សមយុទ្ធអាម៉េរិក-កូរ៉េខាងត្បូង

កូរ៉េខាងត្បូង និងអាមេរិក បន្តការហ្វឹកហ្វឺនវិស័យយោធាសំខាន់ៗរួមគ្នាឡើងវិញ ក្រោយផ្អាកអស់មួយរយៈធំ


កូរ៉េខាងត្បូងមួយរយៈកន្លងមកនេះ ខិតខំពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួនកាន់តែខ្លាំងឡើងៗ ខណៈពិភពលោកកំពុងអង្រួនរង្គោះរង្គើ ដោយសារតែសង្គ្រាមឆាបឆួលរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយកូរ៉េខាងជើង ដែលជាគូរសត្រូវជាប់របងគ្នា កំពុងសម្ងែងឫទ្ធិនូវអាវុធមីស៊ីលទំនើបៗ ព្រមទាំងមានផែនការសាកល្បងអាវុធនុយក្លេអែរឡើងវិញផងដែរ។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកសមយុទ្ធយោធារួមគ្នាឡើងវិញ!

យ៉ាងណាមិញ ថ្មីៗនេះ កូរ៉េខាងត្បូង ក៏ទើបរតែបាន​ផលិត និងសាកល្បងដោយជោគជ័យ​នូវ​យន្ដហោះចម្បាំង​ដ៏ទំនើប​លើកដំបូង​របស់ខ្លួនផងដែរ ខណៈដែល​ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះក៏បានប្រកាស​ពីផែនការ​បន្តការហ្វឹកហ្វឺនយោធាផ្ទាល់ឡើងវិញរវាង​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បន្ទាប់ពី​ត្រូវបានផ្អាកជាយូរមកហើយក្នុងអំឡុង​ពេលធ្វើសមយុទ្ធយោធារួមគ្នា។ ការពង្រឹងវិស័យយោធារវាងប្រទេសទាំងពីរនេះគឺ មិនមានអ្វីក្រៅតែពីការបង្ហាញសាច់ដុំ​ប្រាប់ទៅទីក្រុងព្យុងយ៉ាង សម្រាប់​ការឆ្លើយតបទប់ស្កាត់កម្មវិធីអភិវឌ្ឍ​អាវុធនុយក្លេអ៊ែ និងមីស៊ីលផ្សេងៗទៀតរបស់រដ្ឋផ្តាច់ការមួយនេះនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។​

មែនទែនទៅ កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តដ៏សំខាន់មួយ​របស់អាមេរិក​ក្នុងតំបន់អាស៊ីបូព៌ា​ចាប់តាំងសង្គ្រាមលោកលើកទី២ មក។ ហើយប្រទេសទាំងពីរ​នឹងចាប់ផ្តើម​សមយុទ្ធ នៅរដូវក្តៅប្រចាំឆ្នាំ​របស់ពួកគេ​នៅខែក្រោយនេះ បន្ទាប់ពីប្រធានាធិបតី​កូរ៉េខាងត្បូង លោកយូន សុខយួល (Yoon Suk-yeol) ដែលបានចូលកាន់តំណែងកាលពីខែឧសភា បានប្តេជ្ញាថា នឹងធ្វើឱ្យមានសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិកវិញ ក្នុងការប្រឆាំងនឹងកូរ៉េខាងជើងតែម្តង។

រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោកលី យង់សិប (Lee Jong-sup) បានប្រាប់អ្នកយកព័ត៌មានថា «យើងគ្រោងនឹងរៀបចំការហ្វឹកហាត់ក្រុមវាយប្រហារ​តាមអាកាស​រួមបញ្ចូលគ្នាជាមួយអាមេរិក និងសមយុទ្ធសម្រាប់ប្រតិបត្តិការ​វាយប្រហារតាមផ្លូវទឹកទ្រង់ទ្រាយធំផងដែរ»។

ជាការពិត​ ភាគីទាំងពីរបានកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយសារការរាតត្បាតជំងឺកូវីដ១៩ និងខំបំពេញចិត្តកូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយ​ភាពតានតឹងនៅឧបទ្វីបកូរ៉េ។

យ៉ាងណាមិញ ការបំពេញចិត្តទីក្រុងព្យុងយ៉ាងនោះ មិនបានធ្វើឲ្យរដ្ឋផ្តាច់ការមួយនេះ បោះបង់មហិច្ឆតានុយក្លេអ៊ែរ​របស់ខ្លួនឡើយ ផ្ទុយទៅវិញប្រទេសនេះ​កាន់តែផ្គើនបន្ថែមទៀត ដោយបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ក៏ដូចជាបង្កើនការផលិតអាវុធនុយក្លេអ៊ែរផងដែរ​នៅប៉ុន្មានខែថ្មីៗនេះ។

ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ហើយត្រូវបានគេជឿថា កំពុងរៀបចំសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួនផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន សុខយួល (Yoon Suk-yeol) បាននិយាយថា «ទីក្រុងព្យុងយ៉ាងអាចបន្តសាកល្បង​បែបនេះជាថ្មី នៅពេលណាក៏បាន ព្រោះគ្មាន​អ្នកណាហាម​ឃាត់​បានទេ»។

ដូច្នេះហើយ ដើម្បីទប់ទល់​នឹងការគម្រាមកំហែង ដែលក្បែរនឹងរបបផ្ទះនេះ​ ក្រសួងការពារជាតិកូរ៉េខាងត្បួង​បាននិយាយថា ខ្លួននឹងខិតខំប្រឹង​ប្រែង​ឱ្យអស់​ពីសមត្ថភាព​ក្នុងធ្វើការពង្រីក និងពង្រឹង​នូវសមត្ថភាពប្រព័ន្ធបាញ់​កម្ទេចមីស៊ីល ព្រមទាំងដាក់ពង្រាយប្រព័ន្ធរ៉ាដាស្ទាក់ចាប់មីស៊ីលលើអាកាសដ៏ទំនើបរបស់ខ្លួនផងដែរ៕




អត្ថបទបន្ទាប់


ទីផ្សារផលិតផលកញ្ឆារបស់ថៃ នឹងកើនឡើងរហូតដល់ជាង១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

ព័ត៌មាន
ក្រោយពី បានបើកឲ្យមានការដាំដុះដំណាំកញ្ឆាដោយស្របច្បាប់រួចមក ប្រទេសថៃ បានព្យាករថា ទីផ្សារលក់កញ្ឆារបស់ខ្លួន ត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល…

អ្នកជំនាញ៖ ឆ្នាំ២០២៥ ការផ្គត់ផ្គង់ខុនដូរនឹងមានជិត៨ម៉ឺនយូនីត ខណៈទីផ្សារនេះកំពុងចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋវ័យក្មេង

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យអះអាងថា ទីផ្សារខុនដូនៅកម្ពុជា នៅតែមានសកម្មភាពទិញលក់ជាហូរហែ ទោះបីជាស្ថិតនៅក្នុងបរិបទកូវីដ១៩ក្ដី ពោលគឺ អត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ