គន្លឹះជោគជ័យ-ភាព​ជា​អ្នកដឹកនាំ

ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​មាន​ឥទ្ធិពល ត្រូវ​កសាង​អំណាច​ទាំង​៦​នេះ


តើ​អ្នក​កំពុង​មាន​តួនាទី​ជា​អ្នក​ដឹកនាំ​មែន​ទេ? តើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដែល​មាន​ឥទ្ធិពល​មួយ​រូប​ដែរ​ឬ​ទេ? បើ​អ្នក​កំពុង​មាន​ចំណាប់​អារម្មណ៍​ក្នុង​ផ្នែក​នេះ​មែន នោះ​អ្នក​បាន​ស្វែងរក​ឃើញ​អត្ថបទ​ដ៏​មាន​ប្រយោជន៍​​មួយ​សម្រាប់​អ្នក​ហើយ។
បណ្ឌិត សំ ហេង អគ្គនាយក​​ក្រុមហ៊ុន Sam Business Group Co., Ltd.។
ដោយ

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ខេមបូណូមីស លោក​បណ្ឌិត សំ ហេង អគ្គនាយក​ក្រុមហ៊ុន សំ ប៊ីសីនេស ហ្រ្គូប ហេរ៉ូបេប៊ី របស់ស្វ៊ីស និង​ក្រុមហ៊ុន ឡេឡាក់ ​បារាំង ដែល​មាន​បទ​ពិសោធន៍​ចាស់​ទុំ​ក្នុង​ការ​ដឹកនាំ​ផ្នែក​ធុរកិច្ច បាន​​ចែក​​រំលែក​នូវ​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឲ្យ​មនុស្ស​ទទួល​បាន​ជោគ​ជ័យ និង​ឈាន​ទៅ​រក​ភាព​ជា​អ្នក​ដឹកនាំ​ដែល​មាន​ឥទ្ធិពល ឬ​អ្នក​ដឹកនាំ​ដែល​មាន​គេ​គោរព​ឲ្យ​តម្លៃ។ 

តាម​រយៈ​ការ​សិក្សា និង​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​របស់​លោក​ផ្ទាល់ លោក​បាន​រក​ឃើញ​ថា ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ជោគជ័យ និង​មាន​អ្នក​ដទៃ​ឲ្យ​តម្លៃ ចាំបាច់​ត្រូវ​កសាង​នូវ​អំណាច​សំខាន់ៗ ៦​យ៉ាង រួម​មាន៖

១. អំណាច​នៃ​ចំណេះដឹង

«ចំណេះ​ជា​អាហារ ប្រាជ្ញា​ជា​អាវុធ» ឬ «ចំណេះ​ជា​ទ្រព្យ​ដែល​ចាយ​មិន​ចេះ​អស់ ចាយ​ច្រើន​កើន​ច្រើន» គឺ​ជា​សុភាសិត​ខ្មែរ ដែល​មាន​តាំង​ពី​បុរាណ​កាល​មក តែ​នៅ​តែ​មាន​ឥទ្ធិពល​សម្រាប់​ប្រើ​ប្រាស់​លើ​កាលៈទេសៈ​​បច្ចុប្បន្ន។ 

តាម​​សុភាសិត​ទាំង​ពីរ​នេះ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា មនុស្ស​មិន​អាច​រស់​ដោយ​គ្មាន​ចំណេះដឹង​បាន​ឡើយ។ កាលណា​អ្នក​មាន​ចំណេះដឹង​ជ្រៅ​ជ្រះ នោះ​អ្នក​នឹង​អាច​ដឹកនាំ​ខ្លួន​ឯង​បាន​ល្អ មាន​វិចារណ​ញ្ញាណ ដែល​អាច​​មាន​សមត្ថភាព​មួយ​ភាគ​ក្នុង​ការ​ឈាន​ទៅ​ដឹកនាំ​អ្នក​ដទៃ​បាន។ 

ចំណេះដឹង​នេះ​ទៀត​សោត ក៏​ត្រូវ​មាន​ការ​រៀន​បន្ថែម​ជានិច្ច ដូច​គ្នា​ទៅ​នឹង​គំនិត​របស់​អ្នក​ប្រាជ្ញ មហា​ត្មិះ​គន្ធី ដែល​បាន​លើក​ឡើង​ថា «បើ​រៀន រៀន​ឲ្យ​ដូច​គ្មាន​ថ្ងៃ​ស្លាប់ បើ​រស់ ត្រូវ​រស់​ឲ្យ​ដូច​គ្មាន​ថ្ងៃ​ស្អែក» ពោល​គឺ ជីវិត​​មនុស្ស​កើត​មក​គឺ​ត្រូវតែ​រៀន​ជានិច្ច រៀន​ពី​សាលា រៀន​ពី​មិត្ត​ភក្ដិ និង​រៀន​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន និង​ត្រូវ​ប្រើប្រាស់​ពេល​វេលា​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។

២. អំណាច​នៃ​អត្តចរិត និង​ចិត្ត​គំនិត

មាន​តែ​ចំណេះដឹង រៀន​បាន​ខ្ពង់​ខ្ពស់​តែ​មួយ​មុខ​នៅ​មិន​គ្រប់គ្រាន់​នោះ​ទេ ប្រសិន​បើ​អ្នក​មិន​មាន​អត្តចរិត​ល្អ ឲ្យ​គេ​គោរព​និង​ឲ្យ​តម្លៃ​នោះ។ អ្នក​ជោគជ័យ​និង​មហា​សេដ្ឋី​ភាគ​ច្រើន តែង​ឲ្យ​តម្លៃ​មនុស្ស​ខ្ពស់​បំផុត​លើ​ផ្នែក​​អត្តចរិត​នេះ​ឯង តួយ៉ាង​លោក Steve Jobs, Jack Ma, Bill Gates ជាដើម។ ក៏​ធ្លាប់​មាន​ផង​ដែរ សៀវភៅ​ដែល​សរសេរ​ថា ភាព​ជោគជ័យ ឬ​បរាជ័យ​របស់​មនុស្ស គឺ​អាស្រ័យ​លើ​អត្តចរិត និង​ចិត្ត​គំនិត​របស់​បុគ្គល​នោះ។ ដូច​ទៅ​នឹង​ប៉េង​ប៉ោង​ហោះ​ដូច្នេះ​ដែរ គឺ​មិនមែន​អាស្រ័យ​លើ​រូបរាង​និង​ពណ៌​របស់​វា​នោះ​ទេ តែ​វា​អាស្រ័យ​លើ​ខ្យល់​ដែល​មាន​នៅ​ខាង​ក្នុង​វា។ 

លោក​​បណ្ឌិត សំ ហេង បាន​លើក​ឡើង​ដែរ​ថា ដើម្បី​អាច​បង្កើត​នូវ​អត្តចរិត​ល្អ​ដើម្បី​ឈាន​ទៅ​ធ្វើ​ជា​អ្នក​ដឹកនាំ​ឆ្នើម​បាន អ្នក​ចាំបាច់​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ ឬ​គោលការណ៍​សម្រាប់​ដឹកនាំ​ខ្លួន​សិន។ ប្រសិន​បើ​អ្នក​មិន​​អាច​ដឹកនាំ​ខ្លួន​ឯង​បាន​ទេ នោះ​អ្នក​ក៏​មិន​អាច​ទៅ​ដឹកនាំ​អ្នក​ដទៃ​បាន​ដែរ។ ជារួម គឺ​ក្នុង​នាម​ជា​មេដឹកនាំ​គំរូ​ម្នាក់ អត្តចរិត ឫកពារ និង​សម្ដី​សម្ដៅ ត្រូវ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ម៉ត់ចត់ នោះ​ទើប​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្រោម​ឱវាទ​ឲ្យ​តម្លៃ​និង​គោរព។ 

៣. អំណាច​នៃ​ការ​ទំនាក់ទំនង​និង​ប្រមូល​ផ្ដុំ​មនុស្ស​មាន​សមត្ថភាព

មនុស្ស​ពូកែ​មិនមែន​ពូកែ​ធ្វើ​តែ​ខ្លួន​ឯង​ម្នាក់​ឯង​​នោះ​​ទេ តែ​ជា​មនុស្ស​ដែល​អាច​អូសទាញ និង​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​ពូកែ​ផ្សេង​ទៀត​មក​ធ្វើការ​ជាមួយ​ខ្លួន​បាន។ សិល្បៈ​នៃ​ការ​ទំនាក់ទំនង គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​​សម្រាប់​បុគ្គល​ជោគជ័យ ជា​ពិសេស អ្នក​ដឹកនាំ​ពូកែ។

នៅ​ក្នុង​សម័យ​កាល​នេះ​ទៀត​សោត ការ​ទំនាក់​ទំនង​ល្អ គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​ក្នុង​ការ​ប្រតិបត្តិ​ជំនួញ។ ដើម្បី​អាច​អូស​ទាញ​មនុស្ស​ដែល​មាន​សមត្ថភាព និង​ស្មោះត្រង់ ​ឲ្យ​ចូលរួម​ក្នុង​បេសក​កម្ម​រួម​គ្នា​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​រួម វា​មិន​មាន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ។ ដូច្នេះ អ្នក​ដឹកនាំ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់ ទស្សន​វិស័យ និង​ចក្ខុ​វិស័យ​ច្បាស់​លាស់ ទើប​អាច​យក​ចិត្ត​បុគ្គល​មាន​សមត្ថភាព​ទាំង​នោះ​បាន។

៤. អំណាច​នៃ​បទ​ពិសោធន៍ និង​ភាព​ប៉ិន​ប្រសប់

មាន​ពាក្យ​មួយ​ឃ្លា​ថា ចំណេះដឹង​ដែល​បាន​មក​ហើយ តែ​មិន​បាន​យក​មក​អនុវត្ត​សោះ គឺ​ជា​ចំណេះដឹង​គ្មាន​បាន​ការ។ អ្នក​មិន​អាច​មាន​បទ​ពិសោធន៍​ល្អៗ​បាន​ទេ បើ​អ្នក​មិន​ហ៊ាន​សូម្បី​តែ​ចាប់ផ្ដើម​ធ្វើ​អ្វី​មួយ​សោះ ហើយ​អ្នក​ក៏​មិន​អាច​រក​ឃើញ​ភាព​ប៉ិន​ប្រសប់​ដែរ ប្រសិន​បើ​អ្នក​មិន​ហ៊ាន​ធ្វើ​ឲ្យ​ច្រើន ដើម្បី​ទទួល​បាន​បទ​ពិសោន៍​ច្រើន។ 

លោក​បណ្ឌិត សំ ហេង បាន​លើក​ឡើង​ថា បទ​ពិសោធន៍​អាច​កើត​ឡើង​បាន ដរាប​ណា​អ្នក​​ហ៊ាន​ចាប់​ផ្ដើម​ធ្វើ​នូវ​រឿង​អ្វី​មួយ ហើយ​ធ្វើ​វា​ទាល់តែ​ជោគ​ជ័យ​ដោយ​មិន​បោះបង់។ លោក​បាន​គូស​បញ្ជាក់​ថា រៀន​តាម​រយៈ​ការ​ធ្វើ (Learning By Doing) ទើប​អ្នក​អាច​ទទួល​បាន​បទ​ពិសោធន៍​ល្អ និង​ក្លាយ​ជា​បុគ្គល​ដែល​មាន​ភាព​ប៉ិន​ប្រសប់។

៥. អំណាច​នៃ​ដួង​ចិត្ត ឬ​វិញ្ញាណ​ទី៦

អំណាច​នៃ​ដួងចិត្ត គឺ​ជា​កម្លាំង​ស្នូល ឬ​ជំនឿ​ដ៏​មុត​មាំ​មួយ ដែល​មិន​អាច​ខ្វះ​បាន​ឡើយ ជា​ពិសេស នៅ​ពេល​ដែល​ជួប​បញ្ហា ពោល​គឺ​មាន​ភាព​ជឿជាក់​លើ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ និង​ជឿ​លើ​លទ្ធផល​ដែល​ខ្លួន​នឹង​ទទួល​បាន។ 

មាន​មនុស្ស​ជោគជ័យ​និង​អ្នក​ដឹកនាំ​កំពូល​ជា​ច្រើន សុទ្ធ​តែ​មាន​អំណាច​មួយ​នេះ ដោយ​មិន​ចុះ​ញ៉ម​នឹង​ឧបសគ្គ​ឡើយ និង​មាន​ស្មារតី​សុទិដ្ឋិនិយម​ខ្ពស់​ទៅ​លើ​រាល់​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ។ 

លោក​បណ្ឌិត សំ ហេង បាន​លើក​ឡើង​ថា នៅ​ពេល​បុគ្គល​ម្នាក់​មាន​អំណាច​នៃ​ចំណេះដឹង និង​បទ​ពិសោធន៍ នោះ​នឹង​ធ្វើ​ឲ្យ​អំណាច​នៃ​ដួងចិត្ត​របស់​ពួកគេ​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ក្លា។ លោក​ថា នៅ​ពេល​ជួប​បញ្ហា​ធំ វិធីសាស្ត្រ​ល្អ​ដើម្បី​ពង្រឹង​អំណាច​នៃ​ដួង​ចិត្ត គឺ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ដោយ​ការ​សម្មាធិ ជៀសវាង​ការ​សម្រេច​ចិត្ត​នៅ​ពេល​ខឹង។

៦. អំណាច​នៃ​កេរ្តិ៍​ឈ្មោះ និង​មុខងារ

សម្រាប់​អ្នក​ដឹកនាំ​ដែល​មាន​ឥទ្ធិពល កេរ្តិ៍​ឈ្មោះ ឬ​តំណែង ឬ​មុខងារ មិនមែន​ជា​គ្រឿង​លម្អ​នោះ​ទេ តែ​វា​ជា​កាតព្វ​កិច្ច ឬ​ទំនួល​ខុស​ត្រូវ ដូច្នេះ​វា​ត្រូវតែ​ទទួល​បាន​មក​តាម​រយៈ​ស្នាដៃ និង​ការ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​នូវ​ភារកិច្ច​របស់​បុគ្គល​ខ្លួន​ឯង ពោល​គឺ​មិន​មែន​ជា​ការ​លើក​បន្តុប។ 

បើសិន​ជា​អ្នក​ជះ​លុយ​ដើម្បី​បាន​អំណាច​ទាំង​អស់​នោះ ដោយ​ខ្លួន​ឯង​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់ នោះ​អ្នក​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ដែល​គេ​គោរព​ឲ្យ​តម្លៃ​នោះ​ឡើយ។ ហេតុ​នេះ ដើម្បី​ក្លាយ​ជា អ្នក​ដឹកនាំ​ឆ្នើម​ដែល​មាន​ការ​គាំទ្រ​គោរព​ស្រឡាញ់ អ្នក​ត្រូវ​សាង​ស្នាដៃ​ឲ្យ​បា​​នច្រើន​ដើម្បី​បន្សល់​នូវ​កេរ្តិ៍​ឈ្មោះ​ល្អ​សម្រាប់​អង្គភាព ឬ​សង្គម​ជាតិ​ទាំង​មូល ដូច​ពាក្យ​មួយ​ឃ្លា​ថា មនុស្ស​បាត់ កេរ្តិ៍​ឈ្មោះ​នៅ។ 

តាមរយៈ​ការ​បក​ស្រាយ​ខាង​លើ ខេមបូណូមីស សង្ឃឹម​ថា មិត្ត​អ្នក​អាន​នឹង​អាច​យក​ចំណុច​ទាំង​នេះ យក​ទៅ​សាក​ល្បង​អនុវត្ត ដើម្បី​កសាង​និង​ពង្រីក​សមត្ថភាព​ដឹកនាំ​របស់​ខ្លួន​បន្ថែម​ទៀត ហើយ​ ខេមបូណូមីស នឹង​ខិតខំ​ពាំនាំ​នូវ​គំនិត​ល្អៗ​ជាច្រើន​ទៀត​សម្រាប់​មិត្ត​អ្នក​អាន។ ដូច្នេះ សូម​បន្ត​តាមដាន​ទាំង​អស់​គ្នា!  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


iTsumo ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​តាក់ស៊ី Choice ខណៈ​ Uber ចូល​ទីផ្សារ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន​បច្ចេកវិទ្យា ITsumo Tec Co., Ltd. ដែល​​ជា​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​សម្រាប់​ការ​ហៅ​សេវា​តាក់ស៊ី ឈ្មោះ iTsumo ថ្មីៗ​នេ…

រដ្ឋាភិបាល​ប្រកាស​ទិញ​ផ្លូវ​​និង​ស្ពាន​លីយ៉ុងផាត់​មក​គ្រប់គ្រង​វិញ

ព័ត៌មាន
ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ ដើម្បី​ដោះស្រាយ​នូវ​ការ​លំបាក​និង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន ពិសេស សម្រួល​ដល់​ការ​ធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ