អ្នកលក់ដូរ​តូចតាច​នៅ​ផ្សារ​មួយនៅខេត្ត​កំពង់ធំត្អូញត្អែរ

អាជីវករ​តូចតាច​​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ជីវភាព ដោយសារជំងឺ​​កូវីដ-១៩


(ខេត្តកំពង់ធំ)៖ អ្នកលក់ដូរ​ក្រៅ​ប្រព័ន្ធ​មួយចំនួន​នៅ​ក្នុង​ផ្សារ​រំលង ក្នុង​ស្រុក​តាំងគោក ខេត្ត​កំពង់ធំ កាលពី​ពេលថ្មីៗ​នេះ បាន​​ត្អូញត្អែរ​​ថា អាជីវកម្ម​ពួកគាត់​​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង បន្ទាប់ពី​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ចូល​ដល់​ក្នុង​​សហគមន៍ ដែល​ពេល​នេះ​បាន​ចម្លង​ដល់​មនុស្ស ៤០​នាក់​ហើយ ។
អ្នកស្រី លឿង រី អាយុ ៦០​ឆ្នាំ ជា​អាជីវករ​លក់ដូរ​ថ្នាំជក់និងម្លូ​ស្លា នៅ​ផ្សារ​រំលង ខេត្ត​កំពង់ធំ ។
ដោយ

អ្នកស្រី លឿង រី អាយុ ៦០​ឆ្នាំ ដែល​ជា​អាជីវករ​លក់​ដូរ​ថ្នាំជក់ និង​ម្លូ-ស្លា ហើយ​​ក៏​ជា​អ្នក​រង​ផល​ប៉ះពាល់​ខ្លាំង​នៅ​ក្នុង​ផ្សារ​រំលង​នេះ បាន​និយាយ​ថា តាំងពី​មាន​ការរីករាលដាល​ជំងឺ​កូវីដ-១៩​មក ចំណូល​ពី​ការលក់ដូរ​ពុំសូវ​បាន​ដូច​មុន​នោះ​ទេ ដោយសារ​ពុំសូវ​មាន​អ្នក​ទិញ ហើយ​អ្នក​ស្រី​ក៏​បានបង្ខំ​ចិត្ត​​កាត់​បន្ថយ​ចំណាយ​ចាយ​វាយ​ផ្សេងៗ លើ​ការហូប​ចុក និង​លើ​ការចាយវាយ​របស់​កូនចៅ នៅ​ក្នុង​គ្រួសារ​របស់​អ្នកស្រី ផង​ដែរ ។

អ្នកស្រី លឿង រី និយាយ​ដូច្នេះ​ថា៖ «របរ​ដូច​ខ្ញុំ​ ជួន​ក៏​លក់​ដាច់ ជួន​ក៏​អត់​ទៅ ដល់​មាន​បញ្ហា​ជំងឺ​[កូវីដ-១៩]​អ៊ីចឹង​ទៅ រក​លុយ​មួយ​ម៉ឺន​ជាង​មិន​ចង់​បាន​ផង ថ្ងៃ​ហ្នឹង»។

អ្នក​ជំងឺ​កូវីដ-១៩ ដែល​បាន​រក​ឃើញ​វិជ្ជមាន​បន្ទាប់​ពី​មាន​ការ​ពាក់ព័ន្ធ​នឹង​«ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា» មាន​ចំនួន ៤០នាក់ គិតត្រឹមថ្ងៃទី១១ ខែធ្នូ ខណៈ​ដែល​ក្រសួង​មហាផ្ទៃ សាលារៀន​មួយ​ចំនួន កន្លែង​ហាត់​កីឡា និង​ផ្សារ​មួយ​ចំនួន ត្រូវ​បាន​បិទ​បណ្តោះអាសន្ន ដើម្បី​បង្ការ​ការរីករាលដាល​កាន់​តែខ្លាំង ។

អាជីវករ​នៅ​ផ្សារ​រំលង ខេត្ត​កំពង់ធំ ។

អ្នកស្រី លឿង រី បាន​បន្ត​ថា ចំណូល​ដែល​គាត់​រក​បាន​មិន​អាច​ផ្គត់ផ្គង​ទៅ​លើ​គ្រួសារ​គ្រប់​ឡើយ ហើយ​ចំណូល​ពី​ប្តី​ដែល​ជា​កម្មករ​សំណង់​គ្រាន់​ជួយ​ទប់ទល់ ។

អ្នកស្រីបាន​និយាយ​ថា៖ «ពេល​ខ្លះ ខ្ញុំ​រក​មិន​បាន ក៏ត្រូវ​យក​លុយ​ពី​ផ្ទះ​ដែល​ប្ដី​រកបាន​ពី​ការធ្វើ​សំណង់​មក​ចំណាយ​វិញ​ក៏មាន និង​ត្រូវ​ដាំ​បបរ​​ហូប​​ដោយសារ​មិន​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ទិញ​ចំណី​ខាងក្រៅ»។

អ្នកលក់​ដូរត្រី​ម្នាក់​ទៀត​ក្នុង​ផ្សារ​រំលង​នេះ​ដែរ គឺអ្នកស្រី វន សុខមាន អាយុ ៤៥ឆ្នាំ បាន​និយាយ​ប្រាប់​ Newsroom Cambodia ថា កាលពី​មិន​ទាន់​មាន​ការផ្ទុះជំងឺ​កូវីដ-១៩​នេះ គាត់​លក់​ត្រី​ដាច់​រហូត​ដល់​មួយ​រយ​គីឡូក្រាម និង​ពេលខ្លះ បាន​ដល់ទៅ​ពីរ​រយ​គីឡូ ប៉ុន្តែ ពេលឥឡូវ​នេះ ត្រឹមតែ ៣០-៤០​គីឡូក្រាម ក៏​លក់​មិន​អស់ផង ។

អ្នកស្រី វន សុខមាន និយាយ​ថា ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពីការលក់ត្រី​របស់​លោកស្រី​ពីមុន គឺ​បាន​រហូត​ដល់​ជាង​មួយ​លានរៀល ប៉ុន្តែ មកទល់​ពេល​នេះ ប្រាក់​ចំណូល​របស់​អ្នកស្រី​​បាន​ធ្លាក់​ចុះ​មក​ត្រឹម​តែ ហាសិប​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ជួនកាល មិន​បាន​ដល់​ប៉ុណ្ណឹង​ផង ។

អ្នកស្រី​បាន​និយាយ​ថា ៖ «ត្រី​ដែល​លក់​សល់ ត្រូវ​យក​មក​ផ្ទះ​វិញ ហើយ​វា​ត្រូវ​ខាត​ដើម​ទៀត​ផង» ។

ចំណែក​​អាជីវករ​លក់​បន្លែ​និង​គ្រឿង​ទេស​ម្នាក់​​ទៀត គឺ​អ្នកស្រី មឿង គឿន អាយុ ៦១ឆ្នាំ ក៏​បាន​និយាយ​ស្រដៀង​គ្នា​ដែរ​ថា ការលក់ដូរ​ត្រូវ​បាន​រងផលប៉ះ​ពាល់​​ដូចគ្នា ដែល​ពីមុន គាត់​លក់​ដាច់​ រក​ចំណូល​បាន​ចន្លោះពី ដប់ម៉ឺនរៀល ទៅ ដប់ពីរម៉ឺនរៀល ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ មក​ទល់​ពេល​នេះ បាន​ធ្លាក់​ចុះ​មក​ត្រឹមតែ​ ប្រាំមួយ ទៅ ប្រាំពីរ​ម៉ឺន​រៀល ក្នុង​មួយ​ថ្ងៃ តែ​ប៉ុណ្ណោះ ។ 

លោក ហាក់ ម៉ុងហួត ដែល​ជា​អភិបាល​ស្រុក​តាំងគោក បាន​និយាយ​បែប​សម្រាល​ថា ផល​ប៉ះពាល់​ពី​កូវីដ​នៅមូលដ្ឋាន​របស់​គាត់​មាន​លក្ខណៈ​ស្រាល ។

លោកអភិបាល​ស្រុក​បាន​ប្រាប់ Newsroom Cambodia តាម​ទូរសព្ទ​ថា បញ្ហា​ប៉ះពាល់​ដល់​អាជីវករ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​សព្វថ្ងៃ​នេះ ដូចជា​មិន​មាន​ជា​ផលប៉ះពាល់​ខ្លាំង​អ្វី​នោះ​ទេ គ្រាន់​តែ​វា​មាន​ការធ្លាក់ចុះ​ ការលក់​ពុំ​សូវ​ដាច់​បន្តិច​ដែរ ។ 

លោក​អភិបាល​ស្រុក​តាំងគោក បាន​និយាយ​ដូច្នេះថា «ខ្ញុំ​ដូច​ជាមិនបាន​ឃើញ​ថា​ការប៉ះពាល់​នេះ​ធ្ងន់ធ្ងរ​ខ្លាំង​អី​នោះទេ បើនិយាយ​ឱ្យ​អាក្រក់​បន្តិច​នោះ គ្រាន់តែ​ពួកគេ​បាន​កាត់​បន្ថយ​ទៅ​លើការចំណាយ​មិន​ចាំបាច់​របស់​ពួកគេ​តែ​ប៉ុណ្ណោះ» ៕

សេន តុលា ជាសិក្ខាកាមសារព័ត៍មាននៅ Newsroom Cambodia




អត្ថបទបន្ទាប់


សិង្ហបុរី អនុម័តសម្រេចឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង BioNTech

ព័ត៌មាន
រដ្ឋាភិបាល​សិង្ហបុរី តាមរយៈ​អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) បានសម្រេចអនុម័តឲ្យ​ប្រើប្រាស់ថ្នាំវ៉ាក់សាំងការពារ​កូវីដ-១៩ ដែលផលិតដោយក្…

នាយករដ្ឋមន្ត្រីកម្ពុជាថា វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវ​ចាក់ជូនប្រជាជន ១៣លាននាក់ ស្មើនឹង៨០% នៃប្រជាជនសរុប

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា នៅរយៈពេលដំបូងនេះ កម្ពុជានឹងទិញវ៉ាក់សាំងសម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ