សំណុំរឿង​បាត់​ខ្លួន​សកម្មជន​នយោបាយថៃ

បងស្រី​សកម្មជនថៃ​ដែលបាត់​ខ្លួន​ បាន​មកដល់​កម្ពុជាហើយ ដើម្បី​ចូល​បំភ្លឺ​នៅតុលាការ


អ្នកស្រី ស៊ីថានុន សាតសាក់ស៊ីត ដែលជា​បងស្រី​របស់​សកម្មជន​ថៃ​ដែលបាត់ខ្លួន​ខណៈ​កំពុងរស់នៅ​ដោយ​ភៀសខ្លួន​នៅក្រៅប្រទេស គឺ លោក វ៉ាន់ឆាឡឺម សាតសាក់ស៊ីត បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​ចូលខ្លួន​​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានីភ្នំពេញ ជុំវិញ​សំណុំ​រឿង​បាត់ខ្លួន​ប្អូនប្រុស​របស់​គាត់ ។ នេះ​បើ​យោងតាម​អង្គការ Amnesty International ។
រូបភាព​ឯកសារ​នៃ​ការតវ៉ា​នៅប្រទេសថៃ ជុំវិញ​ការបាត់ខ្លួន​នៃ​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម ។ រូបថត៖ គេហ​ទំព័រ Amnesty International ប្រចាំ​ប្រទេសថៃ។
ដោយ

យោងតាម​គេហ​ទំព័រ សារព័ត៌មាន PRACHATAIដែល​ចុះផ្សាយដោយ​ដកស្រង់​សម្ដី​របស់​នាយក​អង្គការ Amnesty International ប្រចាំ​ប្រទេស​ថៃ អ្នកស្រី ស៊ីថានុន បាន​ធ្វើដំណើរតាមជើងហោះហើរ​មក​កាន់​កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ដើម្បី​ចូល​បំភ្លឺ​និងបង្ហាញ​ភ័ស្តុតាងជុំវិញ​ករណី​ចាប់ពង្រត់​លោក វ៉ាន់ឆាឡឺម ដែលជាប្អូនប្រុស​របស់គាត់ នៅចំពោះ​មុខ​តុលាការ​កម្ពុជា ។ សវនាការ​នេះ គ្រោងធ្វើនៅថ្ងៃទី៨ ខែធ្នូ ។

អ្នកនាង ស៊ីថានុន ជា​បង​ស្រី​របស់​ វ៉ាន់ឆាឡឺម សាតសាក់ស៊ីត ​ដែល​បាត់​ខ្លួន ធ្លាប់​​បាន​​ប្រាប់​វិទ្យុ​ សំឡេង​សហរដ្ឋ​អាមេរិក (​VOA) ​ថា​ អ្នកស្រី​​នឹង​​ធ្វើ​ដំណើរមក​កម្ពុជា ដោយ​នាំ​​ក្រុម​មេធាវីរបស់​អ្នកស្រី​ដែល​ជា​ជនជាតិ​ថៃ​៣​នាក់​ មកជាមួយ ដើម្បី​​ផ្ដល់​​ភ័ស្តុតាង​​ដែល​​អ្នកស្រី​សង្ឃឹម​ថា​ នឹង​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បាត់​ខ្លួនប្អូន​ប្រុសក្នុង​ទីក្រុង​ភ្នំពេញ។

អ្នកស្រី​​បាន​ថ្លែង​ប្រាប់ VOA ​​ថា៖ «ពេល​វេលា​សម្រាប់​យុត្តិធម៌ គឺ​ពេល​នេះ។ ឧក្រិដ្ឋកម្ម ​គឺ​ជា​ឧក្រិដ្ឋកម្ម ហើយ​គ្មាន​នរណា​ម្នាក់​ អាច​នៅ​ពី​លើ​ច្បាប់​បាន​ទេ។" 

ពេល​វេលា​សម្រាប់​យុត្តិធម៌ គឺ​ពេល​នេះ។ ឧក្រិដ្ឋកម្ម ​គឺ​ជា​ឧក្រិដ្ឋកម្ម ហើយ​គ្មាន​នរណា​ម្នាក់​ អាច​នៅ​ពី​លើ​ច្បាប់​បាន​ទេ
— អ្នកនាង ស៊ីថានុន ជា​បង​ស្រី​របស់​ វ៉ាន់ឆាឡឺម សាតសាក់ស៊ីត

ដោយសារតែ​បញ្ហា​ជំងឺរាតត្បាត​កូវីដ-១៩ ការហោះហើរ​ពីថៃ​មក​កម្ពុជាមានតែ​មួយ​ជើង​ប៉ុណ្ណោះ​ក្នុង​មួយខែ ដូច្នេះ អ្នកស្រី​ ស៊ីថានុន ត្រូវ​ធ្វើ​ដំណើរមក​កម្ពុជា​មុន​កាលបរិច្ឆេទ​កំណត់​នៃសវនាការ​រ​បស់តុលាការ ស្ទើរតែមួយខែ ។

សេចក្ដីថ្លែងការណ៍របស់​អង្គការ Amnesty International ប្រចាំ​ប្រទេស​ថៃ និយាយថា "យើង​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាលកម្ពុជា​និងរដ្ឋាភិបាលថៃ ដែល​បាន​ជួយសម្រួល​ក្នុងការចេញ​ទិដ្ឋាការ​ពិសេស​ដល់​បងស្រី​របស់​ វ៉ាន់ឆាឡឺម សាតសាក់ស៊ីត និង​ក្រុម​មេធាវីរបស់អ្នកស្រី ដើម្បី​ធ្វើ​ដំណើរ​មក​កម្ពុជា ចូលរួមសវនាការ​តាមការ​កោះអញ្ជើញ​ពី​សាលាដំបូង​រាជធានីភ្នំពេញ ។"

អង្គការ Amnesty International ក៏នៅបាន​ជំរុញ​ឲ្យ​អាជ្ញាធរ​នៃប្រទេស​ទាំងពីរ ផ្ដល់​ការការពារ​សន្តិសុខ​ដល់​បងស្រី​របស់​ វ៉ាន់ឆាឡឺម និង​ក្រុម​មេធាវីរបស់អ្នកស្រី ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ផងដែរ ។ 

លោក វ៉ាន់ឆាឡឺម  គឺ​ជា​សកម្ម​ជន​ប្រជា​ធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់​ ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​យោធា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ប្រាយុទ្ធ ចាន់អូចា។ សេចក្ដីរាយការណ៍នានា សរសេរ​ថា សកម្ម​ជន​នយោបាយថៃ​រូប​នេះ​បាន​បាត់​ខ្លួន​ បន្ទាប់ពី​ត្រូវ​ជន​មិនស្គាល់​មុខ​មួយក្រុម​បានចាប់​រូប​លោក​ចូល​ក្នុង​រថយន្ត នៅខាងក្រៅ​អគារ​ខុនដូ​មួយកន្លែង នៅក្នុងទីក្រុង​ភ្នំពេញ ។ 

រហូត​មកដល់ពេលនេះ គឺជាង​ ៥ខែ​ហើយ បន្ទាប់ពី​ការ​បាត់ខ្លួន​របស់​លោក វ៉ាន់ឆាឡឺម ។

ប៉ុន្តែ ទោះ​ជា​យ៉ាងណា លោក ​ឆាយ គឹម​ខឿន ​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​ និង​​​ជា​អ្នក​នាំពាក្យ​ ធ្លាប់​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​កម្ពុជា ​មិន​ទាន់​មាន​ភស្តុតាង ​ឬ​តម្រុយណា​មួយ ​ដែល​បញ្ជាក់​លើ​ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នោះ ​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ទេ៕




អត្ថបទបន្ទាប់


ទៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​គោ​យកទឹក​ដោះមួយ​ ដែល​បំប្លែង​លាមក​គោ​ទៅជា​ឧស្ម័ន​សម្រាប់​រថយន្តដឹកជញ្ជូន​របស់ខ្លួន

ព័ត៌មាន
ដូច​អាជីវកម្ម​ធំៗ​ជាច្រើន​ដែរ ក្រុមហ៊ុន​ទឹកដោះគោ អាឡា ហ៊្វូដ (Arla Foods) មាន​ផែនការ​ដ៏​មហិច្ឆតា​មួយ​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស្ម័…

ទីបំផុត លោក ត្រាំ ទទួលស្គាល់ជាសាធារណៈ​ហើយ ថាលោក បៃដិន បាន​ឈ្នះ​ការបោះឆ្នោត

ព័ត៌មាន
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សារភាព​ជា​សាធារណៈ​ជាលើកដំបូង ថា លោក ចូ បៃដិន បាន​ឈ្នះ​ការបោះឆ្នោត ដែល​ការសារភាពនេះ​ធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ