ធនាគារ SME និងសមាគមស្វាយចន្ទី ចាប់ដៃគ្នាលើកស្ទួយវិស័យកែច្នៃស្វាយចន្ទី

ធនាគារ SME និងសមាគមស្វាយចន្ទី ចាប់ដៃគ្នាលើកស្ទួយវិស័យកែច្នៃស្វាយចន្ទីដើម្បីនាំចេញ


ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) រួមជាមួយសមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងលើកស្ទួយវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជា ក៏ដូចជា ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិ។
ធនាគារ SME និងសមាគមស្វាយចន្ទី ចាប់ដៃគ្នាលើកស្ទួយវិស័យកែច្នៃស្វាយចន្ទីដើម្បីនាំចេញ
ដោយ

ថ្នាក់ដឹកនាំធនាគារ SME បានកត់សម្គាល់ឃើញថា វិស័យ SME កាន់តែចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយការលើកកម្ពស់វិស័យកសិឧស្សាហកម្ម គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ ការចូលរួមរបស់ធនាគារ SME មិនត្រឹមតែលើកកម្ពស់វិស័យកសិឧស្សាហកម្មកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការនាំចេញគ្រាប់ស្វាយចន្ទីដែលកែច្នៃរួច ទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារ SME បានគូសបញ្ជាក់ថា គោលដៅរបស់ចម្បងរបស់ធនាគារ SME គឺជាការលើកកម្ពស់វិស័យ SME នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង ជាពិសេសជានិច្ចកាលធនាគារបានផ្ដល់ការយកចិត្តទុកខ្ពស់លើការជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម រួមទាំងការកែច្នៃដំណាំស្វាយចន្ទី ផងដែរ។ បើតាមបណ្ឌិត លឹម អូន រហូតមកដល់ពេលនេះ ទំហំឥណទានទូទៅសរុប ដែលធនាគារ SME បានផ្ដល់សម្រាប់ការគាំទ្រក្នុងវិស័យ SME ទាំងមូលមានចំនួនជិត ៤០០លានដុល្លារ។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ ធនាគារ SME គ្រោងនឹងបញ្ចេញថវិកាប្រមាណជាង ១០០លានដុល្លារ សម្រាប់ជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម ក្នុងនោះ រួមទាំងការកែច្នៃដំណាំស្វាយចន្ទីនៅកម្ពុជា ផងដែរ។ លោកបណ្ឌិត លឹម អូន បានសង្កត់ធ្ងន់ថា ជាយុទ្ធសាស្រ្តសំខាន់របស់ធនាគារ SME ទៅថ្ងៃអនាគត គឺផ្ដោតសំខាន់ទៅលើការកែច្នៃកសិឧស្សាហកម្មនៅកម្ពុជា ដោយលោកបញ្ជាក់ថា ទំហំថវិកាដែលគាំទ្រក្នុងវិស័យកសិឧស្សាហកម្ម នៅថ្ងៃខាងមុខ អាចមានប្រមាណជាង ៥០% នៃទំហំឥណទានសរុបរបស់ធនាគារ SME។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ បញ្ហាប្រឈមមួយចំនួនក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ហាក់មិនទាន់មានភាពធូរស្បើយ នៅឡើយទេ ជាពិសេសទាក់ទងនឹង កត្តាទីផ្សារ និងការកែច្នៃ តែម្ដង។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញក្ដីរំពឹងថា ការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្រាប់គាំទ្រក្នុងវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជា នឹងជួយលើកកម្ពស់វិស័យស្វាយចន្ទីនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។ ជាពិសេសនឹងកាន់តែជំរុញការនាំចេញគ្រាប់ស្វាយចន្ទីដែលកែច្នៃរួចទៅកាន់ទីផ្សារអន្តរជាតិ កាន់តែច្រើន ខណៈ កន្លងមក ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ភាគច្រើនគឺជាគ្រាប់ស្វាយចន្ទី ដែលមិនទាន់មានការកែច្នៃ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗ បានបង្ហាញមហិច្ឆតាចង់ប្រែក្លាយកម្ពុជាឲ្យក្លាយជាអធិរាជស្វាយចន្ទី ដែលមានសក្ដានុពលខ្ពស់ទាំងការផលិត និងនាំចេញគ្រាប់ស្វាយចន្ទីទៅលក់នៅលើទីផ្សារអន្តរជាតិ។ ការបង្ហាញមហិច្ឆតាបែបនេះ របស់សម្តេចតេជោ ធ្វើឡើងស្របពេលកម្ពុជាបានក្លាយជាប្រទេស ដែលផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេលើពិភពលោក ដែលមានចំណែកទីផ្សាររហូត២៤% នៃការផលិតគ្រាប់ស្វាយចន្ទីឆៅសរុបរបស់ពិភពលោក។ យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា នៅរយៈពេល ១ត្រីមាសដំបូង ឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមមានចំនួនប្រមាណជាង ២៣ម៉ឺនតោន ថយចុះជិត ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទឹកប្រាក់វិញការនាំចេញបីខែមកនេះមានប្រមាណ ៣២០លានដុល្លារ៕




អត្ថបទបន្ទាប់


លំនៅដ្ឋាន និងខុនដូ របស់ ជីប ម៉ុង លែន ផ្ដល់ជូនប្រម៉ូសិនពាក់កណ្ដាលឆ្នាំដ៏សម្បើមមិនធ្លាប់មាន

ព័ត៌មាន
ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាសម្រួលដល់អិតិថិជន ក្នុងការទិញផ្ទះដ៏កក់ក្តៅ អោយកាន់តែងាយស្រួល ក្រុមហ៊ុន ជីប ម៉ុង លែន បាននាំមកនូវ ប្រម…

ក្រុមហ៊ុនដំបូងគេមួយ ទទួលបានសិទ្ធិនាំចេញផលិតផលជលផលធម្មជាតិចំនួន១២មុខ ទៅកាន់ទីផ្សារចិន

ព័ត៌មាន
ក្រុមហ៊ុនដំបូងគេមួយក្នុងប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយចិនហើយ ដើម្បីនាំចេញផលិតផលជលផលធម្មជាតិសំខាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ