ធនាគារ SME

ធនាគារ SME រំពឹងគម្រោងហិរញ្ញប្បទាន ១៥០លានដុល្លារសម្រាប់អាជីវកម្មទេសចរណ៍ នឹងបញ្ចេញអស់នៅពាក់កណ្តាលឆ្នាំនេះ


ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា បើទោះបីជាមកដល់ពេលនេះ ល្បឿននៃការបញ្ចេញឥណទាននៃកញ្ចប់ថវិកា ១៥០លានដុល្លារជួយដល់អាជីវកម្មទេសចរណ៍ដែលរងគ្រោះដោយសារកូវីដ១៩ ហាក់នៅមានភាពយឺតយ៉ាវ បើធៀបនឹងគម្រោងមុនៗក្ដី ប៉ុន្តែធនាគារ SME ជឿជាក់ថា ទុនកម្ចីដែលនៅសល់ នឹងត្រូវបញ្ចេញអស់នៅពាក់កណ្តាលឆ្នាំ២០២៣។គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទំហំដើមទុនកម្ចី ១៥០លានដុល្លាររបស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានផ្ដល់កម្ចីទៅដល់អាជីវកម្មទេសចរណ៍មានចំនួន ២៩១ អាជីវកម្ម ដែលមានទំហំទឹកប្រាក់សរុបជាង ៤១លានដុល្លារ។
SME - building

ធនាគារសហគ្រាសធុនតូច និងមធ្យម ដែលជាធនាគាររដ្ឋ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាដៃគូចំនួន១៩ បានចាប់ផ្តើមទទួលសំណើសុំឥណទាន ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២មក ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដើម្បីស្ដារអាជីវកម្មទេសចរណ៍ដែលបានរងគ្រោះដោយសារវិបត្តិកូវីដ១៩។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារ SME បានផ្ដល់កម្ចីឥណទាន ដល់អាជីវកម្មទេសចរណ៍ចំនួន ២៩១ អាជីវកម្ម ដែលមានទំហំទឹកប្រាក់សរុបជាង ៤១លានដុល្លារ ស្មើនឹងជិត ២៨% នៃគម្រោងថវិកាសរុប ១៥០លានដុល្លារ។ ក្នុងនោះ ហិរញ្ញប្បទានផ្ដល់ទៅឲ្យអាជីវកម្មសណ្ឋាគារ មានចំនួន ២៦% អាជីវកម្មផ្ទះសំណាក់ ២៨% អាជីវកម្មភោជនីយដ្ឋាន ៣២% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍ ១៤%។ នេះបើតាមការរបាយការណ៍របស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានទទួលស្គាល់ថា ដំណើរការអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ពិតជានៅមានភាពយឺតយ៉ាវនៅឡើយ បើធៀបនឹងគម្រោងសហហិរញ្ញប្បទានមុនៗ។ មូលហេតុដែល គម្រោ នេះ មានការយឺតយ៉ាវ លោកបណ្ឌិត លឹម អូន បញ្ជាក់ថា គឺដោយសារកំណើនទេសចរបច្ចុប្បន្ននៅមានកម្រិតតិចតួច បើធៀបនឹងការរំពឹងទុករបស់រដ្ឋាភិបាល ជាពិសេសកំណើនភ្ញៀវទេសចរអន្តរជាតិមានកម្រិតទាបជាងការរំពឹងទុកពីមុនមក ដែលធ្វើឱ្យការសម្រេចចិត្តក្នុងការប្រើប្រាស់ទុន សម្រាប់ពង្រីកអាជីវកម្ម ឬការវិនិយោគ របស់អ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅមានភាពស្ទាក់ស្ទើរនៅឡើយ។

លោកបណ្ឌិត លឹម អូន បន្ថែមថា ទំនោរនៃការកើនឡើងការប្រាក់នៅពេលថ្មីៗនេះ ក៏ជាកត្តាមួយដែលធ្វើឱ្យការបញ្ចេញឥណទាននេះ មានភាពយឺតយ៉ាវផងដែរ ពោលគឺថ្លៃដើមនៃប្រភពទុនរបស់ធនាគារទាំងអស់មានការកើនឡើង ដែលធ្វើឱ្យការផ្តល់កម្ចីរបស់ពួកគាត់មានការប្រុងប្រយ័ត្ន និងមត់ចត់ក្នុងការអនុម័តឥណទាន ដោយសារការប្រាក់ដែលផ្តល់ឱ្យអតិថិជននៅក្នុងគម្រោងនេះ គឺជាការប្រាក់ពិសេស។ លើសពីនេះ សម្រាប់ធនាគារ វិស័យទេសចរណ៍ គឺត្រូវបានចាត់ទុកជាវិស័យមួយដែលមានហានិភ័យខ្ពស់ បើទោះបីជាមិនមានរងផលប៉ះពាល់ពីវិបត្តិអ្វីក៏ដោយ ជាធម្មតាក្នុងការផ្តល់ឥណទានទៅដល់វិស័យទេសចរណ៍នេះ គឺត្រូវការភាពលម្អិត មត់ចត់ និងតឹងរ៉ឹងរួចទៅហើយ បើធៀបទៅនឹងការផ្តល់ឥណទានទៅដល់វិស័យផ្សេងៗ ដែលជាហេតុធ្វើឱ្យការផ្តល់ឥណទាននេះមានកម្រិតយឺតយ៉ាវជាងគម្រោងមុនៗផងដែរ។

យ៉ាងណាក៏ដោយចុះ បណ្ឌិត លឹម អូន អះអាងថា ធនាគារ SME មានក្តីសង្ឃឹមខ្ពស់ថា គម្រោងដែលមានទំហំទឹកប្រាក់១៥០លានដុល្លារ នេះនឹងត្រូវបញ្ចេញទុនអស់នៅពាក់កណ្តាលឆ្នាំ២០២៣នេះ ពោលគឺ ធនាគារ SME ក៏ដូចជាដៃគូសហការផ្សេងទៀត បានពិភាក្សាគ្នាធ្វើយ៉ាងណាដើម្បីជំរុញល្បឿនក្នុងការបញ្ចេញឥណទានបន្ថែមទៀត ដូចជាការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនដល់អតិថិជនក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យការបញ្ចេញឥណទាននេះបានលឿនជាងមុន។

ជុំវិញបញ្ហានេះដែរ លោក ឌិន សុមេធារិទ្ធិ ប្រធានសមាគមសណ្ឋាគារកម្ពុជា យល់ឃើញថា តាមរយៈការផ្តល់សហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់សម្រាប់ជួយដល់ម្ចាស់អាជីវកម្មទេសចរណ៍ ពិសេសអាជីវកម្មសណ្ឋាគារនេះ សម្រាប់ឱ្យពួកគាត់ ដែលខ្វះខាតដើមទុន អាចបើកអាជីវកម្មរបស់ពួកគាត់ឡើងវិញ ក្រោយពីបានរងគ្រោះដោយសារវិបត្តិកូវីដ១៩។ ទោះយ៉ាងណា លោក ឌិន សុមេធារិទ្ធិ យល់ឃើញថា ម្ចាស់អាជីវកម្មមួយចំនួន ហាក់មិនបានស្នើសុំកម្ចីសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍នេះទេ ដោយសារម្ចាស់អាជីវកម្មខ្លះ ពួកគាត់មានដើមទុនគ្រប់គ្រាន់សម្រាប់បើកអាជីវកម្មគាត់ឡើងវិញដោយខ្លួនឯង ហើយអាជីវកម្មខ្លះទៀតពួកគាត់ខ្វះទ្រព្យបញ្ចាំសម្រាប់ស្នើសុំកម្ចីនេះ និងមួយចំនួនទៀតពួកគាត់បានស្នើសុំកម្ចីហិរញ្ញប្បទានពីគម្រោងមុនៗរួចមកហើយ។

សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ គម្រោងនេះទៀតសោត មានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈសហគ្រាសធុនតូចនិងមធ្យម និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ចំនួន៧៥លានដុល្លារ។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥% និងមានរយៈពេលរហូត ៧ឆ្នាំ៕




អត្ថបទបន្ទាប់


ថៃរំពឹងទេសចរបរទេសកើនដល់២០លាននាក់ក្នុងឆ្នាំ២០២៣ ខណៈឆ្នាំមុនសម្រេចបានកំណើនលើសគោលដៅ

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលទើបនឹងជាប់ឆ្នោតសម្រាប់អាណត្តិថ្មី បាននិយាយថា ប្រទេសថៃរំពឹងថាអាចស្រូបទាញភ្ញៀវបរទេសបានចំនួនជាង ២០លាននាក់ន…

ឥណទានមិនដំណើរការកើនឡើង ក្រោយផ្អាកយន្តការរៀបចំឥណទានឡើងវិញជូនអ្នករងគ្រោះ

ព័ត៌មាន
ក្រោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថផ្អាកយន្តការរៀបចំឥណទានឡើងវិញជូនអ្នករងគ្រោះដោយសារកូវីដ-១៩ កាលពីពាក់កណ្តាលឆ្នាំ២០២២មក ចំនួនឥណទានម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ