វិស័យអាកាសចរណ៍

យន្ដហោះខ្នាតធំ អាចនឹងចុះចត ក្នុងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បាននៅមុន ឆ្នាំ២០២២


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញឲ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវពង្រីកផ្លូវរត់យន្ដហោះឲ្យបានដល់ប្រវែងដល់ ៣៣០០ ម៉ែត្រ សម្រាប់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីអាចឲ្យយន្ដហោះខ្នាតធំៗ អាចចុះចតបាន។ ហើយបើតាមមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គម្រោងពង្រីកផ្លូវរត់យន្ដហោះនេះ គឺធ្វើយ៉ាងណានឹងត្រូវបញ្ចប់ឲ្យបាននៅមុនឆ្នាំ២០២២ខាងមុខ។
យន្ដហោះខ្នាតធំ អាចនឹងចុះចត ក្នុងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បាននៅមុន ឆ្នាំ២០២២ (https://www.vinci-airports.com/)
ដោយ

ក្នុងជំនួប ជាមួយនឹងតំណាង​ក្រុមហ៊ុន Vinci និងក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា កាលពីពេលថ្មីៗនេះ ​ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋ​លេខាធិការដ្ឋាន​អាកាសចរស៊ីវិល បានលើកឡើងថា ស្របតាម​អនុសាស្ត្រ សម្ដេច តេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឲ្យប្រទេសកម្ពុជា អាច​ទទួលយន្ដហោះខ្នាតធំ របស់ថ្នាក់ដឹកនាំនានា ដែលនឹងអញ្ចើញ​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន​នៅកម្ពុជា ក្នុងឆ្នាំ ២០២២បាន ក៏ដូចជា​គោលដៅបង្កើន​ភ្ញៀវទេសចរ​មកកាន់​កម្ពុជាផងនោះ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា នឹងអាច​បញ្ចប់​គម្រោង​ពង្រីក​ផ្លូវរត់យន្ដហោះ រហូតដល់​ប្រវែង ៣៣០០ ម៉ែត្ររបស់ខ្លួន នៅអាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ឲ្យបាន​នៅមុន​ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអាច​ឲ្យយន្ដហោះ​ខ្នាតធំៗ ដូចជា ប្រភេទ Code E ដូចជា Boeing 777 អាចចុះចត​បាន។ 

តាមក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន​ផ្លូវរត់យន្ដហោះ​ក្នុងអាកាស​យានដ្ឋាន​ខេត្តព្រះសីហនុ គឺមានប្រវែង ២៥៥០ ម៉ែត្រ។

គួរបញ្ជាក់ថា កាលពីខែ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ក៏បាន​ជួសជុល​កែលម្អ​ផ្លូវរត់យន្ដហោះ​ប្រវែង ៣គីឡូម៉ែត្រ របស់ខ្លួនផងដែរ ដោយបានប្រើប្រាស់​ពេលវេលា​ប្រមាណ កន្លះឆ្នាំ ជាមួយនឹងការចំណាយ​ថវិកា​អស់ ១២ លានដុល្លារអាមេរិក។

របាយការណ៍ ពី​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​ឲ្យដឹងថា កាលពីឆ្នាំ ២០១៨ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តព្រះសីហនុ ទទួលបាន​ភ្ញៀវធ្វើ​ដំណើរ​ប្រមាណ ៦៥ ម៉ឺននាក់ កើនឡើង ជាង ៩២% ធៀបនឹង​ឆ្នាំ២០១៧។

ដោយឡែក របាយការណ៍ពីក្រសួង​ទេសចរណ៍​បាន​បង្ហាញដែរថា រយៈពេល៣ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាន៨ សែន​លាននាក់ កើនឡើង ជិត ១០% ក្នុងនោះ​ភ្ញៀវទេសចរចិន​មានប្រមាណជាង ៦៨ ម៉ឺននាក់ កើនឡើង ៣៥% ធៀបនឹងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០១៨។ តាមការព្យាករណ៍នៅឆ្នាំ ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧លាននាក់ ជាមួយនឹង​ចំណូល​សរុប​ប្រមាណ ៥ពាន់លានដុល្លា និងបង្កើតការងារ​ដោយផ្ទាល់​ប្រមាណ​ជិត ១លាននាក់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានីយ អាយស្ម័យាន​ភ្នំពេញ​ នឹង​ប្រែក្លាយជា​អគារ​ពាណិជ្ជកម្មទំនើប

ព័ត៌មាន
គម្រោង​ដ៏​រំភើប​មួយ​ក្នុង​ការ​ជួសជុល​ឡើងវិញ​ទៅ​លើ​ស្ថានីយ​រថភ្លើង​ក្រុង​ភ្នំពេញ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ថ្មីៗ​នេះ (ថ្ងៃទី៤ មិថុនា ២០១៩)…

កម្ពុជា​ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា នឹង​មិន​ឆ្លង​កាត់​ខ្សែ​«បន្ទាត់​ក្រហម»​ទេ ក្នុង​ករណី​លោក កឹម សុខា

ព័ត៌មាន
រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ប្រាប់​គណៈ​ប្រតិភូ​អឺរ៉ុប​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ