ទេសចរណ៍សាំងហ្គាពួរ

សាំងហ្គាពួរបាត់ភ្ញៀវទេសចរប្រមាណ ២ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយសារតែឥទ្ធិពលវីរុសកូរ៉ូណា


ឥទ្ធិពលរីករាលដាលនៃវីរុសកូរ៉ូណា បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសសាំងហ្គាពួរយ៉ាងខ្លាំង ខណៈដែលក្នុងមួយថ្ងៃ ប្រទេសនេះបានបាត់ភ្ញៀវប្រមាណ ១,៨ម៉ឺននាក់ ទៅ ២ម៉ឺននាក់ក្នុងមួយថ្ងៃៗ។ នេះបើតាមការអះអាងរបស់អាជ្ញាធរទេសចរណ៍ក្រុងសាំងហ្គាពួរ។
សាំងហ្គាពួរបាត់ភ្ញៀវទេសចរប្រមាណ ២ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយសារតែឥទ្ធិពលវីរុសកូរ៉ូណា (រូបភាព៖ CNA)
ដោយ

នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍​ Bloomberg កាលពីពេល​ថ្មីៗនេះ លោក Keith Tan នាយកប្រតិបត្តិ​ក្រុមប្រឹក្សា​ទេសចរណ៍​សាំងហ្គាពួរ​បាន​និយាយថា ប្រទេសដីកោះមួយនេះ អាចនឹង​មាន​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ និង​ការចំណាយ​របស់ភ្ញៀវ ​​ប្រមាណ ២៥​% ទៅ ៣០% នៅឆ្នាំនេះ ដោយសារតែ​ការផ្ទុះរាលដាល​នៃវីរុសកូរ៉ូណា។ បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​សាំងហ្គាពួរ​ដដែលនេះ ឥទ្ធិពល​វីរុសកូរ៉ូណា គឺមានផលប៉ះពាល់ខ្លាំង​ជាង​ការរាតត្បាត​នៃ​ជំងឺសារសា (Sars) កាលពីឆ្នាំ ២០០៣ ទៅទៀត។

លោក Keith Tan បានិយាយថា «ប្រទេសសាំងហ្គាពួរ បាន​បាត់បង់ភ្ញៀវទេសចរ​ប្រហែល ១,៨ម៉ឺននាក់​ ទៅ ២ម៉ឺននាក់​ក្នុងមួយថ្ងៃៗ ​ ហើយតួលេខនេះ​អាចនឹងធ្លាក់ចុះ​ថែមទៀត ប្រសិនបើ​ស្ថានភាព​នៅតែបន្ត»។ លោក Tan បានបន្ដទៀតថា «សំឡេងស្រែកទ្រហោយំ​ខ្លាំងៗ ដែលខ្ញុំបានលើនៅពេលនេះ ពីវិស័យឧស្សាហកម្ម​ទេសចរណ៍​ទាំងមូល​ គឺស្រែកថា “ជួយផង”។ មាន​ភ័ស្ដុតាង​បញ្ជាក់ជាច្រើន​បង្ហាញថា អាជីវកម្ម​នានា​កំពុង​មាន​ការរីងស្ងួតហួតហែង។ ​»

ប្រទេសចិន ត្រូវបានដឹងថា មាន​ចំណែក​ ២០% នៃចំនួន​ភ្ញៀវទេសចរ​សរុប​របស់សាំងហ្គាពួរ និងជាប្រភព​ទេសចរ​ធំបំផុត បន្ទាប់ពី​ភ្ញៀវទេសចរ​ឥណ្ឌូនេស៊ី និងឥណ្ឌា។

មាន​មគ្គទេសក៍​ទេសចរ ជាង​១.៦០០ នាក់​កំពុង​ជួបបញ្ហាជីវភាព ដោយសារតែពួកគេពឹងផ្អែក​លើការ​ធ្វើការងារ​ក្រៅម៉ោង​មួយនេះ។

ភ្ញៀវ​ទេសចរ​មកពីប្រទេស​ជាច្រើន បាន​លើកពេល​ក្នុងការ​មកកម្សាន្ដ​នៅសាំងហ្គាពួរ ឬប្រទេស​ផ្សេងទៀត​នៅក្នុងតំបន់អាស៊ី ចំពេលដែល​វីរុសកូរ៉ូណា​កំពុងបន្ដរីករាលដាល។

រដ្ឋាភិបាល​កូរ៉េខាងត្បូង និងគុយវែត បាន​ប្រាប់ទៅកាន់ពលរដ្ឋខ្លួន​ ឲ្យកាត់បន្ថយ​ ឬពន្យារពេល​​ដំណើរ​ទៅកាន់សាំងហ្គាពួរ ក៏ដូចជា​ទៅកាន់​ប្រទេសផ្សេងទៀត​ក្នុងតំបន់។ 

មាន​ប្រហែល​ ១៦៣ លាន​នាក់ ជាភ្ញៀវទេសចរ​ជនជាតិ​ចិន បាន​ធ្វើដំណើរកម្សាន្ដ​នៅក្រៅប្រទេស​កាលពីឆ្នាំ២០១៨ ហើយមានប្រមាណ​ជាង ៣០% នៃការចំណាយ​ធ្វើដំណើរ​នៅទូទាំង​ពិភពលោក។​

សាំងហ្គាពួរ នៅឆ្នាំ២០២០នេះ ការព្យាករ​វិស័យទេសចរណ៍ អាចនឹងមាន​ការធ្លាក់ចុះច្រើន បើធៀបនឹង​ឆ្នាំមុន ដែលធ្លាប់មាន ១៩,១លាននាក់។ វិស័យទេសចរណ៍​សាំងហ្គាពួរ រកចំណូលបាន​ប្រមាណ ១៩,៥ពាន់​លាន​ដុល្លារអាមេរិក កាលពីឆ្នាំ២០១៩។

តាមរបាយការណ៍​របស់ ធនាគារ DBS Group Holdings Ltd បាន​ឲ្យដឹងថា ចំពោះការធ្លាក់ចុះចំនួន​​ភ្ញៀវទេសចរ​ ១លាននាក់ គឺស្មើនឹង​ការ​បាត់បង់ចំណូល​ប្រមាណជាង ៧២០ លាន​ដុល្លារអាមេរិក ។

ធនាគារ DBS បាន​គូសបញ្ជាក់ទៀតថា ការធ្លាក់ចុះ​នៃភ្ញៀវទេសចរ​នេះ អាចនឹង​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​សាំងហ្គាពួរ​ប្រមាណ​០,៥%។

សូមបញ្ជាក់ថា កាលពីអំឡុង​ផ្ទុះនូវជំងឺសា កាលពីឆ្នាំ២០០៣ សាំងហ្គាពួរ​បាន​ធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ​ប្រមាណ​១៨% ទៅ១៩%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រជាជនកម្ពុជាដុតលុយចោលជាង ២០០លានដុល្លាររៀងរាល់ឆ្នាំ ព្រោះបារី

ព័ត៌មាន
ប្រជាជនកម្ពុជាចំណាយប្រាក់ទិញបារីប្រមាណ ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងបានចំណាយលើការព្យាបាលជំងឺ ព្រមទាំងការបាត់បង់កម្លាំងពល​កម្ម…

បន្ទាប់ពីចិន តើប្រទេសមួយណានៅអាស៊ីរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែវីរុសកូរ៉ូណា?

ព័ត៌មាន
បញ្ហាជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូរ៉ូណា មិនត្រឹមតែបានសម្លាប់មនុស្សដោយផ្ទាល់នោះទេ វាបានបំភ័យមនុស្សទូទាំងសកលលោក នឹងជះឥទ្ធិពលដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ