សិង្ហបុរី គ្រោងចុះហត្ថលេខាទិញសាច់មាន់ពីឥណ្ឌូនេស៊ី

សិង្ហបុរី គ្រោងចុះហត្ថលេខាទិញសាច់មាន់ពីឥណ្ឌូនេស៊ី ក្រោយម៉ាឡេស៊ីបិទខ្ទប់ការនាំចេញសាច់មាន់


អាជ្ញាធរឥណ្ឌូនេស៊ីរំពឹងនឹងឈានដល់កិច្ចព្រមព្រៀងជាមួយសិង្ហបុរី ដើម្បីចាប់ផ្តើមនាំចេញមាន់ចូលទៅក្នុងប្រទេសដីកោះមួយនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលសិង្ហបុរីកំពុងខ្វះខាតសាច់មាន់ និងព្យាយាមស្វះស្វែងរកប្រភពផ្គត់ផ្គង់សាច់មាន់ជំនួសប្រទេសម៉ាឡេស៊ីផងដែរ ក្រោយពីម៉ាឡេស៊ីបានរឹតបន្តឹងការនាំចេញសាច់មាន់របស់ខ្លួនទៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សិង្ហបុរី គ្រោងចុះហត្ថលេខាទិញសាច់មាន់ពីឥណ្ឌូនេស៊ី

នៅ​ក្នុង​ស្ថានភាព​នៃ​ការ​កើនឡើង​នៃ​កង្វះ​អាហារ​សកល និង បញ្ហា​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​បញ្ឈប់​ការ​នាំ​ចេញ​សាច់​មាន់​របស់​ខ្លួន​នៅ​ក្នុង​ខែ​នេះ រហូត​ដល់​ការ​ផលិត​ក្នុងស្រុក និង ការ​កើនឡើង​នៃ​ថ្លៃដើម​មាន​ស្ថិរភាព​ឡើង​វិញ ទើប​ប្រទេស​នេះ​សម្រេច​បើក​ការ​នាំ​ចេញ​ឡើង​វិញ​។

ការ​បិទ​ខ្ទប់​ការ​នាំ​ចេញ​សាច់​មាន​របស់​ម៉ា​ឡេ​ស៊ី​នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ដែល​ក្បែរ​នោះ ខណៈ​នៅ​តាម​ភោជនីយដ្ឋាន និង តូប​លក់ដូរ​តាម​ដងផ្លូវ​បាន​ឡើងថ្លៃ​មុខម្ហូប​ធ្វើ​ពី​សាច់​មាន់ និង នៅ​តាម​កន្លែង​លក់​មួយ​ចំនួន​មិន​មានមុខ​ម្ហូប​សាច់​មាន់​លក់​ទៀត​ឡើយ ខណៈ​សាច់​មាន់ គឺ​ស្ថិត​ក្នុង​ប្រភេទ​សាច់​ដែល​មានការ​និយម​ទទួលទាន​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​សិង្ហ​បុរី​។

លោក ស៊ូ​ស៊ី​វី​ចូ​ណូ ម៉ូ​អេ​ហ្គី​អាសូ (Susiwijono Moegiarso) មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា អាជ្ញាធរ​បាន​ធ្វើការ​ពិភាក្សា​បច្ចេកទេស​ជាមួយ​សិង្ហ​បុរី ហើយ​រំពឹង​ថា ការ​នាំ​ចេញ​សាច់​មាន់​អាច​ចាប់ផ្តើម​នៅ​ក្នុង​ខែ​នេះ​។ ទន្ទឹម​នឹង​នោះ ទីភ្នាក់ងារ​ស្បៀងអាហារ​សិង្ហ​បុរី (SFA) ក៏​បាន​អះអាង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែរ​ថា ខ្លួន​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី លើ​ការ​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​បើក​ការ​នាំ​ចូល​សាច់​មាន់​មក​កាន់​សិង្ហ​បុរី ខណៈ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​ធំ​ជាងគេ និង មាន​ប្រជាជន​ច្រើន​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ បច្ចុប្បន្ន​មាន​សក្តានុពល​លើ​ផលិតកម្ម​មាន់​ដ៏​ច្រើន​លើសលុប​។

លោក Achmad Dawami ប្រធាន​សមាគម​អ្នក​បង្កាត់​ពូជ​មាន់​ឥណ្ឌូ​ណេ​ស៊ី បាន​បញ្ជាក់​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​អាច​ផលិត​បាន​មាន់ ៥៥ លាន ទៅ ៦០ លាន​ក្បាល​ក្នុង​មួ​យស​ប្តា​ហ៍​ជាមួយនឹង​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ប្រហែល ១៥% ទៅ ២០% ប៉ុណ្ណោះ ។

ក្នុង​នោះ ប្រធាន​សមាគម​អ្នក​បង្កាត់​ពូជ​មាន់​រូប​នេះ បាន​គូសបញ្ជាក់​ថា ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដែល​មាន​តម្រូវការ​ប៉ាន់ស្មាន​ពី​ជាង ៣​ទៅ ៤​លាន​ក្បាល​ក្នុង​មួយ​ខែ ដែល​អាច​ជួយ​ផ្គត់ផ្គង់​តម្រូវការ​របស់​សិង្ហ​បុរី​បាន​យ៉ាង​ពេញលេញ​។

លោក Dawami បាន​បន្ថែម​ថា មែនទែន​ទៅ​ប្រទេស​សិង្ហ​បុរី​ចង់​នាំ​ចូល​មាន់​រស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​រក្សា​នៅ​កន្លែង​ស្តុក​ទុក​ក្នុងស្រុក​របស់​ខ្លួន ប៉ុន្តែ​ផលិតករ​ឥណ្ឌូ​នេ​ស៊ី​បាន​អះអាង​ថា ពួក​គេ​អាច​មាន​ផល​លំបាក​ក្នុង​ការ​នាំ​ចេញ​សត្វ​មាន់​រស់ ដោយសារ​ពួក​គេ​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រភេទ​សត្វ​បក្សី​រស់​ទាំងនោះ​។

គួរ​ជម្រាប​ថា ថ្វីបើ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​សម្រេច​ដក​ការ​ហាមឃាត់​ការ​នាំ​ចេញ​ប្រភេទ​សាច់​មាន់​កម្រិត​ខ្ពស់​មួយ​ចំនួន កាលពី​ស​ប្តា​ហ៍​មុន​ក៏​ដោយ ប៉ុន្តែ​ការ​ហាមប្រាម​លើ​ការ​នាំ​ចេញ​ប្រហិត​សាច់​មាន់ និង​ផលិតផល​សាច់​ផ្សេង​ទៀត ដែល​ជា​តម្រូវការ​ភាគច្រើន​របស់​សិង្ហ​បុរី គឺ​នៅ​តែ​បាន​បន្ត​ហាមឃាត់​ការ​នាំ​ចេញ​ដដែល ។

គួរ​បញ្ចា​ក់ថា កត្តា​ដែល​ជម្រុញ​ឱ្យ​ម៉ា​ឡេ​ស៊ី​សម្រេច​ផ្អាក​ការ​នាំ​ចេញ​របស់​ខ្លួន ដោយសារ​តែ​តម្លៃ​សាច់​មាន់​ដែល​ធ្លាប់តែ​មាន​ថោក​បំផុត​មួយ​របស់​ម៉ា​ឡេ​ស៊ី​បាន​ហក់​ឡើង​ខ្ពស់​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ បណ្តាល​មក​ពី​កង្វះ​ស្បៀងអាហារ​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយសារ​តែ​វិបត្តិ​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន​រំខាន​ដល់​ផលិតកម្ម​របស់​ខ្លួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុប និងរុស្ស៊ី ចាទគ្នាទៅវិញទៅមក ជុំវិញរឿងវិបត្តិស្បៀងអាហារសកល

ព័ត៌មាន
អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទទី២០មិថុនាថា លោកបានសរសេរសារទៅកាន់រដ្ឋមន្ត្រីការបរទេសនៃប្រទេសតំបន់អាហ្វ្រិកទាំងអស់ …

វិស័យអាកាសចរណ៍កំពុងប្រឈមនឹងវិបត្តិអតិផរណាដែរ ឬយ៉ាងណា?

ព័ត៌មាន
វិស័យអាកាស បានរងទុក្ខខ្លាំងជាងគេនៅជាង២ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិកូវីដ១៩ ប៉ុន្ដែ នៅប៉ុន្មានខែចុងក្រោយនេះ វិស័យនេះ ហាក់មានការស្ទុះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ