ​កំពុង​មាន​ការ​កើន​ឡើង​ខ្លាំង។

លោក​បន្ត​ថា ជាទូទៅ អ្នក​ជួល​ការិយាល័យ​បែប​ចែក​រំលែក​នេះ ភាគច្រើន ជា​អ្នក​ដែល​ចាប់​ផ្ដើម​អាជីវកម្ម​ខ្នាត​តូច​ថ្មី​ថ្មោង អ្នក​ធ្វើ​ការងារ​ក្រៅ​ម៉ោង និង​បុគ្គលិក​ជន​ជាតិ​បរទេស​ស្នាក់​នៅ​កម្ពុជា ជាដើម។ 

បើ​តាម​ការ​លើក​ឡើង​ពី​លោក បេ ចន្ត្រា ការ​ជួល​ការិយាល័យ​បែប​ចែក​រំលែក​នេះ គឺ​មាន​ការ​ចំណាយ​តិច​ជាង​ការ​ជួល​ការិយាល័យ​ផ្ទាល់​ខ្លួន ទទួល​បាន​ការ​ពង្រីក​ទំនាក់​ទំនង​ល្អ​អាច​ដោះដូរ​សេវាកម្ម​រវាង​គ្នា​នឹង​គ្នា​ជាមួយ​សមាជិក​ផ្សេង​ទៀត ទទួល​បាន​ចំណេះដឹង​បន្ថែម​ពី​កម្មវិធី​សិក្ខា​សាលា​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការិយាល័យ និង​មាន​ឱកាស​ល្អ​ជួប​ជាមួយ​វិនិយោគិន និង​អតិថិជន​ជាដើម។ 

កន្លែងធ្វើការនៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Regus នៅ​ភ្នំពេញ។

សូម​ជម្រាប​ថា បច្ចុប្បន្ន ការ​ផ្ដល់​សេវាកម្ម​បែប​ចែក​រំលែក​នេះ ហាក់​កំពុង​មាន​ការ​ពេញ​និយម​គួរ​ឲ្យ​កត់​សម្គាល់ តួយ៉ាង ក្រៅ​ពី​សេវាកម្ម​ជួល​ការិយាល័យ​បែប​ចែក​រំលែក​នេះ ក៏​មាន​ការ​ផ្ដល់​នូវ​សេវា​ធ្វើ​ដំណើរ​បែប​ចែក​រំលែក ដូចជា ការ​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​សម្រាប់​ជិះ​រថយន្ដ​តាក់ស៊ី ម៉ូតូកង់បី ដូចជា UBER, PassApp និង​ការ​កក់​សំបុត្រ​រថយន្ដ​ធ្វើ​ដំណើរ BookMeBus ជាដើម។ 

បើ​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ អះអាង​ថា ទៅ​ថ្ងៃ​អនាគត វិស័យ​ទេសចរណ៍​នឹង​ក្លាយ​ជា​វិស័យ​ថ្មី ដែល​អាច​​ទាញ​យក​ប្រយោជន៍​បាន​ច្រើន​ពី​សេវាកម្ម​បែប​ចែក​រំលែក​នេះ។ 

បើ​យើង​ក្រឡេក​ទៅ​មើល​បណ្ដា​ប្រទេស​ផ្សេង​ទៀត សេដ្ឋកិច្ច​ចែក​រំលែក​នេះ មាន​ប្រើប្រាស់​ទៅ​លើ​ការ​ជួល​ផ្ទះ​ស្នាក់​នៅ​រួមគ្នា ជួល​សម្ភារៈ​ប្រើប្រាស់​រួម​គ្នា ដូចជា យាន​ជំនិះ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ទៀត។ បើ​អ្នក​ចង់​រកស៊ី​គំរូ​អាជីវកម្ម​នេះ អ្នក​គួរតែ​គិតគូរ​លើ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ​របស់​អ្នក​ប្រើប្រាស់ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ជួល​បន្ត​កាន់​តែ​ទាប​ជាង​មុន និង​ងាយ​ទទួល​បាន​ជាង​មុន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បើ​ចាយ​១ថ្ងៃ​១លាន​ដុល្លារ ប៊ីល ហ្គេតស៍ ចាយ​ ២៤៥ឆ្នាំ​ទើប​អស់​លុយ​គាត់!

ព័ត៌មាន
លោក ប៊ីល ហ្គេតស៍ (Bill Gates) សហស្ថាបនិក​ក្រុមហ៊ុន​ Microsoft ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​លំដាប់​កំពូល​ផុត​លេខ​ នៅ​លើ​ពិភព​លោក ដោយ…

សហគ្រិន​ស្ត្រី​កម្ពុជា​៧​រូប ត្រៀម​ខ្លួន​រួច​ស្រេច​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​លំដាប់​ពិភព​លោក​នៅចុងខែនេះ

ព័ត៌មាន
នៅ​ប្រមាណ​តែ​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ កិច្ច​ប្រជុំកំពូល​សហគ្រិនភាព​ពិភពលោក នៅទី​ក្រុង Hyderabad ប្រទេស​ឥណ្ឌា​នឹង​ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ