ធនាគារ SME ប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងការផ្តល់កម្ចីដល់ការដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទី

ធនាគារ SME ប្តេជ្ញាចូលរួមផ្តល់កម្ចីគាំទ្រដល់ការកែច្នៃគ្រាប់ស្វាយចន្ទី សម្រាប់ការនាំចេញ


ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យម(SME)បានចាត់ទុកការកែច្នៃគ្រាប់ស្វាយចន្ទីជាវិស័យអាទិភាពមួយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ដ្បិតការនាំចេញគ្រាប់ស្វាយចន្ទីឆៅ និងកែច្នៃរួចក្នុងមួយឆ្នាំៗមានតម្លៃខ្ទង់ពាន់លានដុល្លារ។ ជាមួយគ្នានេះថ្នាក់ដឹកនាំធនាគារ SME ប្តេជ្ញាថា ខ្លួននឹងចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រ និងផ្តល់ឥណទានដល់កសិករលើការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីរួមចំណែកជួយអភិវឌ្ឍ និងជំរុញកំណើននាំចេញឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ធនាគារ SME ប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងការផ្តល់កម្ចីដល់ការដាំដុះ និងកែច្នៃគ្រាប់ស្វាយចន្ទី
ដោយ

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូចនិងមធ្យមបានគូសបញ្ជាក់ថា ធនាគារ SME បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការផ្តល់កម្ចីដល់អ្នករកស៊ីក្នុងវិស័យ SME ក្នុងវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកែច្នៃផលិតផលកសិកម្មដែលជាវិស័យជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ ស្របពេលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើដំណាំស្វាយចន្ទីតាមរយៈការដាក់ចេញគោលនយោបាយជាតិស្តីពី«ស្វាយចន្ទី»ឆ្នាំ២០២២-២០២៧ ថ្នាក់ដឹកនាំធនាគារ SME ប្តេជ្ញាថា ធនាគារនឹងចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយនេះ តាមរយៈជំរុញកំណើនការផ្តល់ឥណទានដល់កសិករដែលកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ការដាំដុះ ក៏ដូចជាជំរុញកំណើននាំចេញឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ លោកបណ្ឌិត លឹម អូន ប្រាប់ឲ្យកសិករដែលចង់ពង្រីកការបើកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី តែខ្វះដើមទុនអាចទាក់ទងមកធនាគារ SME ដើម្បីទទួលបានការប្រឹក្សាយោបល់ និងកម្ចីសម្រាប់ពង្រីក និងទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន។

ទន្ទឹមនឹងការដាំដុះដំណាំស្វាយចន្ទីមានការរីកចម្រើន និងរីកដុះដាលខ្លាំង ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកជំនាញដាំស្វាយចន្ទីមួយរូបនៅកម្ពុជាកត់សម្គាល់ឃើញថា អ្នកដាំដំណាំស្វាយចន្ទីមួយចំនួនក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងតម្លៃគ្រាប់ស្វាយចន្ទី ជាពិសេសកង្វះដើមទុនតែម្តង។ អ្នកជំនាញរូបនេះអះអាងថា បច្ចុប្បន្នកសិករមួយចំនួនកំពុងត្រូវការដើមទុនសម្រាប់បន្តការដាំដុះ និងពង្រីកការដាំដំណាំស្វាយចន្ទី តែពួកគេជួបបញ្ហាក្នុងការទទួលបានឥណទានពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលកំពុងរឹតបន្តឹងក្នុងការផ្តល់កម្ចី ក្រោយទំហំឥណទានឯកជនមានការកើនឡើងខ្ពស់។ សម្រាប់ឯកឧត្តម វ៉ា រុតសាន កង្វះដើមទុនកំពុងក្លាយជាបញ្ហាប្រឈមធំមួយសម្រាប់ការអភិវឌ្ឍការដាំដុះដំណាំស្វាយចន្ទី ក៏ដូចជាជំរុញកំណើនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។

ជុំវិញនឹងដំណាំស្វាយចន្ទីនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថ្មីៗនេះថា កម្ពុជានឹងក្លាយជាប្រទេស ដែលមានការដាំដុះដំណាំស្វាយចន្ទីធំជាងគេលើពិភពលោកនាពេលអនាគត។ ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្រោយសម្តេចតេជោ ឃើញតួលេខផលិតគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបច្ចុប្បន្នមានខ្ពស់ជាងប្រទេសកូឌីវ័រ ដែលជាប្រទេសផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេលើពិភពលោករួចទៅហើយ។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ប្រទេសកូឌីវ័រផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ១លាន១សែនតោន តែកម្ពុជាអាចផលិតបានរហូតដល់ជាង១លាន១សែន៨ម៉ឺនតោនក្នុង១ឆ្នាំ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅលក់នៅទីផ្សារអន្តរជាតិសម្រេចបានជាង៦៧ម៉ឺនតោន គិតជាប្រាក់មានជាង១ពាន់លានដុល្លារអាមេរិក ថយចុះជាង៣៤%បើធៀបនឹងបរិមាណនាំចេញកាលពីឆ្នាំ២០២១។ គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាស្ទើរ១០០%នាំចេញទៅកាន់ទីផ្សារវៀតណាម ដែលមានប្រមាណជាង៦៦ម៉ឺនតោន។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបប្រមាណ៨០ម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

យ៉ាងណាមិញ តាមរយៈ គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ កម្ពុជាបានដាក់គោលដៅកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបាន២៥%នៃផលិតផលគ្រាប់ស្វាយចន្ទីសរុប សម្រាប់នាំយកទៅលក់នៅលើទីផ្សារអន្តរជាតិនៅត្រឹមឆ្នាំ២០២៧៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី លី ហួរ អ៊ីនសួរេន និង លី ហួរ លីស៊ីង បានចូលរួមក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន»

ព័ត៌មាន
ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី លី ហួរ អ៊ីនសួរេន និង លី ហួរ លីស៊ីង បានចូលរួមក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន»…

ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីរបស់កម្ពុជានៅតែកើនខ្ពស់ ទោះការនាំចេញទំនិញសរុបថយចុះក្ដី

ព័ត៌មាន
ទោះបីជា ការនាំចេញទំនិញជាច្រើនមុខរបស់កម្ពុជាមានការថយចុះ ក៏ពិតមែន ប៉ុន្ដែ សម្រាប់ការនាំចេញមុខទំនិញ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី គឺ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ