កូវីដ១៩-សេដ្ឋកិច្ច-សិង្ហបុរី

ឆ្នាំនេះ សេដ្ឋកិច្ច​សិង្ហបុរី​ធ្លាក់​ចុះ ២,២% ដោយសារ​​វីរុសកូវីដ១៩


នៅក្នុងត្រីមាសទី​១ ដើម​ឆ្នាំ​២០២០​នេះ សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី បាន​ធ្លាក់​ចុះ​ប្រមាណ ២,២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ការថមថយ​នេះ គឺ​ដោយសារ​តែ​វិធានការ​បង្ការ​ការរីក​រាលដាល​នៃ​មេរោគ​កូវីដ១៩ របស់​បណ្តា​ប្រទេស​នានា​ទូទាំង​សកលលោក បានប៉ះពាល់ដល់​វិស័យ​សំណង់ និង​វិស័យ​សេវាកម្ម​របស់​សិង្ហបុរី។ នេះបើ​យោងតាម​ការចេញ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ជាច្រើន។
រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​ឆ្នេរ Marina Bay នៃ​ប្រទេស​សិង្ហ​បុរី។ អ្នក​ជំនាញ​អចលនទ្រព្យ​និយាយថា ទៅថ្ងៃ​អនាគត តំបន់​កោះពេជ្រ​ រាជ​ធានី​ភ្នំពេញ នឹងក្លាយ​ដូច​ Marina Bay នេះ​ដែរ។ រូបភាព៖ Pixabay.com
ដោយ

ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហបុរី បាន​ព្យាករ​ថា GDP របស់​​សិង្ហបុរី អាចនឹងធ្លាក់ចុះ​បន្ថែម​ទៀត ចន្លោះពី​ដក ៤% ដល់ ដក ១% សម្រាប់​ឆ្នាំ​២០២០នេះ ដោយសារតែ​មេរោគ​កូវីដ១៩ ផ្ទុះឡើង និង​កាន់តែ​រីករាលដាល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សេដ្ឋកិច្ច​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

ការព្យាករ​បែបនេះ គឺ​អាស្រ័យ​ទៅ​លើ​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​សកលលោក គួបផ្សំនឹង​ការរីក​រាលដាល​នៃ​មេរោគ​ដែល​មិន​អាច​ប៉ាន់​ប្រមាណ​បាន រាប់​បញ្ចូល​ទាំង​វិធានការ​លើ​វិស័យ​សុខាភិបាល នៅតាម​បណ្តា​ប្រទេស​នីមួយៗ ដែល​សុទ្ធសឹង​តែ​អាច​ជះ​ឥទ្ធិពល​មក​លើ​សេដ្ឋកិច្ច​សិង្ហបុរី។

លោក លី ស៊ានឡុង នាយក​រដ្ឋមន្រ្តី​សិង្ហបុរី ព្រមាន​រួច​ហើយ​ថា សេដ្ឋកិច្ច​សិង្ហបុរី​នឹង​ជួប​ប្រទះ​នូវ​ព្យុះ​ដ៏​ធំ ដែល​លោក​បាន​ធានា​ទៅ​​កាន់​ក្រុមហ៊ុន​ទាំង​អស់​ហើយ​ថា រដ្ឋាភិបាល​សិង្ហបុរី​នឹង​ជួយ​ឲ្យ​ពួកគេ​អណ្តែត​ឡើង​នៅ​លើ​ព្យុះ​នោះ​បាន។

ក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី បន្ថែមថា មេរោគ​កូវីដ១៩ កាន់តែ​រីករាលដាល ដូច្នេះ អាជ្ញាធរ ចាប់ផ្តើម​រឹតបន្តឹង​តាម​ព្រំដែន ដើម្បី​បញ្ចៀស​ករណី​ឆ្លង​នាំចូល​ពី​ក្រៅ​ប្រទេស ដែល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស។

រីឯ វិធានការ​ក្នុង​ស្រុក​វិញ អាជ្ញាធរ​បាន​កំណត់​មិន​ឲ្យ​មាន​ការជួបជុំ​នៅ​​ក្រៅ​សាលា ឬ​កន្លែង​ការងារ​លើស​ពី ១០​នាក់​នោះ​ឡើយ ហើយ​អាជ្ញាធរ​ក៏​បាន​បិទ​កន្លែង​កម្សាន្ត​នានា ដូចជា ក្លឹប និង​រោងកុន​ជាដើម ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន ជាពិសេស ពាណិជ្ជករ​លក់​ទំនិញ​រាយ និង​សេវាកម្ម​ម្ហូប​អាហារ។

លើសពីនេះ​ទៅ​ទៀត វិធានការ​របស់​បណ្តា​ប្រទេស​នានា ដូចជា ការបិទ​ច្រក​ព្រំដែន រឹតបន្តឹង​លើ​ការចេញ​ចូល​របស់​អ្នក​ដំណើរ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​បរទេស មិន​អាច​ឆ្លង​កាត់​បាន បុគ្គលិក កម្មករ​បរទេស មិន​អាច​ត្រលប់​មក​ធ្វើការ​នៅ​ក្នុង ប្រទេស​សិង្ហបុរី​វិញ​បាន បណ្តាល​ឲ្យ​វិស័យ​សំណង់​មាន​ការធ្លាក់​ចុះ​ប្រមាណ ៤,៣% ផង​ដែរ នៅក្នុង​ត្រីមាស​ទី​១នេះ។

ជាចុងក្រោយ ក្រសួង​ពាណិជ្ជកម្ម និងឧស្សាហកម្ម​សិង្ហបុរី បញ្ជាក់ថា មេរោគកូវីដ១៩ នៅតែ​បន្ត​សាយភាយ​ទូទាំង​សកលលោក ដូច្នេះ​ហើយ វានៅតែ​មាន​ភាព​ស្រពិច​ស្រពិល​ថា តើ​វីរុស​នេះ​ជះ​ឥទ្ធិពល​អាក្រក់​ធ្ងន់ធ្ងរ​កម្រិត​ណា និង​អូស​បន្លាយ​យូរ ដល់​ពេល​ណា​ ហើយ​គន្លង​នៃ​ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល កំពុង​ស្ថិត​ក្រោម​ការរាំង​ខ្ទប់​ដោយ​មេរោគ​កូវីដ១៩៕




អត្ថបទបន្ទាប់


ថៃ​បន្ត​ផ្អាក​ការនាំចេញ​ស៊ុត​ពេញ​មួយ​ខែ​មេសា ដើម្បី​ទុក​ផ្គត់ផ្គង់ក្នុងស្រុក

ព័ត៌មាន
ប្រទេស​ថៃ​នឹង​​ផ្អាក​ការនាំចេញ​ស៊ុត​ទៅ​ក្រៅ​ប្រទេស ពេញ​មួយ​ខែ​មេសា ដើម្បី​រក្សា​ទុក​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ដែល​កំពុង​មាន…

វិបត្តិ Covid-19៖ សមាគមអ្នកផលិតចំណីអាហារកម្ពុជា ស្នើសុំអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាល

ព័ត៌មាន
សមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី ៣១ ខែមីននេះ បានចេញលិខិតមួយជូនទៅកាន់រាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ